ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការផ្ទុះសហគមន៍ ដាក់កម្ពុជាក្នុង​ស្ថានភាព​ហានិភ័យខ្ពស់

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ការផ្ទុះសហគមន៍លើកទីបីនៃការឆ្លងមេរោគកូវីដ១៩ មានសភាពធ្ងន់ធ្ងរ និង សាហាវ​ជាងមុន ដោយសារតែមានកំណើនខ្លាំងនៃអ្នកឆ្លងកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ វាបង្កអោយមានការព្រួយបារម្ភខ្លាំង ក្នុងចំណោមប្រជាជនកម្ពុជា ហើយ​រដ្ឋាភិបាល…

ភ្នំពេញ៖ ការផ្ទុះសហគមន៍លើកទីបីនៃការឆ្លងមេរោគកូវីដ១៩ មានសភាពធ្ងន់ធ្ងរ និង សាហាវ​ជាងមុន ដោយសារតែមានកំណើនខ្លាំងនៃអ្នកឆ្លងកូវីដ១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ វាបង្កអោយមានការព្រួយបារម្ភខ្លាំង ក្នុងចំណោមប្រជាជនកម្ពុជា ហើយ​រដ្ឋាភិបាល កំពុងតែប្រឹងអស់លទ្ធភាព ដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺនេះ។

 រហូតដល់ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ព្រឹត្តិការណ៍ឆ្លងសហគមន៍២០កុម្ភៈ ត្រូវបាន ក្រសួងសុខាភិបាល ប្រកាសថា មានអ្នកឆ្លងកើនដល់ ៧៦នាក់​។ ក្នុងនោះ មាន​ខ្មែរ ១០នាក់ ចិន ៦៤នាក់ ​ វៀត​ណាម​​​ម្នាក់ និង​​កូរ៉េ​​ម្នាក់​។

កាលថ្ងៃទី២១ ខែកុម្ភៈ ​ក្រសួងអប់រំ ​បានសម្រេចបិទសាលារៀនយ៉ាងហោចណាស់ ៧សាលា រួមមាន៖ ១-សាលាឯកជន SIS នៅជិតផ្សារដើមគ ២-វិទ្យាល័យ​ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី ​៣-អនុវិទ្យាល័យឫស្សីជ្រោយ ស្រុកស្អាង ៤-សាលាបឋម​សិក្សា​ហ៊ុនសែនឫស្សីជ្រោយ ស្រុកស្អាង ខេត្តកណ្ដាល ៥-អនុវិទ្យាល័យឫស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្តាល ៦-សាលា​បឋម​​សិក្សា​កូលាបទី១ និង៧-​សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ រាជធានីភ្នំពេញ​។

នៅថ្ងៃទី២២កុម្ភៈ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានប្រកាសសម្រេចផ្អាកការជួបជុំ និងសកម្ម​ភាពកីឡា ដែ​លមានអ្នក​ចូលរួមលើស​ពី ២០នាក់។ ការធ្វើតេស្ត យក​សំណាកទៅ​ពិនិត្យរក​មេរោគកូវីដ១៩ ក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់​ នៅមណ្ឌល​សុខភាពចាក់អង្រែ តាមផ្លូវជាតិលេខ២ និងនៅតាមសាលារៀន ដែលបាន​ផ្អាកការ​សិក្សាបណ្តោះអាសន្ន ដោយ​សារតែមានឪពុកម្តាយ​អាណាព្យាបាល​ឆ្លងកូវីដ១៩ ពាក់​​ព័ន្ធ​​នឹង​​ព្រឹត្តិ​ការណ៍​​សហគមន៍​​២០​កុម្ភៈ។ ការធ្វើតេស្ត​ ក៏​ត្រូវ​បាន​​ធ្វើ​ឡើង​​លើអ្នកពាក់ព័ន្ធ​នៅស្រុកល្វាឯម ខេត្តកណ្តាល ផងដែរ នៅថ្ងៃទី២២កុម្ភៈ​។

ក្នុង​សេច​ក្តី​​ប្រកាស ​នៅ​ព្រឹក​ថ្ងៃទី២២ ខែកុម្ភៈនេះ ក្រសួងសុខាភិបាល បាន​​​ផ្ស​ព្វ​ផ្សាយ​ពីទីតាំង ដែលពាក់ព័ន្ធ​នឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ​ ចំនួន ២៣ទីតាំង នៅក្នុង​រាជធានី​ភ្នំពេញ​។ ទីតាំងទាំងនោះ ត្រូវបានបិទជាបណ្តោះអាសន្ន​ហើយ​។

