ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំរីព្រៃជាង ២០ក្បាល បង្ហាញខ្លួន នៅក្រោយសាលាស្រុកកែវសីមា ខេត្តមណ្ឌលគិរី

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ហ្វូងដំរីព្រៃជាង ២០ក្បាល បានបង្ហាញខ្លួន នៅក្រោយ​សាលាស្រុកកែវសីមា នាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ មហាជន បានចាប់អារម្មណ៍យ៉ាងខ្លាំងនឹងហ្វូងដំរីទាំងនោះ។…

ខេត្តមណ្ឌលគិរី៖ ហ្វូងដំរីព្រៃជាង ២០ក្បាល បានបង្ហាញខ្លួន នៅក្រោយ​សាលាស្រុកកែវសីមា នាល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។ មហាជន បានចាប់អារម្មណ៍យ៉ាងខ្លាំងនឹងហ្វូងដំរីទាំងនោះ។

​លោក នួន សារ៉ន អភិបាលស្រុកកែវសីមា បានឲ្យដឹងថា ហ្វូងដំរីព្រៃនេះ បានបង្ហាញខ្លួន ពីរបីថ្ងៃហើយ តែពួកវា មិនបានបង្កឲ្យ​មនុស្សណាម្នាក់ ភ័យខ្លាច ឬរងរបួសនោះទេ។ ប៉ុន្តែដំរីព្រៃ ដែលមាន​ទាំងញីទាំងឈ្មោលតូចធំទាំងនេះ វាបាន​នាំគ្នាស៊ី​ចេក ដំឡូង ដូង​របស់ប្រជាពលរដ្ឋនៅតាមចម្ការមួយចំនួន។

ក្រសួងបរិស្ថាន បានលើកឡើងថា ដំរីព្រៃមួយហ្វូងនេះ​ មានចំនួន​ជាង ១០ ក្បាល បានមកផឹកទឹក នៅក្រោយសាលាស្រុកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុង​ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។ នៅអំឡុងខែកុម្ភៈនេះ ជារៀងរាល់ឆ្នាំ ហ្វូងដំរីព្រៃ តែងតែមកទីតាំងនេះ ដើម្បីរកស៊ី និងផឹកទឹក។

ក្រសួងបរិស្ថាន បានប្រកាសអំពាវនាវ សូមស្នើដល់ប្រជាពលរដ្ឋ កុំរំខានសត្វដំរីព្រៃទាំងនេះ និងសូមចូលរួមការពារ និងអភិរក្ស។

នៅប្រទេសកម្ពុជា សត្វដំរីព្រៃ មានចន្លោះពី ៤០០ ទៅ ៦០០ក្បាល ដែលកំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជា។ ក្នុងនោះ នៅ​ភូមិភាគឦសាន ដែលរួមមានខេត្តមណ្ឌលគិរី និងរតនគិរី គឺសំបូរ​ដោយសត្វដំរីព្រៃ។

យោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញ ក្នុងរយៈពេល ៦០ ទៅ ៧០ ឆ្នាំចុងក្រោយនេះ ចំនួនដំរីអាស៊ី នៅលើពិភពលោក បានថយចុះប្រហែលជា ៥០ភាគរយ។ ចំណែកឯទីជម្រករបស់វា បានបាត់បង់អស់ជិត ៩០ភាគរយ។ ក្នុងចំណោមដំរីអាស៊ី សរុបប្រមាណពី ៣៩ ៤៦៣ ក្បាល ទៅ ៤៧ ៤២៧ ក្បាល ដែលកំពុងរស់នៅក្នុងព្រៃសត្វថ្ងៃ ក្នុងនោះ ប្រហែល ៧៥ភាគរយរស់នៅក្នុង​ប្រទេសឥណ្ឌា និងស្រីលង្កា។

ដំរីអាស៊ី ត្រូវបានចាត់ទុកថា ជាប្រភេទសត្វបង្គោលដ៏សំខាន់ ដោយសារសារៈ​សំខាន់ផ្នែកវប្បធម៌ តួនាទីក្នុងប្រព័ន្ធអេកូឡូស៊ី និងសក្តានុពល ដែលអាចការពារប្រភេទសត្វផ្សេងទៀត នៅ ក្នុងដែនជម្រករបស់វា។

ដំរីអាស៊ី កំពុងតែទទួលរងការគំរាមកំហែងធ្ងន់ធ្ងរ នៅទូទាំងដែនជម្រករបស់វា នៅលើសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជ នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN)។

ការរិចរិលទីជម្រក បានធ្វើឱ្យដំរីអាស៊ី រស់នៅបែកខ្ញែកពីគ្នា និងជះឥទ្ធិពលអវិជ្ជមាន ដល់ស្ថិរភាពយូរអង្វែងរបស់ប្រភេទដ៏សំខាន់នេះ។

