ភ្នំពេញ៖ បុរសម្នាក់ បើករថយន្តបង្កស៊េរីទំនើប ម៉ាក អូឌី ក្នុងស្ថានភាពល្បឿនលឿនដូចហោះ ហើយអ្នកបើកបរងោកមួយភាំង បានរេចង្កូត ជ្រុលទៅបុកបង្គោលរបងតឿ ដាក់ច្រវាក់របស់ស្ថានទូតបារាំង បណ្តាលអោយរងការខូចខាត។ តែសំណាងល្អ អ្នកបើកបររងរបួសស្រាល។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣ និង១៥ នាទី ទាបភ្លឺថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្តោយផ្លូវព្រះមុនីវង្ស ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ច ដែលយាមនៅគោលដៅខាងលើនេះ បានអោយដឹងថា មុនពេលកើតហេតុ គឺរថយន្តម៉ាក អូឌី ពណ៌សពាក់ស្លាកលេខ នគរបាល 2-2764 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះ ដោយសារតែរថយន្តបង្កបើកក្នុងស្ថានភាពយ៉ាងលឿនដូចហោះ មិនបានប្រយ័ត្ននោះទេ ហើយសង្ស័យម្ចាស់រថយន្តងោកមួយភាំង ទើបរេចង្កូតមកឆ្វេងដៃបុករះបង្គោលតឿ ដាក់ច្រវាក់របងស្ថានទូតបារាំង បណ្តាលអោយអស់បាក់រាយប៉ាយ ពេញផ្លូវហើយរថយន្ត ខ្ទាតជាង ២០០ម៉ែត្រ រងការខូចខាតខ្ទេចអស់មួយកំណាត់ខាងមុខ ចំហៀងខាងឆ្វេង ថែមទាំងដាច់ក្រឡេកង់ និងដាច់បូមខ្ទាតពេញផ្លូវ និងផ្ទុះពោងទាំងសងខាង។
ភ្លាមៗនោះ អ្នកបើកបរ ចេញមកដោះស្លាកលេខ យកទៅទុក រួចគេចចេញពីកន្លែងកើតហេតុបាត់ បន្សល់ទុកនៅតែរថយន្ត អោយតំណាងមកជួយដោះស្រាយ។
គ្រោះថ្នាក់ខាងលើនេះ គឺខូចខាតបង្គោលរបងអស់ចំនួន ១៤បង្គោល មានបាក់ខ្លះ និងខូចខាតតិចតួចខ្លះ។
ក្រោយពេលកើតហេតុ រថយន្តបង្ក ត្រូវបានសមត្ថកិច្ច វាស់វែង អូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីដោះស្រាយ និងផាកពិន័យទៅតាមនីតិវិធី៕ ដោយ៖ យឹម ឈឿន





ចែករំលែកព័តមាននេះ