ព្រឹកថ្ងៃទី២១! តំបន់កោះពេជ្រនិងទីតាំងសំខាន់ៗមួយចំនួនបន្តហ៊ុមព័ទ្ធពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ(វីដេអូ)
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រោយពីក្រសួងសុខាភិបាលរកឃើញអ្នកជំងឺឆ្លងថ្មីកូវីដ១៩ ឆ្លងថ្មីរហូតទៅដល់៣២នាក់ ជាអ្នកដំណើរចូលមកកម្ពុជា ក្នុងរយៈពេល១ថ្ងៃ គឺថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ដែលជាព្រឹត្តិការណ៍ផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍២០កុម្ភៈ ដ៏ធំបំផុតមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជារបស់យើងនាពេលកន្លងមកនោះ។

លុះដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងក្រុមគ្រូពេទ្យជំនាញរបស់ក្រសួងសុខាភិបាល បានចុះត្រួតពិនិត្យទីតាំងសង្ស័យមានពាក់ព័ន្ធចំនួន២ទីតាំង ក្នុងនោះមាន ៖
ទីតាំងទី១- ទីក្រុងកោះពេជ្រ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និង

ទីតាំងទី២-ក្លឹបកំសាន្ត អ៊ិន ប្រាំបី (N8) ដែលមានទីតាំងស្ថិតនៅផ្លូវព្រះមុនីរ៉េត កែងផ្លូវលេខ ២៨៦ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបេងកេងកង។
ទីតាំងទាំង២ខាងលើនេះ ត្រូវបានកម្លាំងមានសមត្ថកិច្ចចម្រុះយ៉ាងច្រើន ដោយមានទាំងកម្លាំងនគរបាល និងកងរាជអាវុធហ្ថ មកពីតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ និងកម្លាំងនគរបាលនៃស្នងការនគរបាលរាជធានីភ្នំពេញយ៉ាងច្រើនបានមកដាក់បារ៉ាស់ឡោមព័ទ្ធបិទមិនឱ្យធ្វើណើរចេញ ឬចូលទៅក្នុងទីក្រុងកោះពេជ្រទាំងមូលក៏ដូចជា ក្លឹបកំសាន្ត អ៊ិន ប្រាំបី (N8) បានឡើយ។

បើយោងតាមប្រភពព័ត៌មានពីអាជ្ញាធរបានប្រាប់ឱ្យដឹងថា ទីតាំងទីក្រុងកោះពេជ្រ ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានកម្លាំងមានសមត្ថកិច្ចមានទាំង នគរបាលមូលដ្ឋានខណ្ឌចំការមន នគរបាលមកពីតាមបណ្តាខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ កម្លាំងកងរាជអាវុធហត្ថណ្ឌ និងក្រុងជាច្រើនបានដាក់បារ៉ាស់ឡោមទ័ព្ធបិទជុំវិញ គ្រប់ច្រក-ចេញ ឬចូល ទាំងអស់ដោយមិនអនុញ្ញាតិឱ្យអ្នកណាម្នាក់ចេញ ឬចូលបានឡើយមិនថាឡើយតែជនជាតិខ្មែរ ឬក៏ជនជាតិចិននោះទេ។

ការដាក់បារ៉ាស់បិទច្រកចេញ-ចូល ទីក្រុងកោះពេជ្រនេះដែរ គឺបានបិទច្រកធំៗចំនួន៣ គឺទី១-នៅចំណុច ស្ពាននាគភ្លោះ ទី២-ស្ពានហង្ស និងទី៣-ស្ពានឥន្ធនូ ទាំងស្រុង ក្រៅពីនោះក៏មានតាមបណ្តាផ្លូវ និងច្រកមួយចំនួន ដែលនៅជុំវិញបរិវេណក្បែរខាងក្រៅកោះពេជ្រទៀតដែរ ដូចជា ៖ ផ្លូវខាងមុខអគារ THE BRIDGE , ផ្លូវច្រកចន្លោះរដ្ឋសភាជាតិ និងស្ថានទូតអូស្ត្រាលី, ផ្លូវសប៊ិត ខាងមុខក្រសួងការបទេស តាមបណ្តាផ្លូវម្តុំខាងក្រោយស្ថានទូតរុស្ស៊ី រួមទាំងផ្លូវ និងច្រក មួយចំនួនទៀតផងដែរ។

