រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋបាលខណ្ឌពោធិសែនជ័យ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការចាប់ខ្លួនជនដៃដល់ម្នាក់ទៀត ដែលជាជនទី៤ ក្នុងចំណោមគ្នា៥នាក់ ដែលបានធ្វើសកម្មភាពកាប់ប្រហារទៅលើយុវជន២នាក់ ក្នុងវង់ផឹកស៊ី បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់កាលពី១ឆ្នាំមុន ។

ការចាប់ខ្លួននេះបានធ្វើឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នៅចំណុចផ្ទះជួលលេខ១៣ ផ្លូវបេតុងភូមិត្នោតជ្រុំ ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនដៃដល់ទី៤ ដែលត្រូវនគរបាលចាប់ខ្លួននោះ ឈ្មោះ ផុន ភិន អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលខាងលើ ។

ចំណែកជនរងគ្រោះដែលស្លាប់ ឈ្មោះ លិន ឈឿន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រស្នាក់នៅផ្ទះជួលភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ រីឯអ្នករងរបួសធ្ងន់ឈ្មោះ អ៊ុន ស៊ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលជាមួយគ្នា រងរបួសក្បាលច្រើនកន្លែង និងស្រាំលលាដ៍ក្បាល ព្រមទាំងភ្នែកផងដែរ ។

តាមរបាយការណ៍នគរបាលខណ្ឌពោធិ៍សែនជ័យបានបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើង តាំងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទីយប់ គឺ១ឆ្នាំមកម្ល៉េះ ដោយនៅខណៈនោះជនរងគ្រោះរួមជាមួយមិត្តភក្កិ២នាក់ទៀត សរុបទាំងអស់មានគ្នា៤នាក់ បាននាំគ្នាអង្គុយផឹកស្រាក្រឡុកនៅជិតស្ពានថ្មផ្លូវផ្សារទួលពង្រ ស្ថិតនៅក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។

ក្រោយមកក៏មានទំនាស់ពាក្យសម្ដីគ្នាជាមួយ និងជនដៃដល់២នាក់ ហើយត្រូវបានជនដៃដល់ទូរស័ព្ទហៅបក្សពួក៣នាក់ទៀត ឲ្យទៅជួយ ប៉ុន្តែត្រូវបានជនរងគ្រោះទាញកៅអីវាយមុនទើបក្រុមជនដៃដល់កាប់បណ្ដាលឲ្យរងរបួសធ្ងន់២នាក់ ។ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុជនដៃដល់បានរត់គេចខ្លួនបាត់អស់ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ប៉ុន្តែដោយសារតែរបួសធ្ងន់ពេកជនរងគ្រោះឈ្មោះលិន ឈឿន បានស្លាប់បាត់បង់ជីវិតទៅ ។
ខណៈនោះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានចុះទៅអន្តរាគមន៍ស្រាវជ្រាវ ហើយ៤ថ្ងៃក្រោយឃាត់ខ្លួនជនដៃដល់បានម្នាក់ឈ្មោះ ផេក ចក្រា អាយុជាង២០ឆ្នាំបងមិនពិតប្រាកដ ស្នាក់នៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ នាំយកទៅធ្វើការសាកសួរនិងកសាងសំណុំរឿង និងធ្វើការស្រាវជ្រាវឃាត់ខ្លួនបានបន្តបន្ទាប់២នាក់ទៀត សរុប៣នាក់ ចំណែកឯបក្សពួក២នាក់បានបន្តគេចខ្លួន ។
ប្រភពខាងលើបានបន្តបញ្ជាក់បន្ថែមទៀតថា ទោះបីបែបណាកម្លាំងនគរបាលខណ្ឌនៅតែបន្តធ្វើការស្រាវជ្រាវតាមស្វែងរកជនដែកកំពុងរត់គេចខ្លួននោះដដែល ហើយរហូតមកដល់វេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ទើបចាប់ខ្លួនបានម្នាក់ទៀតឈ្មោះ ផុន ភិន ដែលជាជនទី៤ ដូច្នេះនៅសល់តែម្នាក់ទៀត ប៉ុណ្ណោះដែលជាជនទី៥ កំពុងរត់គេចខ្លួនហើយកម្លាំងនគរបាលកំពុងតែធ្វើការស្រាវជ្រាវ និងតាមឃាត់ខ្លួនបន្តទៀតហើយ ៕
ចែករំលែកព័តមាននេះ