ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ហ្វី​លី​ពី​ន ប្តេជ្ញា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី និង​អាស៊ាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ហ្វី​លី​ពី​ន បាន​ប្តេជ្ញា​ពង្រឹងពង្រីក​កិច្ច​សហ​ប្រត្តិកា​រលើង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​ជីវៈ​ក្នុង​ក្រប​ខណ្ឌ​ទ្វេរ​ភាគី​និង​ក្រប​ខណ្ឌ​អាស៊ាន ។ ការ​បង្ហាញ​ជំហរ​ធ្វើ​នៅ​ក្នុង​ជំនួប​រវាង​ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង…

រាជធានី​ភ្នំពេញ ៖ កម្ពុជា និង​ហ្វី​លី​ពី​ន បាន​ប្តេជ្ញា​ពង្រឹងពង្រីក​កិច្ច​សហ​ប្រត្តិកា​រលើង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​ជី​ជីវៈ​ក្នុង​ក្រប​ខណ្ឌ​ទ្វេរ​ភាគី​និង​ក្រប​ខណ្ឌ​អាស៊ាន ។

ការ​បង្ហាញ​ជំហរ​ធ្វើ​នៅ​ក្នុង​ជំនួប​រវាង​ឯកឧត្តម​បណ្ឌិត អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោក​ជំទាវ ម៉ា​រៀ អា​មេ​លី​តា ស៊ី អា​គី​ណូ (MARIA AMELITA C.AQUINO) ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ហ្វី​លី​ពី​ន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង ។

ក្នុង​ជំនួប​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​នូវ​អ្វី​ដែល​ជា​ក្រប​ខណ្ឌ​របស់​ប្រទេស​ទាំង​ពីរ​ដែល​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ដ៏​ល្អ​កន្លង​មក ជា​ពិសេស​ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​ប្រធានាធិបតី​ហ្វី​លី​ពី​ន មក​កាន់​កម្ពុជា​កាលពី​ឆ្នាំ​២០១៦ ដែល​កម្ពុជា និង​ហ្វី​លី​ពី​ន​បាន​ចុះ​អនុស្សា​រណៈ​យោគយល់​គ្នា​ស្តី​អំពី​កិច្ច​សហប្រតិបត្តិការ​ទៅ​លើ​វិស័យ​ការងារ ដែល​តាម​រយៈ​នេះ ប្រទេស​ទាំង​ពីរ​មានការ​ងារ​ជា​ច្រើន​ត្រូវ​ធ្វើការ​ជាមួយ​គ្នា ហើយ​ក៏​មាន​សេចក្តីថ្លែងការណ៍​រួម​មួយ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ដែល​ផ្តោត​ទៅ​លើ​ការ​ជួយ​គាំទ្រ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​ការ​ជួយ​ដោះស្រាយ និង​ផ្តល់​កិច្ច​គាំពារ​ទៅ​លើ​បញ្ហា​ពលរដ្ឋ​ក៏​ដូច​ជា ពលករ​ទេសន្តរប្រវេសន៍​ការងារ ដោយសារ​តែ​ហ្វី​លី​ពី​ន មាន​ស្ថានទូត​ជា​ច្រើន​ទូ​ទាំង​ពិភពលោក និង​ការិយាល័យ​អនុព័ន្ធ​ការងារ​ក៏​ដូច​ជា ការិយាល័យ​ខាង​ផ្នែក​ផ្តល់​កិច្ច​គាំពារ​ទៅ​ដល់​ពលករ​ទេស​ន្ត​ប្រវេសន៍​នៅ​ស្ទើរ​គ្រប់​ប្រទេស​ទូ​ទាំង​ពិភពលោក ។

