រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ស្ថិតក្នុងបរិបទថ្មីនេះប្រជាពលរដ្ឋគួរតែត្រូវខិតខំចាប់យកនិន្នាការនៃការប្រើប្រាស់បច្ចេកវិទ្យាឲ្យបានល្អ ។
ការបញ្ជាក់របស់សម្តេចតេជោ នៅក្នុងសារលិខិតនាឱកាសទិវាជាតិទីក្រុងស្អាតលើកទី៩ ក្រោមប្រធានបទ «ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត» អបជាមួយការប្រកាស «ចលនាប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣» នៅថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២១ ។ សម្តេចតេជោ បានលើកឡើងថា ទិវាជាតិទីក្រុងស្អាតលើកទី៩ ឆ្នាំ២០២១ជាតិនេះ ពិតជាបាន រួមចំណែកបំផុស និងលើកទឹកចិត្តដល់បងប្អូនជនរួមជាតិទាំងអស់ ពិសេសចំពោះយុវជន កុលបុត្រ កុលធីតា ខ្មែរឱ្យបន្តជំរុញ និងយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀត ក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ដែលជាការរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចម្រើននៃសង្គមជាតិយើង ។
សម្តេចបញ្ជាក់ថា«បច្ចុប្បន្ន កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សំគាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ លើសពីនេះទៀត ក្នុងដំណើរឆ្ពោះទៅមុខ កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើនសម្រេចបានតាមបំណងប្រាថ្នារបស់ខ្លួនសំដៅបន្តកែលម្អ ជីវភាព និងការរស់នៅរបស់ប្រជាជន និងការរួមចំណែកថែរក្សាភពផែនដីរបស់យើងសម្រាប់កូនចៅជំនាន់ក្រោយៗទៀត ។
ក្នុងនោះ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗជាអាទិ៍ ៖ ការបន្តកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន ការគិតគូរពីចីរភាពនៅតាមបណ្តាទីក្រុង ការឆ្លើយតបនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ កិច្ចការពារ និងអភិរក្សធនធានធម្មជាតិជាដើម» ។ សម្តេចបន្តថា ក្នុងស្មារតីឆ្លើយតបទៅនឹងការវិវត្តន៍និងនិន្នាការអភិវឌ្ឍន៍ថ្មីៗនេះ កម្ពុជាត្រូវបន្តយកចិត្តទុកដាក់លើការដាក់ចេញ និងអនុវត្តនូវគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនានា ដោយឈរលើមូលដ្ឋានសំខាន់២ ដែលត្រូវគិតគូរស្របពេលគ្នាគឺ ៖ ការបង្កើនឧត្តមភាពប្រកួតប្រជែង និងការធានាចីរភាពនៃការអភិវឌ្ឍ ។ ឈរលើមូលដ្ឋាននេះ កម្ពុជាក៏បានដាក់ចេញនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដែលជាយុទ្ធសាស្ត្រមួយដ៏សមស្របក្នុងការចូលរួមអភិវឌ្ឍវិស័យទេសចរណ៍ជាមាសបៃតង និងនាំកម្ពុជាឆ្ពោះទៅរកភាពស្អាត និងបៃតង និងប្រកបដោយសុវត្ថិភាពខ្ពស់ ។
តាមរយៈប្រធានបទនេះ ឆ្លុះបញ្ចាំង យ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូបតែងតែប្រាថ្នាចង់រស់នៅក្នុងទីក្រុងប្រកបដោយភាពវៃឆ្លាត និងមាន ភាពស្អាត និងបៃតង« យកចិត្តទុកដាក់អំពីអនាម័យជុំវិញមជ្ឈដ្ឋានរស់នៅរបស់ពួកគាត់ មានការធានាសន្តិសុខ សុវត្ថិភាពពេញលេញ មានការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយល្អ មានការផ្តល់សេវាសាធារណៈប្រកបដោយ បដិសណ្ឋារកិច្ចល្អ ពោល គឺជាទីកន្លែងដែលអាចផ្តល់នូវភាពកក់ក្តៅយ៉ាងពិតប្រាកដសម្រាប់ការរស់នៅពួកគាត់។» ស្អាតៗ ដែលនេះជាអភិក្រមថ្មីនៅក្នុងការជំរុញវិស័យទេសចរណ៍របស់យើងក្នុងបរិបទក្នុង និងក្រោយជំងឺឆ្លងកូវីដ-១៩ ។
