ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្តើម​ចេញពី​ទំនាស់​ពាក្យ​សម្តី​តូចតាច ចូល​កា.ប់​ចាក់​ស​ម្លា​.​ប់​មនុស្ស​ដល់​ក្នុងផ្ទះ នៅ​ខណ្ឌ​ជ្រោយចង្វារ(វីដេអូ)

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អណ្តាត​ជា​អាថ៌​កន្លង បាន​សុខទុក្ខ​ផង​ដោយសារ​អណ្តាត កំហឹង​ទល់​កំហល់ ដល់ទី​បំផុត នឹង​ក្លាយជា​សោកនាដកម្ម​បំផ្លាញ​ទាំង​អ្នក​ដទៃ បំផ្លាញ​ទាំង​ខ្លួនឯង ជាក់ស្តែង ករណី​ឃា.តកម្ម…

រាជធានី​ភ្នំពេញ ៖ អណ្តាត​ជា​អាថ៌​កន្លង បាន​សុខទុក្ខ​ផង​ដោយសារ​អណ្តាត កំហឹង​ទល់​កំហល់ ដល់ទី​បំផុត នឹង​ក្លាយជា​សោកនាដកម្ម​បំផ្លាញ​ទាំង​អ្នក​ដទៃ បំផ្លាញ​ទាំង​ខ្លួនឯង ជាក់ស្តែង ករណី​ឃា.តកម្ម កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ដែល​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​ស្លា.ប់​បាត់បង់ ជីវិត និង​០២​នាក់​ទៀត​ផ្សេង​ទៀត រង​របួស​ធ្ងន់ធ្ងរ បង្ក​ឡើង​ដោយ​ជនសង្ស័យ​០៦​នាក់ បាន​ចូល​ទៅ​កាប់​និង​ចាក់​សម្លាប់ ដល់​ក្នុងផ្ទះ ស្ថិត​ក្នុងភូមិ​ខ្ទរ សង្កាត់​ព្រែក​លាភ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ គឺ​គ្រាន់តែ​ផ្តើម​ចេញពី​ទំនាស់​ពាក្យ​សម្តី​តូចតាច ​តែ​ប៉ុណ្ណោះ​ ។

ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ រួម​ជាមួយ​កម្លាំង អន្តរាគមន៍ និងកម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម និង​បាន​បើក​ការ​ស៊ើបអង្កេត ស្រាវជ្រាវ​ប្រមាណ​០២​ម៉ោង ក៏​ឈាន​ទៅ​ដល់​ការ​បង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ (​ក្នុង​នោះ​០២​នាក់​គឺជា​ជន​ដៃដល់​ក្នុង​ចំណោម បក្ខពួក​០៦​នាក់ និង​ម្នាក់​ទៀត​ត្រូវ​បាន​ជន​ដៃដល់​យក​ដាវ​ទៅ​ផ្ញើ​ក្នុង​បន្ទប់​) នៅ​ដី​ទំ​នរ​មួយ​កន្លែង ​ដែល​សង់​អោយ​កម្មករ​ស្នាក់​នៅ ជាប់​ផ្លូវជាតិ​លេខ​៦​អា ភូមិ​ខ្ទរ សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​នៅ​យប់​កើតហេតុ ក្រុម​របស់​ពួក​គេ​មាន​គ្នា​០៦​នាក់ បាន​បបួល​គ្នា​ជិះ​ម៉ូតូ​ដើរ​លេង ដោយ​មាន​ដាក់​ដាវ​ និង​កំ​បិត​ទៅ​ជាមួយ ម្នាក់​មួយ​ដើម​គ្រប់​ដៃ លុះ​ជិះ​ដល់​កន្លែង​កើតហេតុ ពួក​គេ​បានឃើញ​ជន​រង​គ្រោះ​មួយ​ក្រុម​កំពុង​ផឹកស៊ី​ចាក់​បាស់ ពេល​នោះ​ពួក​គេ​ បាន​លើកដៃ​ហ៊ោ​ក​ញ្ច្រៀ​វ ស្រាប់តែ​មាន​ជន​រង​គ្រោះ​ម្នាក់ ​បាន​ស្រែក​ដាក់​ពួក​គេ​ថា ពួក​ហែង​មើល​អី ហើយ​ស្រែក​អី ក្បាល​មួយ​ស្បែកជើង​ឥឡូវ​ហើយ​! ភ្លាម​នោះ​ ពួក​គេ​ទាំង​០៦​នាក់​ បាន​ជិះ​ហួស​បន្តិច ក៏​បាន​បត់​ម៉ូតូ​ត្រឡប់​មក​ក្រោយ​វិញ ហើយ​សួរ​ថា អម្បាញ់មិញ​ថា ​ឲ្យ​ពី​ណា​គេ ?

