បន្ទាយមានជ័យ៖ កងកម្លាំងនៅតែបន្តការចុះល្បាតតាមបន្ទាត់ព្រំដែន ដើម្បីត្រួតពិនិត្យ ទប់ស្កាត់ពលករលួចឆ្លងដែនការពារទប់ស្កាត់កូវីដ១៩ អោយបាន មិនអោយឆ្លង ក្នុងសហគមន៍។
លោកឧត្តមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ បានប្រាប់នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ថា ជាការណែនាំពីឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងវិធានការរបស់លោកឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ចាការយោធភូមិភាគទី៥ ហើយកងកម្លាំងទាំងបីស្ថាប័ន មានយោធា កងរាជអាវុធហត្ថ កម្លាំងនគរបាលការពារព្រំដែនគោក បានខិតខំយកចិត្តទុកដាក់ និងចេញល្បាតជាប្រចាំទាំងយប់ និងថ្ងៃដើម្បីទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់។
លោកបានបញ្ជាក់ថា កងកម្លាំង ត្រូវបានដាក់ពង្រាយតាមដងផ្លូវតាមបន្ទាត់ព្រំដែន ដើម្បីដាក់ប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៩កន្លែង តាមស្រុក ដែលជាប់ជាយដែនមានស្រុកថ្មពួកចំនួន៣កន្លែង ស្រុកស្វាយចេកចំនួន ៣កន្លែង និងស្រុកម៉ាឡៃចំនួន ៣កន្លែង ដើម្បីពង្រឹងការត្រួតពិនិត្យពលករចំណាកស្រុក ដែលលួចឆ្លងដែនគេចវេះពីធ្វើចត្តាឡីស័ក។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរង និងជានាយសេនាធិការយោធភូមិភាគទី៥ បានដាក់វិធានការដល់កងកម្លាំង ដែលកំពុងបំពេញភារកិច្ចតាមការណែនាំប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានចេញសារណែនាំត្រូវពង្រឹងការទប់ស្កាត់ពលករចំណាក់ស្រុកដែលលួចឆ្លងដែនខុសច្បាប់ ដែលគេចវេសពីធ្វើចត្តាឡីស័កទប់ស្កាត់កូវីដ១៩មិនអោយរីករាលដាលក្នុងសហគមន៍ និងត្រូវស្រាវជ្រាវរកចាប់ខ្លួនមេខ្យល់អោយបាន ដែលដើរបោកប្រាស់ប្រជាពលរដ្ឋ ទៅធ្វើចំណាកស្រុកខុសច្បាប់៕ ដោយ៖ ប៊ុន ធឿន








ចែករំលែកព័តមាននេះ