ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការវិនិយោគលើចម្ការឈើដាំ ផ្តល់ផលប្រយោជន៍ជាច្រើន សម្រាប់បរិស្ថាន និងធនធាន​ធម្មជាតិ

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ៖ នៅក្នុងអំឡុងពេលដឹកនាំមន្ត្រីពាក់ព័ន្ធ យុវជន និងប្រជាសហគមន៍តំបន់​ការពារធម្មជាតិ នៅជុំវិញដែនជម្រកសត្វព្រៃព្រៃឡង់ និងអ្នកសារព័ត៌មាន សរុបប្រមាណជិត ៣០០នាក់ ទៅទស្សនកិច្ចសិក្សាស្វែងយល់ពីឧស្សាហកម្មចម្ការ​ឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយអូថេក កាលពីថ្ងៃទី១៥…

ខេត្តក្រចេះ៖ នៅក្នុងអំឡុងពេលដឹកនាំមន្ត្រីពាក់ព័ន្ធ យុវជន និងប្រជាសហគមន៍តំបន់​ការពារធម្មជាតិ នៅជុំវិញដែនជម្រកសត្វព្រៃព្រៃឡង់ និងអ្នកសារព័ត៌មាន សរុបប្រមាណជិត ៣០០នាក់ ទៅទស្សនកិច្ចសិក្សាស្វែងយល់ពីឧស្សាហកម្មចម្ការ​ឈើដាំរបស់ក្រុមហ៊ុនស៊ីងបាយអូថេក កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា រាជរដ្ឋាភិបាលគាំទ្រកសិឧស្សាហកម្មចម្ការឈើដាំ ព្រោះវាបានផ្តល់ផលប្រយោជន៍​ជាច្រើន សម្រាប់បរិស្ថាន និងធនធានធម្មជាតិ​។

លោករដ្ឋលេខាធិការ បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងតែជំរុញឱ្យមាន​ការវិនិយោគចម្ការឈើដាំឱ្យបានច្រើន ដើម្បីបង្កើតភាពបៃតង និងបង្កើតប្រភពឈើសម្រាប់ប្រើប្រាស់ប្រកបដោយនិរន្តរភាព។

លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សារៈប្រយោជន៍នៃចម្ការឈើគឺគេអាចយក​ផល​មកប្រើប្រាស់ កែច្នៃ ចាប់តាំងពីគល់ រហូតដល់ចុង ហើយវាក៏បានចូលរួមក្នុងការបង្កើតនូវគម្របបៃតង និងសម្រាប់ធនធានធម្មជាតិ ចម្ការឈើដាំនេះគឺបានដើរតួនាទីយ៉ាងសំខាន់ណាស់ដែលឈើទាំងអស់នេះ គឺនឹងជំនួសការប្រើប្រាស់ឈើធម្មជាតិ ហើយយើងខិតខំប្រឹងប្រែងនៅក្នុងការការពារ និងអភិរក្សឈើធម្មជាតិដែលមានឱ្យបានគង់វង្ស។

លោក នេត្រ ភក្ត្រា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តការពារ​ធនធានធម្មជាតិ។ ចម្ការឈើដាំ ដែលបាននិងកំពុងរីកដុះដាលនៅកម្ពុជា នឹងជួយកាត់បន្ថយការនាំចូលវត្ថុធាតុដើមឈើកែច្នៃពីបរទេស និងបង្កើតប្រភពឈើប្រើប្រាស់ប្រកប​ដោយនិរន្តរភាព នៅក្នុងស្រុក ខណៈធនធានធម្មជាតិ ព្រៃឈើ បានដើរតួនាទីយ៉ាងសំខាន់ចូលរួមថែរក្សា​ប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី សម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក។

លោកថា ការវិនិយោគទៅលើចម្ការឈើដាំ គឺជាផ្នែកមួយនៃការចូលរួមកាត់បន្ថយ​សម្ពាធ​ទៅ​លើធម្មជាតិ ពីព្រោះបច្ចុប្បន្ននេះ នៅលើ ពិភពលោក និន្នាការនៃការប្រើ​ប្រាស់​ឈើធម្មជាតិ គឺមានការធ្លាក់ចុះ ប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹងអំពី ផលប៉ះពាល់ ដែលពាក់ព័ន្ធជាមួយនិងបរិស្ថាននៅពេលដែលប្រើប្រាស់ឈើធម្មជាតិ។ នៅបណ្តា​ប្រទេស​ប៉ែកអឺរ៉ុប សហរដ្ឋអាមេរិក គឺគេបានកែច្នៃឈើដាំ ដែលងាយនឹងដាំ ងាយនឹងទទួលបានផល ហើយបានកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ។ ដោយឡែកប្រជាពលរដ្ឋពីមុនមក ដែលមានទំនៀម ទំលាប់ប្រើប្រាស់គ្រឿងសង្ហាររឹម មានឈើធម្មជាតិជាដើម គឺគាត់តែងតែ ប្រើឈើសង្ហាររឹមពីធម្មជាតិ នេះគឺជាបញ្ហាមួយដែលធ្វើឱ្យមានសម្ពាធទៅលើឈើធម្មជាតិ ពីព្រោះនៅពេលដែលមានតម្រូវការប្រើប្រាស់ គឺត្រូវមានការផ្គត់ផ្គង់ ដែលនេះគឺជាបញ្ហាប្រឈមដែលយើងត្រូវការទប់ស្កាត់ផងដែរ។