ឯកឧត្តម​រដ្ឋមន្ត្រី អ៊ិ​ត សំ​ហេង បាន​លើក​ឡើង​ថា​តាម​រយៈ​កិច្ចព្រមព្រៀង ឬ​ក៏​សេចក្តីថ្លែងការណ៍​រួម​នេះ​យើង​បាន​ឯកភាព​គ្នា​ជួយ​គ្នា​នៅ​ពេល​ដែល​ពលរដ្ឋ​របស់​ហ្វី​លី​ពី​ន ឬ​ពលរដ្ឋ​កម្ពុជា​ដែល​មាន​បញ្ហា​ក្នុង​បណ្តា​ប្រទេស​ផ្សេង​ៗ ដែល​ពុំ​មាន​ស្ថានទូត និង​មិន​មាន​អនុព័ន្ធ​ការងារ​សម្រាប់​ជួយ​ផ្តល់​នូវ​ការ​គាំពារ​ទៅ​ដល់​ពួក​គាត់​ណាមួយ​ពលរដ្ឋ​កម្ពុជា​យើង​អាច​ស្វែងរក​នូវ​ជំនួយ​ពី​ស្ថានទូត​ហ្វី​លី​ពី​ន​នៅ​ប្រទេស​នោះ ដែល​កន្លង​មក​យើង​បាន​ធ្វើការ​ជាមួយ​គ្នា​បាន​យ៉ាង​ល្អ​លើ​កិច្ច​សហប្រតិបត្តិការ​នេះ ។

ចំណែក​លោកស្រី​អគ្គរដ្ឋទូត​បាន​ថ្លែងអំណរគុណ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្តល់​ការ​ការពារ និង​គាំពារ​យ៉ាង​ល្អ​ដល់​ពលរដ្ឋ​ហ្វី​លី​ពី​ដែល​កំពុង​ស្នាក់​នៅ និង​ធ្វើការ​នៅ​កម្ពុជា​ប្រមាណ​ជិត ៥០០០​នាក់ ដែល​ពួក​គេ​ទទួល​បាន​នូវ​ការ​ការពារ​សិទ្ធិ និង​អត្ថប្រយោជន៍​ដូច​កម្មករនិយោជិត​កម្ពុជា​ដែរ ជា​ពិសេស​បាន​ទទួល​អត្ថប្រយោជន៍​ពី​សមាជិកភាព​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម ។

លោកស្រី​អគ្គរដ្ឋទូត​បាន​បន្ត​ថា កន្លង​ទៅ​ថ្មី​ៗ​នេះ ពលរដ្ឋ​ហ្វី​លី​ពី​ន​ប្រមាណ​៨០០​នាក់ ក៏​ទទួល​បានការ​ឧបត្ថម្ភ​គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើ​មាតុភូមិនិវត្តន៍​ប្រកបដោយ​សុវត្ថិភាព ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ ១៩​។​បន្ថែម​ពី​នេះ ប្រទេស​ទាំង​ពីរ​ក៏​មាន​កិច្ច​សហប្រតិបត្តិការ​មួយទៀត​ទៅ​លើ​វិស័យ​សន្តិសុខ​សង្គម តាម​រយៈ​អនុស្សា​រណៈ​យោគយល់​គ្នា​មួយ រវាង​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) និង​អង្គការ​ធានា​រ៉ាប់រង​សុខភាព​របស់​ហ្វី​លី​ពី​ន (Philhealth) ដែល​ជា​ក្រប​ខណ្ឌ​កិច្ច​ប្រតិបត្តិការ​ក្នុង​ការ​សហការ​គ្នា​ចែករំលែក​នូវ​បទ​ពិសោធន៍ ជា​ពិសេស​ទៅ​លើ​ផ្នែក​បច្ចេកទេស​ប្រតិបត្តិការ និង​ការ​គ្រប់គ្រង​ប្រព័ន្ធ​ថវិកា ហិរញ្ញវត្ថុ​ក្នុង​ផ្តល់​នូវ​កិច្ច​គាំពារ​ដល់​កម្មករនិយោជិត​។ ក្នុង​ជំនួប​ភាគី​ទាំង​ពីរ​នឹង​បន្ត​ពិនិត្យ​លើ​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ថែម​ទៀត ចំពោះ​កិច្ច​សហ​ប្រតិការ​ដែល​មាន​ស្រាប់ ហើយ​ដែល​អនុស្សរណៈ​យោគយល់​គ្នា​ផុត​សុពលភាព និង​រៀបចំ​បន្ត​សុពលភាព​។