ទីតាំង​ទាំង ២៣កន្លែង  ដែល​ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ ​រួមមាន៖ ១. ក្លឹ​ប N8 នៅ​ទួល​ស្វាយ​ព្រៃ។​ ២.ក្លិប ​Casa By Meridian នៅកោះពេជ្រ។ ៣.សណ្ឋាគារ​ Le Gong Guan Hotel នៅជិតផ្សារថ្មី​។ ​៤.​City Comfort នៅបឹងព្រលឹត។ ​៥.អគារ The Bridge នៅជិតកោះពេជ្រ។ ៦.​ The Point Service Apartment នៅជិតផ្សារដើមគ។ ៧. Mekong Street នៅជ្រោយចង្វារ។​ ៨.Pent House Apartment នៅមុខអេអនទី១។ ៩.Skyline DUMEX នៅសង្កាត់មិត្តភាព។ ១០.Somet Condoninium នៅសង្កាត់វាលវង់។ ១១.Residence L Olympic នៅសង្កាត់អូរឡាំពិក។ ១២.Prince Plaza Centre នៅជិតក្បាលថ្នល់។ ១៣. Celeste Skybar នៅទល់មុខសូហ្វីតែល។​ ១៤.Diamond Twin  នៅកោះពេជ្រ។ ១៥. JinZun ខារ៉ាអូខេ នៅមុខព្រលានយន្តហោះ។ ១៦.ក្លឹប Coco សណ្ឋាគារកណ្តាលសួនច្បារ ជាប់កាំបូឌីយ៉ាណា។ ១៧. JuHao មុខហាងឆ្នេរមាស។ ១៨.ហាង The World នៅក្រោយផ្សារបឹងត្របែក។ ១៩.ហាង វ័នមែនសិន នៅក្រោយផ្សារបឹងត្របែកផ្លាហ្សា​។ ២០.ក្លឹប ១៦៨ អតីត​នគរសំរឹទ្ធិ កែងវត្តមហាមន្ត្រី។ ២១.Love នៅ​ក្រោយអ៊ិចធូ។ ២២.វិទ្យាល័យ​ហ៊ុនសែន ភ្នំពេញថ្មី នៅក្រោយវត្តសំរោងអណ្តែត។ ២៣.សាលា SIS នៅ Lucky Star ជិតផ្សារដើមគ។

ការផ្សព្វផ្សាយនេះ ដើម្បី​ឲ្យ​បុគ្គល ដែលធ្លាប់បានចេញចូលទីតាំង​ខាងលើ ពីថ្ងៃទី០៦ ដល់ ថ្ងៃទី២០ ខែកុម្ភៈ ឬបុគ្គល​ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬដឹងថា ខ្លួនជាអ្នកប៉ះពាល់​ជាមួយ​អ្នកមានវីរុសកូវីដ១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្ត មកធ្វើ តេស្តរកមេរោគកូវីដ១៩ នៅរៀងរាល់ម៉ោងធ្វើការ នៅមណ្ឌលសុខភាព​ចាក់អង្រែ ក្នុង​រាជធានី​ភ្នំពេញ។ អ្នកទាំងនេះ ក៏ត្រូវដាក់ខ្លួន​នៅដាច់ដោយឡែកពី​ក្រុមគ្រួសារ ធ្វើចត្តាឡីស័ក ចំនួន ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ព្រមទាំងតាមដាន​សុខភាពជារៀងរាល់ថ្ងៃ។

ម្យ៉ាងទៀត ប្រសិនបើមានអាការៈមិនស្រួលខ្លួន ដូចជាមានឡើងកំដៅខ្លួន ក្អក ផ្តាសាយ ឈឺបំពងក ឬពិបាកដកដង្ហើម ជាដើម សូមហៅទៅលេខទូរស័ព្ទទាន់​ហេតុការណ៍ ១១៥ ​ដើម្បីជួយអន្តរាគមន៍សុខភាពបានទាន់ពេលវេលា​។