​​យោងតាមរបាយការណ៍សិក្សា នៅក្នុងតំបន់ជួរភ្នំក្រវាញ មិនមានរបាយការណ៍​ណាមួយ ស្តីពីឧបទ្ទវហេតុនៃការបរបាញ់សត្វដំរីខុសច្បាប់ តាំងពីឆ្នាំ២០០៣ មកម៉្លេះ។ ចំណែកនៅក្នុងតំបន់ទេសភាពភាគខាងកើត មានការកត់សម្គាល់ថា មានដំរីស្លាប់ ចំនួន ៨ ក្បាល ក្នុងនោះ មានទាំងកូនដំរី និងដំរីធំ ដែលករណីដំរីធំ ស្លាប់ ត្រូវបានសង្ស័យថា មានការពាក់ព័ន្ធនឹងការបរបាញ់​។

កាលពីដើមឆ្នាំ២០១៩ សត្វដំរីព្រៃវ័យចំណាស់មួយក្បាល ត្រូវបានប្រទះឃើញស្លាប់ ដោយត្រូវគេបាញ់ងាប់នឹងគ្រាប់កាំភ្លើងកែច្នៃ នៅចំណុចចម្ការស្វាយចន្ទីរបស់ប្រជាពលរដ្ឋ នៅក្បែរដែនជម្រកសត្វព្រៃកែសីមា ស្ថិតក្នុងខេត្តមណ្ឌលគិរី ហើយភ្លុក និងកន្ទុយរបស់វា ត្រូវបានគេលួចកាត់យកទៅបាត់។

នៅឆ្នាំ២០២០នេះ កូនដំរីព្រៃចំនួន ២ ក្បាល ត្រូវបានរកឃើញស្លាប់ នៅក្នុងខេត្តមណ្ឌលគិរី ក្នុងនោះ ១ លង់ទឹកស្លាប់ ដោយសារជើងជាប់នឹងល្បាក់ថ្ម និងមួយទៀត កើតមកមិនមានសុខ ភាពល្អ បានស្លាប់ទៅវិញ ក្រោយក្រុមមន្ត្រីជួយសង្គ្រោះ។

​លទ្ធផលពីការបំពាក់ម៉ាស៊ីនថតស្វ័យប្រវត្តិនៅក្នុងឧទ្យានជាតិជូរភ្នំក្រវាញខាងត្បូង ថ្មីៗនេះ ​បង្ហាញថា ក្នុងចំណោមកូនដំរី ៧ ក្បាល មាន ៤ក្បាល ដែលមានអន្ទាក់នៅ​ជាប់នឹងជើងរបស់ពួកវា ហើយក៏មានកូនដំរីព្រៃមួយក្បាលដែរ ដែលបានស្លាប់ ដោយជាប់អន្ទាក់។

ភស្តុតាងនេះ បានបញ្ជាក់ថា ការប្រើប្រាស់អន្ទាក់ សម្រាប់ចាប់សត្វព្រៃ នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងប្រទេសកម្ពុជា នៅតែជាក្តីព្រួយបារម្ភដ៏ចម្បងនៅឡើយ ហើយក៏ជាគ្រោះថ្នាក់ដល់សត្វដំរីអាស៊ីផង​ដែរ ព្រោះវាអាចបណ្តាលឱ្យសត្វដំរីរងរបួស និងស្លាប់បាន។

ដោយសារតែរយៈពេលនៃការបន្តពូជរបស់ដំរីអាស៊ីយឺត (ប្រាំឆ្នាំបង្កើត បានកូនមួយ) បើសិនអាត្រាស្លាប់នៃកូនដំរីព្រៃខ្ពស់ ដោយសារតែរងរបួសពីអន្ទាក់ នោះចំនួនដំរីព្រៃនៅកម្ពុជា អាចមានបញ្ហាប្រឈមខ្ពស់ ក្នុងការផុតពូជ។

ពលរដ្ឋខ្លះ បានប្រើប្រាស់មធ្យោបាយផ្សេងៗ ដើម្បីរំខានដំរី ដូចជាការធ្វើក្តារដាំដែកគោលដាក់តាមផ្លូវ ដើម្បីកុំឱ្យដំរីចូលស៊ីដំណាំរបស់ខ្លួន ជាដើម​។ ការសាងសង់ហេដ្ឋរចនាសម្ព័ន្ធ ផ្ទះសម្បែង និងការដាំដំណាំ នៅតាមច្រករបៀង ដែលសត្វដំរី ឆ្លងកាត់ ក៏ជាបញ្ហាមួយចោទផងដែរ។

