ទីក្រុងម៉ានីល ៖ ការធ្វេសប្រហែសតែបន្តិច ធ្វើឲ្យគ្រួសារមួយមានការសោកសៅយ៉ាងខ្លាំង នៅពេលកូនប្រុសអាយុ២ឆ្នាំ កំពុងពេញស្រលាញ់ម្នាក់ ដោយសារតែម្តាយរវល់ទៅឆុងទឹកដោះគោ បានទុកកូនឲ្យលេងម្នាក់ឯង ចៃដន្យក្មេងតូច កាន់ស្លាបព្រា ទៅដោតបញ្ចូលក្នុងព្រីភ្លើង បណ្ដាលអោយឆក់ចរន្តអគ្គិសនី បាត់បង់ជីវិត នេះបើយោងតាមសារព័ត៌មាន abs-cbn ។
ឧប្បត្តិហេតុនេះ កើតឡើងកាលពីថ្ងៃសុក្រ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅផ្ទះក្រុមគ្រួសារមួយនៅទីក្រុងឃ្វីហ្សុន Quezon ប្រទេសហ្វីលីពីន បើយោងតាមឪពុកឈ្មោះ Mharc Louise Angara លោកបានឲ្យដឹងថា ស.ពកូនប្រុស ត្រូវបញ្ចុះនៅថ្ងៃអង្គារ៍ ទី២៣ ខែកុម្ភៈនេះ ។
អ្នកស្រី Eloisa Angara ម្តាយរបស់ក្មេងប្រុសរងគ្រោះ បាននិយាយថា «នាងកំពុងរៀបចំលាយទឹកដោះ សម្រាប់កូនប្រុស ហើយនាងបានដាក់ស្លាបព្រាបាយ នៅតំបន់មួយ ដែលនៅឆ្ងាយពីកូនប្រុសដែរ ។ ហើយនៅពេល ដែលរូបនាងហៀបនឹងបើកទ្វារ ក៏បានឮសំឡេងផ្ទុះសេខ្សែភ្លើង នាងមានការតក់ស្លុតខ្លាំង ព្រោះថា បន្ទាប់មកនាងឮសូរសំឡេងដួល និងសម្រែកប្ដីរបស់នាងបន្លឺឡើង! យំសោកយ៉ាងខ្លាំងនៅក្បែរកូន ។ ក្រោយកើតហេតុភ្លាម នាងនិងប្តី បាននាំកូនប្រុសទៅមន្ទីរពេទ្យជាបន្ទាន់ ។
ទោះជាយ៉ាងនេះក្តី ទោះបីជាបុគ្គលិកពេទ្យ ព្យាយាមជួយសង្គ្រោះជីវិតក៏ដោយ ប៉ុន្តែហួសពេលទៅហើយ នៅទីបញ្ចប់ បេះដូងកូនប្រុស Jake មិនដំណើរការទេ បានលាចាកពិភពលោកនេះហើយ បន្ទាប់ពីធ្វើខួបកំណើត អាយុ២ឆ្នាំ បានរយៈពេល១២ថ្ងៃ ។
ម្តាយរបស់ក្មេងប្រុសរងគ្រោះ បានបង្ហោះសារក្រៀមក្រំ នៅលើហ្វេសប៊ុក អោយដឹងថា “កូនប្រុសម្តាយ បានចាកចេញពីពួកយើងរហូតហើយ ក្នុងផ្ទះមិនមានសំឡេង Jake រំខានទេ.. វាពិតជាឈឺចាប់ខ្លាំងណាស់ ខ្ញុំគ្មានកម្លាំងថាមពលទៀតទេ ។ ខ្ញុំនឹកអ្នកខ្លាំងណាស់ ។ ឪពុកកូននិងម៉ាក់ស្រឡាញ់អ្នកខ្លាំងណាស់ ទេវតាតូចរបស់ម៉ាក់” ៕
ចែករំលែកព័តមាននេះ