តាមប្រភពដដែលបានប្រាប់បន្តទៀតថា មូលហេតុដែលកម្លាំងមានសមត្ថកិច្ចចម្រុះយ៉ាងច្រើនដាក់បារ៉ាស់បិទផ្លូវចូលស្ពានកោះពេជ្រ និងផ្លូវ និងច្រកតូចៗជាច្រើនទៀតចូលទៅកាន់កោះពេជ្រនាពេលនេះ គឺចាប់ផ្តើមធ្វើឡើងតាំងពីម៉ោង០២រំលងអធ្រាត្រឈានចូលថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២១ មកម្ល៉េះ។

ដោយសារតែមានការសង្ស័យមានអ្នកពាក់ព័ន្ធទៅលើអ្នកជំងឺកូវីដ១៩ ដែលស្នាក់នៅក្នុងសណ្ឋាគារ និងអគារមួយចំនួននៅខាងក្នុង។ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញ របស់ក្រសួងសុខាភិបាលចុះទៅធ្វើការត្រួតពិនិត្យរកអ្នកជាប់ពាក់ព័ន្ធទៅតាមបច្ចេកទេសជំនាញ ដោយមិនអនុញ្ញាតិឱ្យមានអ្នកណាម្នាក់ចេញ ឬចូលបានឡើយ ទាំងជនជាតិខ្មែរជាបុគ្គលិក និងជនជាតិចិន ។ ហើយការបិទកោះពេជ្រទាំងស្រុងនេះដែរ គឺមិនទាន់បានដឹងថា បិទក្នុងរយៈពេលប៉ុន្មានថ្ងៃនោះឡើយ។

ចំណែកចំណុចក្លឹបកំសាន្ត អ៊ិន ប្រាំបី (N8) មានទីតាំងស្ថិតនៅផ្លូវព្រះមុនីរ៉េត កែងផ្លូវលេខ ២៨៦ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង នាព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២១ដដែលនេះ ដែលជាចំណុចសង្ស័យផ្ទុះកើតមានឡើងនូវជំងឺកូវីដ១៩នេះដ៏ធំក្នុងព្រឹត្តិការណ៍២០កុម្ភៈនោះ។ ក៏មានកម្លាំងជំនាញរបស់ក្រុមគ្រូពេទ្យ នៃក្រសួងសុខាភិបាល ជាច្រើននាក់ រួមទាំងរថយន្តពេទ្យចំនួន៣គ្រឿង បានចុះមកធ្វើការត្រួតពិនិត្យ ដោយមានកងកម្លាំងយ៉ាងច្រើននាក់បានដាក់បារ៉ាស់ ឡោមព័ទ្ធជុំវិញមិនឱ្យមានអ្នកចេញ ឬចូលយ៉ាងតឹងរ៉ឹងផងដែរ។

ហើយក្នុងការដាក់បារ៉ាស់ជុំវិញ ដើម្បីឱ្យក្រុមគ្រូពេទ្យជំនាញរបស់ក្រសួងសុខាភិបាលចុះធ្វើការត្រួតពិនិត្យមនុស្សមួយចំនួននៅក្នុងទីតាំងក្លឹមកំសាន្ត អ៊ិន ប្រាំបី (N8) ខាងលើនេះដែរ គឺចាប់ផ្តើមឡើងចាប់តាំងពីម៉ោងប្រមាណជា០២រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០២១ តំណាលៗនឹងការបិទកោះពេជ្រមកម្ល៉េះ។

ក្រោយពីចុះធ្វើការត្រួតពិនិត្យអស់តយៈពេលជាច្រើនម៉ោងរួចមក លុះដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល គេក៏បានឃើញរថយន្តពេទ្យទាំង៣គ្រឿងបានដឹកមនុស្សប្រុស-ស្រីជាច្រើននាក់ចេញក្លឹបតំណាលៗគ្នា ដោយមិនមានអ្នកណាម្នាក់ដឹងថា ដឹកយកទៅប៉ុន្មាននាក់ទេ? និងយកទៅកាន់ទីកន្លែងណានោះឡើយ?

