ខេត្តសៀមរាប ៖ ជនផ្សាយព័ត៌មានក្លែងក្លាយ ត្រូវកម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនហើយ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងខេត្តសៀមរាប ក្រោយពីបានចុះផ្សាយជាភាសាចិន មិនមានការពិត និងគ្មានមូលដ្ឋានថា «កម្ពុជាលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន» តាមបណ្តាញសង្គម Wechat របស់ចិន ។
លោកចាងហ្វាង សារព័ត៌មានអនឡាញ Angkor Today (ឈ្មោះពីមុន Angkor Times) ដែលត្រូវចាប់ខ្លួន មានឈ្មោះ SHEN KAIDONG ជាជនជាតិចិន មានទីស្នាក់ការក្នុងខេត្តសៀមរាប ។ បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួរ បុរសជនជាតិចិនរូបនេះ នឹងត្រូវកសាងសំណុំរឿងតាមនីតិវិធី បញ្ជូន ទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ។
សូមជម្រាបថា លោកស្រី ឱ វណ្ណឌីន ច្រានចោលទាំងស្រុងដែលថា «កម្ពុជាលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន» អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែកុម្ភៈនេះ លោកជំទាវ ឱ វណ្ណឌីន បានប្រកាសច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយរបស់សារព័ត៌មានអនឡាញ Angkor Times ដែលផ្សព្វផ្សាយថា កម្ពុជាលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន ។
ក្រសួងបានបន្ត ការច្រានចោលនេះបានធ្វើឡើង បន្ទាប់ពីសារព័ត៌មានឈ្មោះ Angkor Times បានផ្សព្វផ្សាយតាមបណ្តាញ Wechat ដោយប្រើប្រាស់ចំណងជើងថា «កម្ពុជាបានយកវ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ប្រទេសចិនមកលក់ក្នុងតម្លៃថ្លៃ» ដែលលោក ស្រី ឱ វណ្ណឌីន ថា ការផ្សព្វផ្សាយជារឿងផ្តេសផ្តាស ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំក្រសួងសុខាភិបាលថា ការចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិននៅកម្ពុជា គឺបាន និងកំពុងចាក់ទៅលើក្រុមមនុស្សអាទិភាព ដែលក្រសួងសុខាភិបាលប្រកាសតែប៉ុណ្ណោះ ។
អ្នកនាំពាក្យបានបញ្ជាក់ថា សូមថ្កោលទោសចំពោះជនមួយចំនួនដែលបំពុលសង្គម ដែលប្រឌិតព័ត៌មាននេះឡើង ដើម្បីបំភាន់សាធារណជន ធ្វើឲ្យមានការយល់ច្រឡំចំពោះកម្ពុជា ។ ដោយអ្នកទៅចាក់គ្មានបង់ប្រាក់នោះទេ ព្រោះវ៉ាក់សាំងយើងនៅមានកម្រិត ហើយយើងត្រូវរក្សាទុកឲ្យអ្នកដែលចាក់លើកទី១ មកចាក់លើកទី២ ផងដែរ ។
អ្នកនាំក្រសួងសុខាភិបាលថា ៖ យើងមិនត្រូវឱ្យអ្នកដែលទៅចាក់បង់ប្រាក់នោះទេ ហើយបច្ចុប្បន្ននេះ យើងអត់មានវ៉ាក់សាំងណាដែលចាក់ឱ្យក្នុងតម្លៃហ្នឹង (១២០ដុល្លារ) ដែរ ពីព្រោះវ៉ាក់សាំងយើងមានកម្រិត ហើយយើងសុទ្ធតែកំណត់មុខសញ្ញាសម្រាប់ក្រុមមនុស្សដែលត្រូវមកចាក់ ហើយយើងមានបញ្ជីឈ្មោះអ្នកចាក់ត្រឹមត្រូវណាស់ ។
ជាចុងក្រោយ លោកស្រី បានសុំអធ្យាស្រ័យចំពោះប្រជាពលរដ្ឋ ដោយសារចំនួនវ៉ាក់សាំងជំហានដំបូងនេះនៅមានកម្រិត មិនអាចចាក់ឱ្យគ្រប់គ្នាបាន ព្រោះត្រូវរក្សាទុកឲ្យអ្នកចាក់មុនមកចាក់លើកទី២បន្តទៀត ។
សូមបញ្ជាក់ ៖ ជំនួយវ៉ាក់សាំង ចិន ជំហានដំបូងចំនួន៦០ម៉ឺនដូស ក្នុងចំណោម ១លានដូស ដែលផ្តល់ជូនតាមសំណើរតាមក្រសួងការពារជាតិកម្ពុជា ត្រូវបានដឹកមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ។ ចំណែក៤០ម៉ឺនដូសទៀត នឹងមកដល់កម្ពុជាជាបន្តបន្ទាប់ទៀត ៕

ចែករំលែកព័តមាននេះ