ក្រសួងសុខាភិបាល ក៏បានប្រកាស​អំពាវនាវ និងក្រើនរំលឹក​សាជាថ្មីម្តងទៀត សូម​បងប្អូន​ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស និងជាពិសេស​អ្នករស់នៅក្នុង​រាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវប្រកាន់​យកនូវការប្រុង​ប្រយ័ត្នខ្លួនជាប់ជានិច្ច គ្រប់គ្រងក្រុមគ្រួសារ​ឲ្យបានល្អ និងចូលរួមអនុវត្តវិធានការការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន​គ្រប់ៗគ្នា។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា ការរុករកស្រាវជ្រាវ បានបង្ហាញថា ស្ថានភា​ពនៃ​ការចម្លង​ក្នុងសហគមន៍នាពេលនេះ មានលក្ខណៈធំជាង និងសាំញ៉ាំ​ជាងព្រឹត្តិការណ៍​សហគមន៍ ២៨វិច្ឆិកា ហើយវិធានការ និងអន្តរាគមន៍នានា បានដាក់​ចេញជាបណ្តើរៗ គឺអាស្រ័យ​ទៅតាមស្ថានភាពនៃការរកឃើញវត្តមានវីរុសកូវីដ១៩ នៅតាមទីតាំងនីមួយៗ ដើម្បីទប់ស្កាត់ ការចម្លងបន្តវីរុសកូវីដ១៩ នៅក្នុងសហគមន៍ទ្រង់ទ្រាយធំធេង។

មកដល់ថ្ងៃទី២២កុម្ភៈ ក្រសួងសុខាភិបាល ពុំទាន់គ្រប់គ្រង​បាន​នៅឡើយទេ លើអ្នក​ពាក់ព័ន្ធ ក៏ប៉ុន្តែ​បានស្រាវជ្រាវរុករកទាំងយប់ទាំងថ្ងៃ តាមយក​អ្នកពាក់ព័ន្ធ មកធ្វើតេស្ត និង​ណែនាំ​ឲ្យធ្វើចត្តាឡីស័ក​​ឲ្យបានត្រឹមត្រូវ​។

ចំណែកកំណើន​នៃ​អ្នករក​ឃើញឆ្លងជំងឺកូវីដ១៩ មានជាបន្តបន្ទាប់ នាំ​ឲ្យមានបារម្ភ មិនមាន កន្លែង​ដាក់អ្នកជំងឺកូវីដ១៩ទាំងនោះ។ រាជរដ្ឋាភិបាល បានពង្រីកទៅ​ខាងពេទ្យ​យោធាផង និងសំឡឹង​រកពេទ្យឯកជន ដូចជា ពេទ្យ​ជោរី និងតាមសណ្ឋាគារ ជាដើម ដើម្បីធ្វើជាកន្លែង​ព្យាបាល​អ្នកជំងឺកូវីដ១៩​។

ចំពោះមុខនេះ គឺការ​ស្វែងរក​ឲ្យឃើញអ្នកពាក់ព័ន្ធ​ ហើយ​ធ្វើតេស្ត និងធ្វើចត្តាឡីស័ក​។ បើសិនជា​អ្នកពាក់ព័ន្ធនឹង​អ្នកជំងឺ ដែលទើបពិនិត្យឃើញកូវីដ ព្រមទាំង​ទីតាំងទាំង ២៣​កន្លែង ដែលបានប្រកាសខាងលើ ចេញទៅជួបគ្រូពេទ្យ​ ហើយពិនិត្យធ្វើតេស្ត និង​ធ្វើ​ចត្តាឡីស័ក​​ឲ្យបានត្រឹមត្រូវនោះ ការកាត់ផ្តាច់​ការចម្លង​ក្នុងសហគមន៍ ក៏បានបញ្ចប់។ ប៉ុន្តែរឿងនេះ មិនសាមញ្ញទេ។ ដូច្នេះ គេគួរតែទៅពេទ្យ ព្រោះថា ទៅពេទ្យ​មិនត្រឹមតែ​ជួយ​​ខ្លួន​ឯងទេ តែក៏ដើម្បី​​កុំ​ឲ្យឆ្លងទៅអ្នកផ្សេងទៀត ពិសេសក្រុមគ្រួសារ និងសង្គម​ជាតិយើងទាំងមូល៕