រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលមួយរូបដែលពាក់ស័ក្តិ «វរសេនីយ៍ទោ» ត្រូវបានកម្លាំងនគរបាលនៃស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ បន្ទាប់ពីមន្ត្រីនគរបាលរូបនេះ ពិតជាបានប្រើប្រាស់អំពើហឹង្សាលើនារីម្នាក់នៅហាងខារ៉ាអូខេខេត្តព្រៃវែងកន្លងទៅ ។

យោងតាមសេចក្តីបកស្រាយបំភ្លឺរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ ថាលោកវរសេនីយ៍ទោ ហាក់ លី ពិតជាបានបង្កអំពើហិង្សានៅខេត្តព្រៃវែងពិតប្រាកដមែន ។ ការបកស្រាយនេះធ្វើឡើងក្រោយពីជនរងគ្រោះនិងក្រុមគ្រួសារជនរងគ្រោះបានស្នើសុំការជួយពីថ្នាក់ដឹកនាំប្រទេស ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបកស្រាយបំភ្លឺជូនមហាជនឲ្យបានជ្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២១ លោក ហាក់ លី ពិតជាបានបង្កអំពើហិង្សាទៅលើនារីម្នាក់ នៅហាងខារ៉ាអូខេនៅខេត្តព្រៃវែង ពេលនេះលោក ហាក់ លី ត្រូវបានតម្រួតបទបញ្ជានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួន ម្យ៉ាងវិញទៀតស្នងការនគរបាលរាជធានីភ្នំពេញ និងអនុវត្តបន្តតាមនីតិវិធីច្បាប់ ដោយរង់ចាំការសម្រេចរបស់ព្រះអជ្ញារខេត្តព្រៃវែងជាមុនសិន » ។

សូមបញ្ជាក់ថា លោក ហាក់ លី គឺជាមន្ត្រីប្រឆាំងការជួញដូរមនុស្សនៅក្នុងរាជធានីភ្នំពេញ ។ លោក ហាក់ លី បានចូលទៅច្រៀងខារ៉ាអូខេមួយកន្លែង ក្នុងខេត្តព្រៃវែង ហើយបានវាយដុំលើស្ត្រីមួយរូបឲ្យមានរបួសស្នាម ក្រោយពីលោកខឹងមិនអាចបញ្ចុះបញ្ចូលបុគ្គលិកនារីម្នាក់ ឱ្យទៅគេងជាមួយខ្លួនបាន ។
អ្នកស្រី ឡោ សារ៉ុម អាយុ៤៣ឆ្នាំ ដែលជាម្ចាស់ហាងខារ៉ាអូខេនោះ បានប្រាប់សារព័ត៌មាន VOD ថា លោក ហាក់ លី និងមនុស្សប្រមាណ៤នាក់ទៀត បានទៅទទួលទានគ្រឿងស្រវឹងនិងច្រៀងខារ៉ាអូខេជាមួយបុគ្គលិកស្ត្រីរបស់គាត់ ហើយបន្ទាប់មកក៏បានបង្ខំនារីម្នាក់ក្នុងចំណោមបុគ្គលិកទាំងនោះឱ្យទៅគេងជាមួយលោក ដោយលើកឡើងថា លោកបានចំណាយប្រាក់ជាច្រើនទៅលើរូបនាងនៅក្នុងខារ៉ាអូខេនោះ ។

លោកស្រី ឡោ សារ៉ុម ត្រូវបានស្រង់សម្តីថា «នៅពេលដែលនាងបដិសេធហើយ និយាយប្រាប់ថា នាងមិនដែលទៅជាមួយអ្នកណាទេ រូបលោកក៏បានធាក់កៅអី ធាក់តុ និងទូរទឹកកក ហើយនារីទាំងនោះ ក៏ចាប់ផ្តើមយំ ។ គាត់បានប្រើអំពើហិង្សាមកលើខ្ញុំ បានវាយខ្ញុំពីក្រោយមួយដៃចំកញ្ចឹងក និងខ្នងរបស់ខ្ញុំ និងបានធ្វើការវាយទៅសន្តិសុខរបស់ខ្ញុំចំនួន៥ដង»៕
ចែករំលែកព័តមាននេះ