ដោយ​មើលឃើញ​នូវ​សារសំខាន់​នៃ​ការ​អប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ភាគី​ទាំង​ពីរ​កំពុង​ខិតខំ​បញ្ចប់​នូវ​សេចក្តី​ព្រាង​អនុស្សរណ នៃ​ការ​យោគយល់​គ្នា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​អប់រំ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ (TVET) អោយ​បាន​ឆាប់ បើ​ទោះជា​បញ្ហា​កូ​វី​ដ ១៩ គំរាមកំហែង​ក៏​ដោយ ក៏​ភាគី​ទាំង​ពីរ នឹង​ជំរុញ​ការងារ​នេះ អោយ​ក្រុមការងារ​បច្ចេកទេស​ធ្វើការ​ជាមួយ​គ្នា​បន្ត​ទៀត​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា ដើម្បី​ឱ្យ​ការ​ចុះ​អនុស្សា​រណៈ​នេះ​បាន​ឆាប់ ពីព្រោះ​ការងារ​នេះ​គឺ​មាន​សារៈសំខាន់​ផង​ដែរ ក្នុង​ការ​ផ្តល់​នូវ​ចំណេះ​ជំនាញ ការ​ចែករំលែក​នូវ​បទ​ពិសោធន៍ ការ​អនុវត្ត​ល្អ​ៗ ពាក់ព័ន្ធ​ជាមួយនឹង​ការ​គាំពារ ការ​ផ្តល់​នូវ​ជំនាញ​វិជ្ជាជីវៈ ជា​ពិសេស​ពលករ​ទេស​ន្ត​ប្រវេសន៍ ដែល​ពួក​គាត់​ត្រូវ​សមា​រណកម្ម​ចូល​មក​ក្នុង​ប្រទេស​វិញ ត្រូវ​ចាប់​យក​ជំនាញ​ថ្មី ឆ្លើយ​តប​ទៅ​នឹង​ឱកាស​ការងារ​ក្នុងស្រុក​។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏​បាន​លើក​ឡើង​ថា​ដោយសារ​តែ​ហ្វី​លី​ពី​ន ជា​ប្រទេស​មួយ​ដែល​មានបទពិសោធន៍​ខ្ពស់ ហើយ​មាន​ពលរដ្ឋ​ហ្វី​លី​ពី​ន​ធ្វើការ​នៅ​ក្រៅប្រទេស​ជា​ច្រើន​ដែល​អាច​ចែករំលែក​ចំណេះដឹង និង​បទ​ពិសោធន៍​ជា​ច្រើន​ក្នុង​ការ​ផ្តល់​នូវ​ការ​គាំពារ​ទៅ​ដល់​ពលករ​ទេស​ន្ត​ប្រវេសន៍​។ ក្នុង​ជំនួប​នោះ​ដែរ​ភាគី​ទាំង​ពីរ​បាន​សម្តែង​ការ​ពេញចិត្ត​នឹង​អ្វី​ដែល​ជា​ផ្លែផ្កា​នៃ​កិច្ច​សហប្រតិបត្តិការ​កន្លង​មក ។​លោក​ជំទាវ​ឯកអគ្គរដ្ឋទូត បាន​ប្តេជ្ញា​ថា​ក្នុង​អាណិត្ត​ការទូត​របស់​លោក​ជំទាវ នឹង​ខិតខំ​ពង្រីក​នូវ​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត ព្រមទាំង​បង្កើត​នូវ​សមិទ្ធផល​ថ្មី​ៗ​ជា​ច្រើន​ទៀត ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​។

ជា​ចុង​ក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ហ្វី​លី​ពី​ន ដែល​បាន​ជួយ​ចែករំលែក​បទ​ពិសោធន៍ និង​ចំណេះដឹង​ល្អ​ៗ​ដល់​កម្ពុជា ក្នុង​រួមចំណែក​ជួយ​ដល់ ការ​គាំពារ​កាន់តែ​ប្រសើរ​ឡើង​ដល់​ពលរដ្ឋ​កម្ពុជា​ទាំង​នៅ​ក្នុង និង​ក្រៅប្រទេស​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