ក្រោយពីក្រុមគ្រូពេទ្យបិទបញ្ចប់ការត្រួតពិនិត្យទីតាំងក្លឹបកំសាន្ត អ៊ិន ប្រាំបី (N8) ដែលជាទីតាំងសង្ស័យពាក់ព័ន្ធជាកន្លែងផ្ទុះនូវជំងឺកូវីដ១៩ ខាងលើរួចហើយ កម្លាំងមានសមត្ថកិច្ចក៏បានធ្វើការដកបារ៉ាស់ដែលដាក់បិទលើផ្លូវលេខ២៨៦ មិនឱ្យឆ្លងកាត់ តាំងពីយប់ចេញ និងឱ្យជិះធ្វើដំណើរបានជាធម្មតាឡើងវិញ និងបានបិទអាជីវកម្មក្លឹបកំសាន្តជាបណ្តោះអាសន្នមួយរយៈផងដែរ ទាល់តែមានការអនុញ្ញាតិពីរាជរដ្ឋាភិបាល ទើបឱ្យបើកដំណើរការជាធម្មតាឡើងវិញបាន។

ពាក់ព័ន្ធទៅនឹងការដាក់បារ៉ាស់បិទមិនឱ្យចេញ ឬចូលទីក្រុងកោះពេជ្រនេះដែរ លុះដល់ម៉ោងប្រមាណជា៤ល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ល្ងាចថ្ងៃដដែលនេះដែរ គេសង្កេតឃើញថា នៅចំណុចច្រកចូលទ្វារត្រង់ស្ពាននាគភ្លោះតែមួយប៉ុណ្ណោះ ត្រូវបានកម្លាំងមានសមត្ថកិច្ចរើបារ៉ាស់យកចេញ បើកឱ្យមនុស្សអាចធ្វើដំណើរចេញ ឬចូលបានដោយសេរីជាធម្មតាវិញ។

ចំណែកឯច្រកចូលតាមស្ពានចំនួន២ទៀត គឺតាមស្ពានហង្ស និងស្ពានឥន្ធនូ ត្រូវបានដាក់បារ៉ាស់ និងមានកម្លាំងសមត្ថកិច្ចឈរប្រចាំការយាមមិនអនុញ្ញាតិឱ្យចេញ ឬចូលដដែល និងឱ្យចេញ ឬចូលបានតែច្រកស្ពាននាគភ្លោះតែមួយគត់ ។ រីឯឯតាមបណ្តាផ្លូវ និងច្រកមួយចំនួនដែលនៅជុំវិញកោះពេជ្រនោះ គឺមួយចំនួនក៏បានបើក និងមួយចំនួនទៀតក៏បន្តនៅបិទដែរ។

ដោយឡែកនៅតាមបណ្តាអគារការមួយចំនួនប្រមាណជា៦រោងនៅក្នុងកោះពេជ្យនោះ ក្នុងនោះមានដូចជានៅអគារ A, អគារ E-G-J និង L ខ្លះមួយអគារ និងខ្លះ២អគារ ត្រូវបានគេបើកការ និងទទួលភ្ញៀវបានជាធម្មតាឡើងវិញ ប៉ុន្តែគេសង្កេតឃើញថា ចំនួនភ្ញៀវដែលបានទៅចូលរួមក្នុងពិធីមង្គលការនីមួយៗ ហាក់បីដូចជាមានចំនួនថមថយ និងមិនអធិកអធមដូចកាលពីមុនៗឡើយ។

















































<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