លោកថា «ប្រសិនបើយើងមានអ្វីជំនួសដូចជាចម្ការឈើដាំនេះ នោះការប្រើប្រាស់ឈើធម្មជាតិនេះ អាចនឹងត្រូវកាត់បន្ថយ ហើយឥឡូវនេះប្រជាពលរដ្ឋមួយចំនួននៅតាមទីប្រជុំជន យើងឃើញគ្រឿងសង្ហាររឹមដែលគាត់ប្រើសម្រាប់ការតុបតែងនៅការិយាល័យធ្វើការ ឬ នៅផ្ទះគាត់មួយចំនួន គឺគាត់បានប្រើប្រាស់ឈើកែច្នៃ»។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបង្ហាញការគាំទ្រ និងបានថ្លែងថា ការការវិនិយោគលើចម្ការឈើដាំពិត ជាពិតជាមានសារៈសំខាន់ ព្រោះវានឹងជួយកាត់បន្ថយសម្ពាធ មកលើការប្រើប្រាស់ឈើធម្មជាតិហើយ ការបង្កើតឱ្យមានឧស្សាហកម្មកែច្នៃឈើនេះ ក៏នឹងជួយបង្កើតការងារ និងបង្កើនចំណូលជូនប្រជាពល រដ្ឋនៅក្នុងតំបន់នោះ ចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិ។

យោងតាមការបញ្ជាក់ពីលោក សាន សុខហៀង តំណាងរបស់ក្រុមហ៊ុន ស៊ីង បាយអូថេក ផ្ទៃដី ដែលក្រុមហ៊ុនបានទទួលសិទ្ធិពីរាជរដ្ឋាភិបាល មានផ្ទៃដីសរុបទំហំ ៣៤០០៧ ហិកតា ក្នុងនោះ ក្រុមហ៊ុន បានកាត់ផលប៉ះពាល់ ជាមួយនិងប្រជាពលរដ្ឋ នៅក្នុងសហគមន៍ រួចមកគឺនៅសល់ប្រហាក់ប្រហែលជា ២៥០០០ ហិកតា​។ បន្ទាប់ពីទទួល បានសិទ្ធិក្នុងការដាំដុះ ក្រុមហ៊ុនបានធ្វើសកម្មភាពយ៉ាង សកម្មដោយឈូសឆាយផ្ទៃដី និងដាំដុះឈើ ហើយមានឈើមួយចំនួនបានធំអាចកាប់យកកែច្នៃបានផងដែរ។

លោក សុខហៀង បានឱ្យដឹងថា មកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនដាំដុះឈើលើផ្ទៃដីសរុប​ជាង ៥ពាន់ហិកតាហើយ ហើយប្រភេទឈើ ដែលបានដាំនោះ មានដូចជា ដើមប្រេងខ្យល់ ម៉ៃសាក់ និងគ្រញូងមួយចំនួន។

ប្រជាពលរដ្ឋនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ ពោលគឺនៅជិតទីតាំងក្រុមហ៊ុនដាំឈើ ដែលជាតំបន់ដាច់ស្រយាលមួយ បានរស់ពឹងលើរបរកាប់ឈើ បរបាញ់សត្វ រកត្រី និងធ្វើស្រែជាដើម ដើម្បីទ្រទ្រង់ជីវភាព។ របរទាំងនេះ មិនអាចឱ្យពួកគេរកចំណូល​បានទៀងទាត់នោះឡើយ។ នៅពេលក្រុមហ៊ុន ស៊ីង បាយអូថេក ចូលទៅដាំដុះឈើ បានផ្តល់ការងារជាច្រើនកន្លែងជូនដល់ប្រជាពលរដ្ឋ ហើយក៏បានធ្វើឱ្យជីវភាព​របស់ពួកគេបានប្រសើរផងដែរ។

អ្នកស្រី ហួន ធីតា រស់នៅក្នុងភូមិបឹងចារ ឃុំអាចើន ស្រុកសំបូរ ខេត្តក្រចេះ ដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុន ស៊ីងបាយអូថេក បានបញ្ជាក់ថា អ្នកស្រីបានធ្វើការនៅក្នុងក្រុមហ៊ុននេះ ជាយូរឆ្នាំមកហើយ ពោលគឺចាប់ពីម្ចាស់ក្រុមហ៊ុនពីមុនមក ហើយបច្ចុប្បន្ននេះ គាត់ធ្វើការនៅក្នុងផ្នែកច្រកកូនឈើចូលថង់ ដោយក្នុង ១ថ្ងៃអាចរកចំណូលបានចន្លោះពី ៤ ទៅ ៥ម៉ឺនរៀល។

លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្របដណ្តប់ ៤៦,៨៦% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ លោក បានបញ្ជាក់ថា អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង​តំបន់ការពារធម្មជាតិ បានល្អប្រសើរ យើងបានលក់ឥណទានកាបូន នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃព្រៃឡង់ (ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង) ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុប ១១,៦ លានដុល្លារអាមេរិក ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ សម្រាប់ទ្រទ្រង់ដល់ការការពារ និងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋាន ដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព៕ ដោយ៖ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