ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ប្រហែស​! ថ្ងៃនេះ​កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ច្រើន​បំផុត​​មិន​ធ្លាប់​មាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ​២០២១ អំពី​ការ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ ១៩ ចំនួន​ដល់​ទៅ៦៥ នាក់ ដែល​នេះ​គឺជា​តួលេខ​នៃ​ការ​ឆ្លង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាននៅ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ​២០២១ អំពី​ការ​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ ១៩ ចំនួន​ដល់​ទៅ៦៥ នាក់ ដែល​នេះ​គឺជា​តួលេខ​នៃ​ការ​ឆ្លង​ខ្ពស់​បំផុត​មិន​ធ្លាប់​មាននៅ​កម្ពុជា ចាប់តាំងពី​ការ​រក​ឃើញ​កូ​វី​ដ១៩ ដំបូង​បង្អស់​នៅ​ខេត្ត​ព្រះ​សីហ​នុ​កាលពី​ថ្ងៃ​ទី ២៧ ខែមករា ឆ្នាំ​២០២០ ហើយ​ក៏​ជា​តួលេខ​ឆ្លង​ខ្ពស់​បំផុត​សម្រាប់​ការ​ឆ្លង​ក្នុង​សហគមន៍​ផង​ដែរ ។

ជាមួយនឹង​ការ​រក​ឃើញ​អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ ១៩ ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នេះ គឺ​ក្នុង​ចំណោម៦៥​នាក់ វិជ្ជមាន​កូ​វី​ដ ១៩ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២៥ ខែកុម្ភៈ ឆ្នាំ​២០២១ គឺ​ក្នុង​នោះ​មាន​ករណី​ឆ្លង​ក្នុង​សហគមន៍​២០​កុម្ភៈ​ចំនួន ៥៨ នាក់ ដែល​ភាគច្រើន​លើសលប់​ជា​ជនជាតិ​ចិន ខណៈ​ចំនួន ៧ នាក់​ទៀត​ជា​ករណី​អ្នកដំណើរ​ចូល​មក​កម្ពុជា ។

ព្រឹត្តិការណ៍​នៃ​ការ​ឆ្លង​ក្នុង​សហគមន៍​លើក​ទី​៣ ឬ​ហៅ​ថា​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ គឺជា​ព្រឹត្តិការណ៍​ដែល​មាន​ទ្រង់ទ្រាយ​ធំ​និង​ធ្ងន់ធ្ងរ ជា​ពិសេស​ករណី​វិជ្ជមាន​កូ​វី​ដ ១៩ គឺ​មានការ​កើន​ឡើងជា​លំដាប់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ ជា​ពិសេស​គឺ​ករណី​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ អត្រា​នៃ​ការ​ឆ្លង​គឺ​បន្ត​ហក់​ឡើង​ខ្ពស់ គិត​មក​ដល់​ថ្ងៃនេះ ការ​ឆ្លង​ក្នុង​សហគមន៍​២០ កុម្ភៈ​ឡើង​ដល់ ១៩៤ ករណី​ហើយ ។

អ្វី​ដែល​កាន់តែ​គួរ​ឱ្យ​បារម្ភ​បន្ថែម​ទៀត​នោះ គឺ​ការ​ឆ្លង​វីរុស​កូ​វី​ដ ១៩ នៅ​កម្ពុជា​ក្នុង​ព្រឹត្តិ​ការណ៍​សហគមន៍ ២០ កុម្ភៈ​នេះ​ទៀត​សោត គឺ​មាន​ករណី​វីរុស​កូ​វី​ដ​-១៩ ប​ម្លែ​ង​ថ្មី ត្រូវ​បាន​រក​ឃើញ​ផង​ដែរ ។ ដូច្នេះ​ទាម​ទាម​ឲ្យ​សូម​បងប្អូន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​បំផុត ។

យោង​តាម​ប្រកាស​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ​ទី ២០​រហូត​ដល់​ថ្ងៃ​ទី ២៥ ខែកុម្ភៈ​ឃើញ​ថា​ការ​ឆ្លង​ក្នុង​សហគមន៍​មាន​សន្ទុះ​ឡើង​ខ្ពស់​រហូត ។
១- ជាក់ស្តែង​នៅ​ថ្ងៃ​ទី ២០ ខែកុម្ភៈ ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា​មានការ​ឆ្លង​កូ​វី​ដ ១៩​សរុប ៣២ ករណី ដែល​សុទ្ធ​ជា​ការ​ឆ្លង​ក្នុង​សហគមន៍ ។
២- ថ្ងៃ​ទី ២១ មានការ​រក​ឃើញ​វិ​ជ្ច​មាន​កូ​វី​ដ ១៩ សរុប ១៧ នាក់ ក្នុង​នោះ​១៤​នាក់​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ ។
៣- ថ្ងៃ​ទី​២២ ខែកុម្ភៈ វិជ្ជមាន​កូ​វី​ដ​១៩ សរុប​ចំនួន ៣៥​នាក់ ក្នុង​នោះ ៣១​នាក់​ឆ្លង​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ។
៤- ថ្ងៃ​ទី ២៣ ខែកុម្ភៈ វិជ្ជមាន​កូ​វី​ដ​សរុប ២៥ នាក់ ក្នុង​នោះ ២៣ នាក់​ឆ្លង​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ។
៥- ថ្ងៃ​ទី ២៤ ខែកុម្ភៈ វិជ្ជមាន​កូ​វី​ដ ១៩ សរុប ៤០​នាក់​ឆ្លង​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ។
៦- ថ្ងៃ​ទី ២៥ ខែកុម្ភៈ វិជ្ជមាន​កូ​វី​ដ ១៩ សរុប ៦៥​នាក់ ក្នុង​នោះ ៥៨​នាក់​ឆ្លង​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​។

នាយកដ្ឋាន​ប្រយុទ្ធ​ជំងឺឆ្លង​របស់​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹង​ថា «​ជំងឺ​កូ​វី​ដ​-១៩ នៅ​តែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជា​និច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជា​និច្ច ដោយ​អនុវត្ត​អនា​ម័យនៅ​ឃ្លាតឆ្ងាយ​ពី​គ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ព្រោះ​ប្រទេស​យើង​កំពុង​រា​ត្បា​ត​ក្នុង​សហគមន៍ និង​ប្រទេស​ជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វី​ដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ​» ។

ទន្ទឹង​នឹង​នោះ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​ក៏​បាន​អំពាវនាវ​ថា «​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្ត​ទៀត ដូច​ជា​អង្គុយ​គម្លាត​ពី​គ្នា ឈរ​រង​ចាំ​គម្លាត​ពី​គ្នា ឈរ​ជជែក​គ្នា​គម្លាត​ពី​គ្នា ។ ល​។ យើង​ត្រូវ​បន្ត​ពាក់​ម៉ាស់​ជាប់​ជា​និច្ច និង​ឧស្សាហ៍​លាងដៃ​ជាមួយ​សាប៊ូ អាល់កុល ឬ​ជែ​ល » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