ពេល​នោះ​ ជន​រង​គ្រោះ​ម្នាក់​ ក៏​បាន​ស្រែក​មក​វិញ​ថា ចុះ​ហែង​ចង់​យ៉ាងម៉េច ? ក៏​បង្កឲ្យ​មាន​ជា​ទំនាស់​ពាក្យ​សម្តី ហើយ​ពួក​គេ ​ក៏​បាន​ទាញ​ដាវ ​ដែល​សៀត​ជាប់ជើង​ម្នាក់​មួយ​ដើម​ៗ​ចេញ​មក ធ្វើ​សកម្មភាព​កាប់​ចាក់​ ទៅ​លើ​ក្រុម​ជន​រង​គ្រោះ​តែ​ម្តង ​។

ពេល​នោះ​ ជន​រង​គ្រោះ​បាន​រត់​ចូល​ទៅ​ក្នុងផ្ទះ ពួក​គេ​ក៏​ដេញ​តាម ទៅ​កាប់ ​និង​ចាក់​បន្ថែម​ដល់​ក្នុងផ្ទះ​ បណ្តាល​ឲ្យ​ស្លាប់ ​និង​របួស ហើយ​ពួក​គេ​ក៏​ឡើង​ជិះ​ម៉ូតូ​ចេញពី​កន្លែង​កើត​ហេតុតែ​ម្តង ​។

ក្រោយមក​ពួក​គេ​ចូល​ដល់​កន្លែង​ស្នាក់​នៅ ​បាន​ប្រហែល​មួយ​ម៉ោង ក៏​ស្រាប់តែ​មាន​សមត្ថកិច្ច​បាន​តាម​ទៅ​ដល់​ និងធ្វើការ​ឡោម​ព័ន្ធ​ចាប់ខ្លួន​ពួក​គេ​ទាំង​០៣​នាក់ រីឯ​អ្នក​ផ្សេង​ទៀត ​បានដឹង​ខ្លួន​ទាន់ ក៏​រត់គេច​ខ្លួន​បាត់​អស់ ​។

ជាមួយ​គ្នា​នេះ​ដែរ សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​សូម​ធ្វើការ​អំពាវនាវ ចំពោះ​សាធារណៈជន​ទាំងឡាយ​ណា ដែល​បានឃើញ ឬ​ស្គាល់ ឬ​មាន​ដំណឹង របស់​ជនសង្ស័យ​០៤​នាក់​ ដែល​បាន​រត់គេច​ខ្លួន មានឈ្មោះ​ដូច​ខាងក្រោម ៖
ជនសង្ស័យ​ទី​១ ឈ្មោះ រិ​ទ្ធ ដែល​មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Rith Sky
ជនសង្ស័យ​ទី​២ ឈ្មោះ ក្រឹម ដែល​មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បង​រិ​ត បង​រិ​ត
ជនសង្ស័យ​ទី​៣ ឈ្មោះ រ៉ា ដែល​មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ បង​រា និង​អា​ខោ​មួយទៀត​ឈ្មោះ Bro Raa
ជនសង្ស័យ​ទី​៤ ឈ្មោះ មិត្ត ហៅ​អា​បង ដែល​មាន​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Fii Boy និង​អា​ខោ​មួយទៀត​ឈ្មោះ Gk Co

សូម​រាយការណ៍ មក​កាន់​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មាន​ទូរស័ព្ទ​លេខ ​៖

  • 012 383 383
  • 012 66 77 98
  • 017 81 81 71
    ឬ​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ដែល​នៅ​ជិត​លោក​អ្នក​បំផុត សមត្ថកិច្ច​នឹង​ធានា រក្សា​ការ​សម្ងាត់​ជូន​! សូម​អរគុណ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