រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានមានប្រសាសន៍ថាទោះបីជាកម្ពុជាប្រកាសរកឃើញនូវព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈក្តី តែសម្តេចមិនទាន់សម្រេចថានឹងផ្អាកនូវការរៀបអាពាហ៍ពិពាហ៍ និងបិទសាលារៀនជាបណ្តោះអាសន្នទេ តែពលរដ្ឋខ្មែរ ជាពិសេសអ្នករស់នៅក្រុងភ្នំពេញត្រូវប្រុងប្រយ័ត្ន បើមិនចេញពីផ្ទះកាន់តែល្អប្រសើរ ។

ក្នុងការថ្លែងសារពិសេសនៅព្រឹកថ្ងៃទី ២០ កុម្ភះនេះ សម្តេចក៏បានបញ្ជាក់ថាអំពីការរកឃើញការឆ្លងក្នុងសហគមន៍លើកទី ៣ នៅក្រុងភ្នំពេញនេះគឺមានស្ត្រី៤នាក់ជាជនជាតិចិន នៅសណ្ឋាគារសុខា និងអ្នកផ្សេងទៀតក៏ភាគច្រើនជាជនជាតិចិន តែក៏មានជនជាតិខ្មែរដែរ ដូច្នេះសម្តេចស្នើសុំពលរដ្ឋកុំឲ្យមានការរើសអើងជនជាតិចិន ។ សម្តេចបានបញ្ជាក់ថាព្រឹត្តិការណ៍សហគមន៍លើកមុនៗគឺមានការរើសអើងអ្នកភ្នំពេញទៅខេត្ត ជាឧទាហរណ៍ ហើយកន្លងមកក៏មានជនជាតិស្បែកស កើតកូវីដ រហូតមានការខ្លាចពួកស្បែកសម្តងរួចមកហើយ ។

សម្តេចបានមានប្រសាសន៍បញ្ជាក់ថា «ឥឡូវ ខ្ញុំស្នើអោយយកការភ័យខ្លាច ទៅជាការអនុវត្តនូវការរក្សាគម្លាតសុវត្ថិភាព» ។ សម្តេចបានបន្តថាសូមបងប្អូនចូលរួមទាំងអស់គ្នាដើម្បីគ្រប់គ្រងសភាពការណ៍ឲ្យបានល្អនិងគ្រប់គ្រងបានទាំងស្រុង ។
សម្តេចតេជោ បានស្នើសុំជាថ្មី ឲ្យរក្សាគម្លាតសុវត្ថិភាពនិងការអនុវត្តវិធានការណ៍សុខាភិបាលឲ្យបានល្អ ហើយបើមិនមានការចាំបាច់ កុំចេញពីផ្ទះសម្រាប់អ្នកនៅភ្នំពេញ ៕
ចែករំលែកព័តមាននេះ