ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CMA ៖ ការបន់ស្រន់មិនកើតលុយទេ សន្សំ និងវិនិយោគទើបមាន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្នុងសារជំរុញ ពលរដ្ឋសន្សំប្រាក់ សមាគមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហៅកាត់ថា CMA បានលើកឡើងថា មានវិធីល្អជាងគេ ក្នុងការឈានទៅរកភាពមានបាននោះគឺការសន្សំ…

រាជធានីភ្នំពេញ ៖ ក្នុងសារជំរុញ ពលរដ្ឋសន្សំប្រាក់ សមាគមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហៅកាត់ថា CMA បានលើកឡើងថា មានវិធីល្អជាងគេ ក្នុងការឈានទៅរកភាពមានបាននោះគឺការសន្សំ សន្សំហើយវិនិយោគ ។

អង្គភាពដែលប្រមូលផ្តុំស្ថាប័នហិរញ្ញវត្ថនៅកម្ពុជាប្រមាណ ១០០គ្រឹះស្ថាននេះ បានលើកឡើងថា “ការផ្សងសំណាងនឹងល្បែងស៊ីសង ការដេកចាំព្រេងសំណាង ឬការបែរបន់ មិនមែនជាជម្រើសល្អឡើយ។ ម្យ៉ាងការចេះសន្សំលុយ មិនកើតឡើងដោយឯកឯងទេ ហើយវាក៏មិនសប្បាយដូចការចាយលុយដែរ។ វិធីល្អបំផុតដើម្បីកសាងអនាគតធូរធារគឺ សន្សំ និងវិនិយោគ” ។

ដោយឲ្យតម្លៃលើការសន្សំ CMA បានបង្ហាញគន្លឹះសន្សំងាយៗបីចំនុចដែល​លោកអ្នកអាចធ្វើការសិក្សាអនុវត្តបាន គឺការកំណត់គោលដៅសន្សំ បង្កើតឱកាសសន្សំ និងជ្រើសរើស​កន្លែងសន្សំ ។

ស្ថាប័ននេះបានពន្យល់លម្អិតដូច្នេះ ៖

 ១-កំណត់គោលដៅសន្សំ

តម្រូវការនីមួយៗ ដែលនឹងកើតឡើងហូរហែរក្នុងដំណើរជីវិតរបស់អ្នក នឹងត្រូវការលុយប៉ុន្មាន ? ពេលណា ? បន្ទាប់មកត្រូវគិត៖ ចាប់ពីឥឡូវ ១ថ្ងៃ ឬ ១សប្តាហ៍ ឬ ១ខែ ត្រូវដាក់សន្សំប៉ុន្មាន ទើបដល់ថ្ងៃកំណត់នោះ មានលុយគ្រប់ចំនួន ។

២-បង្កើតឱកាស

មនុស្សខ្លះតែងមានលេសថា៖ “លុយត្រូវចំណាយច្រើនណាស់ បានលុយឯណាសន្សំ បើចាយមិនគ្រប់ផង…” ។ បើអ្នកបានកត់ត្រារាល់ចំណាយដាក់ក្នុងបញ្ជី អ្នកនឹងមើលឃើញខ្ទង់ចំណាយដែលមិនចាំបាច់ (ឧ៖ ចំណាយលើ បារី កាហ្វេ នំនែក របស់របរកំប៉េកកំប៉ុកផ្សេងៗ…) ។ តើអ្នកអាចមិនចាយលើវា ហើយយកវាមកដាក់សន្សំបានទេ ? បើអ្នកអាចធ្វើបាន ហៅថា អ្នកបង្កើតឱកាសដើម្បីសន្សំ ។

៣- ជ្រើសរើសកន្លែងល្អសម្រាប់ដាក់សន្សំ

និយាយពីកន្លែងត្រូវដាក់លុយសន្សំ ប្រហែលជាអ្នកគិតដល់ ដំណើរការ ភាពងាយស្រួល និងសុវត្ថិភាព ក្នុងការទុកដាក់លុយនោះ ។ បើគោលដៅសន្សំ ជាចំនួនតិចតួច ហើយត្រូវការក្នុងរយៈពេលខ្លីខាងមុខ អ្នកគួរដាក់សន្សំនៅផ្ទះ ។ បើគោលដៅសន្សំជាចំនួនលុយដ៏ច្រើន ហើយនៅពេលយូរ នោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារដែលស្របច្បាប់ ទើបស័ក្កសមជាកន្លែងដែលអ្នកគួរដាក់លុយសន្សំ ។ សន្សំនៅផ្ទះ អ្នកដាក់សន្សំបានប៉ុន្មាន គឺប៉ុននោះ។ សន្សំនៅស្ថាប័ន លើសពីភាពងាយស្រួល និងសុវត្ថិភាព គឺការកើនឡើងនៃទឹកលុយដែលអ្នកដាក់សន្សំ ដោយអ្នកទទួលបានការប្រាក់បន្ថែម ប៉ុន្តែ វាទាមទារឲ្យអ្នកយល់ពីសេវាសន្សំប្រាក់ (លក្ខខណ្ឌ វិធីគណនាការប្រាក់ និងចេះរក្សាព័ត៌មានសម្ងាត់) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