ចំពោះមុខនៃការគំរាមកំហែងនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានខិតខំរៀបចំផែនការសកម្មភាព ដើម្បីអភិរក្សសត្វដំរីអាស៊ី។ ក្នុងនោះ ក្រុមអភិរក្សដំរីព្រៃ នៅកម្ពុជា(CECG) ត្រូវបានបង្កើតឡើង នៅឆ្នាំ២០០៥ ដោយមានការចូលរួមពីក្រសួងបរិស្ថាន រដ្ឋបាលព្រៃឈើ និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ ដើម្បីអភិរក្សដំរីអាស៊ីនៅកម្ពុជា តាមរយៈការរក្សាស្ថិរភាព និងជំរុញឱ្យមានកំណើនចំនួនប្រភេទនេះ នៅក្នុងព្រៃនៃប្រទេសកម្ពុជា ហើយផែនការសកម្មភាព ដើម្បី​អភិរក្សសត្វដំរីអាស៊ី ឱ្យនៅគង់វង្ស ត្រូវបានរៀបចំឡើង សម្រាប់រយៈពេល ១០ ឆ្នាំ គឺពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៩ ដោយបានកំណត់នូវបញ្ហាអាទិភាពចំនួន ៦ ក្នុងនោះ រួមមាន ១) ការកាត់បន្ថយការបាត់បង់ទីជម្រក ២)អភិរក្សនិងតភ្ជាប់ច្រករបៀង និងហ្វូងដំរីព្រៃឡើងវិញ ៣) ពង្រឹងការអនុវត្តច្បាប់ ៤) បង្ការមិនឱ្យមានការចាប់ដំរីព្រៃមកចិញ្ចឹម ៥)បន្ធូរបន្ថយជម្លោះរវាងសត្វដំរីព្រៃ និងមនុស្ស ៦)អប់រំផ្សព្វផ្សាយ និងដាក់ចេញសកម្មភាពយុទ្ធសាស្ត្រ សម្រាប់ដោះស្រាយបញ្ហាទាំងនោះ។

យោងតាមការប៉ាន់ស្មាន ផែនការសកម្មភាពរយៈពេល ១០ ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ ត្រូវការថវិកាចំនួន ៤០,៥លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងថវិការំពឹងថា នឹងបានមកពីប្រភពរួមបញ្ចូលគ្នា ទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានា។

នៅក្នុងរយៈពេលជាង ១០ ឆ្នាំចុងក្រោយនេះ កម្រិតនៃបទល្មើសបរបាញ់សម្លាប់សត្វដំរីព្រៃដើម្បីយកភ្លុក និងកន្ទុយ ដើម្បីប្រើប្រាស់តាមជំនឿពីបុរាណមក នៅកម្ពុជា មានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែគ្មានដោយសារតែការអនុវត្តច្បាប់តឹងរឹង។

ប៉ុន្តែក្រសួងបរិស្ថាន បាន​កត់សម្គាល់ឃើញថា ជម្លោះរវាងមនុស្ស និងសត្វដំរីព្រៃ បានកើតឡើង នៅតាមតំបន់ការពារធម្មជាតិមួយចំនួន ដោយសារតែការផ្លាស់ទីទាំងចម្ងាយឆ្ងាយ និងចម្ងាយជិតតាមរដូវកាល និងការស្វែងរកចំណី អាចរងការរំខាន ដោយសារតែវត្តមានរបស់មនុស្ស នៅក្នុងតំបន់ដែនជម្រករបស់ពួកវា និងលើសពីនេះ ដំរីព្រៃ អាចទទួលរងការវាយតបពីសំណាក់ប្រជាជន រហូតដល់រងរបួស ឬឈានដល់ការ​សម្លាប់ ជាការសងសឹកនឹងដំរីព្រៃ ដែលបានចូលមកស៊ីដំណាំរបស់ពួកគេ។

កម្រិតនៃការបរបាញ់សត្វដំរីព្រៃ ត្រូវបានកត់សម្គាល់ឃើញថា មានការធ្លាក់ចុះខ្លាំង ស្ទើរតែគ្មាន ក្នុងរយៈពេលជាង ១០ឆ្នាំមកនេះ ដោយសារតែអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងការអនុវត្តច្បាប់បានយ៉ាងល្អ ខណៈកាលពីជាង ៣០ ឆ្នាំមុន ការបរបាញ់បានសម្លាប់សត្វដំរីព្រៃអស់ជាច្រើនក្បាល។

នៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្ននេះ ដំរីអាស៊ី មានចំនួនប្រមាណចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើត ក្នុងខេត្តមណ្ឌលគិរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។ចំណែកដំរីស្រុក ត្រូវបានប៉ាន់ស្មានថា មានចំនួន ៧១ ក្បាល៕ ដោយ៖ សាយ ករុណា និង សុខ​ សារាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