ក្នុងន័យនេះ «ស្អាតដោយមានទេសភាពស្រស់ត្រកាល , ស្អាតដោយភាពប្រណិត ៗ ស្អាតដោយមាន បរិស្ថានល្អប្រសើរ ស្អាតដោយមានអនាម័យ ស្អាតដោយមានសុវត្ថិភាព ស្អាតដោយមានគុណភាព និងស្អាតដោយមានឱជារសឆ្ងាញ់ពិសា។ល។
ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា ដើម្បីឆ្លើយតបនឹងប្រធានបទនៃទិវាជាតិទីក្រុងស្អាត «ទម្លាប់ថ្មី ដើម្បីទីក្រុងស្អាត» និង«ទីក្រុងស្អាត ដើម្បីទេសចរណ៍ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមឱ្យស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋបន្តពង្រឹងភាពជាដៃគូរដ្ឋ-ឯកជន ក្នុងការចូលរួមដល់យុទ្ធនាការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពិសេសត្រូវផ្តល់សេវាកម្មប្រកបដោយសុវត្ថិភាពពីព្រោះថា ការបង្កើននូវភាពជឿទុកចិត្ត និងភាពជឿជាក់ លើគ្រប់ខ្សែសង្វាក់នៃផលិតកម្មក្នុងវិស័យទេសចរណ៍ គឺជាចំណុចគន្លឹះអាទិភាពសម្រាប់ការទាក់ទាញទេសចរ ។
ក្នុងន័យនេះ គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ក្នុងវិស័យទេសចរណ៍ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្លួនវិធានសុវត្ថិភាពទេសចរណ៍ និងវិធានសុខាភិបាលព្រោះថា «អ្វីៗនឹងមិនត្រលប់ទៅរកសភាពដើមវិញទេ ដូចនេះយើងត្រូវចេះសម្របខ្លួនរៀនរស់ក្នុងសភាពថ្មីមួយ ពោល គឺត្រូវចេះរក្សាអនាម័យឱ្យបានខ្ជាប់ខ្ជួន និងមានការប្រយ័ត្នប្រយែង កុំធ្វេសប្រហែសឱ្យសោះ ។
សហគ្រិន/និយោជកគួរគិតគូរ អំពីគំរូអាជីវកម្មប្រភេទថ្មី ជាមួយដំណោះស្រាយឌីជីថល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាជាជំនួយ ខណៈដែលបច្ចុប្បន្ន នេះសកលលោកបានផ្លាស់ប្តូរទៅរករបត់ថ្មី ដែលបច្ចេកវិទ្យាឌីជីថលបាននាំមកនូវវិធីសាស្ត្រ អនុវត្តថ្មី ទម្លាប់ថ្មី ការរស់នៅ និងជីវិតថ្មី ។ ការរីករាលដាលនៃជំងឺវីដ-១៩ ជាសកល បានជំរុញ ឱ្យយើងប្រើប្រាស់បច្ចេកវិទ្យា និងប្រព័ន្ធឌីជីថលកាន់តែខ្លាំងជាងមុន ។
រីឯនិយោជិក/បុគ្គលិកក៏គួរ គិតគូរផងដែរ អំពីការពង្រឹងសមត្ថភាពជំនាញ ដើម្បីមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុង ការបត់បែនទៅតាមការប្រែប្រួលយ៉ាងឆាប់រហ័សនៃចរន្តសេដ្ឋកិច្ច ។ ត្រូវពង្រឹងសមត្ថភាព និង គុណភាព ពិសេសការបង្កើនផលិតភាព ដើម្បីត្រៀមខ្លួនក្នុងការប្រកួតប្រជែងក្នុងទីផ្សារការងារ ដែលនៅពេលខាងមុខ ទីផ្សារនេះនឹងកាន់តែរួមចង្អៀត ហើយខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី ។
សម្តេចក៏បានស្នើឲ្យ អាជ្ញាធរមូលដ្ឋានត្រូវ ស្នើឱ្យគ្រប់ក្រុង ខណ្ឌត្រូវចូលរួមក្នុងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានកាន់តែសកម្មស្របតាមយុទ្ធនាការ«ទីក្រុងស្អាត ៖ ទីក្រុងអនុវត្តវិធានសុវត្ថិភាពឆ្នើមៗ សំដៅប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងអូវីដ-១៩ ។ សម្តេចក៏បានគូសបញ្ជាក់ថា« ប្រជាពលរដ្ឋត្រូវបន្សំខ្លួនក្នុងទម្លាប់ថ្មី ដោយត្រូវដឹង និងជ្រាបអំពីឥទ្ធិពល និងផលប៉ះពាល់ និងវិធានការបង្ការទប់ស្កាត់ និងចេះថែរក្សាអនាម័យ និងគោរពតាមវិធានសុវត្ថិភាពនានារបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ។ ក្នុងបរិបទថ្មីនេះ ប្រជាពលរដ្ឋក៏គួរតែត្រូវខិតខំចាប់យកនិន្នាការ នៃការប្រើប្រាស់បច្ចេកវិទ្យាសម្រាប់ជីវភាពប្រចាំថ្ងៃផងដែរ (រៀនអនឡាញ, ទិញអនឡាញ .….។ល» ៕
ចែករំលែកព័តមាននេះ