ខេត្តព្រៃវែង ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ អង្គការភ្លែនអន្តរជាតិកម្ពុជា មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងដៃគូអភិវឌ្ឍន៍មានសេចក្តីរីករាយ ក្នុងការអបអរសាទរពិធីប្រកាសទទួលស្គាល់ក្រុងមួយ និងស្រុកចំនួន៥ របស់ខេត្តព្រៃវែងជាក្រុង និងស្រុកដែលសម្រេចបានការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។

ក្រុងដែលត្រូវបានទទួលស្គាល់ថា ជាក្រុងបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល គឺក្រុងព្រៃវែង ។ ហើយស្រុកទាំង ៥ ដែលត្រូវបានទទួលស្គាល់ ជាស្រុកបញ្ឈប់ការបន្ទោ បង់ពាសវាលពាសកាល មានដូចជា៖ ស្រុកស្វាយអន្ទរ ស្រុកកំចាយមារ ស្រុកមេសាង ស្រុកបាភ្នំ និងស្រុកកំពង់ត្របែក។ ក្រុងព្រៃវែងមានចំនួនសរុប ៦,០៨៣ គ្រួសារ និងផ្ទះចំនួន ៥,២១៩ ហើយមានបង្គន់សរុបចំនួន ៥,០៥៦ និងមានបង្គន់រួមចំនួន ១៦៣។ នេះបានបង្ហាញថាទីក្រុងព្រៃវែង គឺជាទីក្រុងដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ១០០ ភាគរយ។

លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេស នៃអង្គការភ្លែនអន្តរជាតិកម្ពុជា មានប្រសាសន៍ថា៖ «ខេត្តព្រៃវែងគឺជាខេត្តមួយក្នុងចំណោមខេត្តគោលដៅផ្សេងទៀតដែលមានចក្ខុវិស័យ ក្លាយជាខេត្តដែលបញ្ឈប់បន្ទោបង់ពាលវាលពាសកាល នៅឆ្នាំ ២០២៣ ស្របតាមការប្តេជ្ញាចិត្តនៃផែនការសកម្មភាពជាតិនៃក្រសួងអភិវឌ្ឍន៍ជនបទ ឆ្នាំ២០១៩-២០២៣។
កិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះត្រូវបានធ្វើឡើងពីអ្នកពាក់ព័ន្ធជាច្រើន រួមមានម្ចាស់ជំនួយ ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍។ ដោយមានការប្តេជ្ញាចិត្តខ្ពស់ និងភាពជាអ្នកដឹកនាំ និងសកម្មភាពយ៉ាងសកម្មរបស់អាជ្ញាធរខេត្ត ក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ស្រុក និងឃុំ យើងសង្កេតឃើញមានសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើននៅក្នុងខេត្តព្រៃវែង។ ប្រជាជន ១៩,២៥១ នាក់ បានប្រើប្រាស់បង្គន់អនាម័យ ភូមិចំនួន ៥៨២ ឃុំចំនួន ៦៣ និង ៥ស្រុក ក្នុងចំណោម ១៣ស្រុក បានប្រកាសពីការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល»។

ក្នុងឆ្នាំ ២០១១ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ បានក្លាយជាអ្នកទទួលជំនួយឥតសំណងរយៈពេល ៥ ឆ្នាំ ពីមូលនិធិអនាម័យសកល ក្នុងគោលបំណងបង្កើនការទទួលបានអនាម័យកាន់តែប្រសើរឡើង និងលើកកម្ពស់ការអនុវត្តអនាម័យត្រឹមត្រូវនៅតាមជនបទនៅកម្ពុជា។ អង្គការភ្លែនអន្តរជាតិកម្ពុជាត្រូវបានជ្រើសរើសជាភ្នាក់ងារប្រតិបត្តិ សម្រាប់កម្មវិធីនេះ ហើយសកម្មភាពនៃកម្មវិធីត្រូវបានអនុវត្តដោយអង្គការដៃគូអនុវត្តក្នុងស្រុក និងអន្តរជាតិ និងមន្ទីរអភិវឌ្ឍន៏ជនបទនានារបស់រាជរដ្ឋាភិបាល។

លោកស្រី គ្វីននេត បានបន្តថា៖ «បន្ទាប់ពីជិត ៩ ឆ្នាំ កម្មវិធីលើកកម្ពស់អនាម័យជនបទ បានបញ្ចប់នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២០។ សម្រាប់អង្គការភ្លែនអន្តរជាតិកម្ពុជា ទោះបីជាកម្មវិធីលើកកម្ពស់អនាម័យជនបទ បានបញ្ចប់ក៏ដោយ ក៏យើងនឹងបន្តគាំទ្រដល់រដ្ឋាភិបាលដើម្បីលើកកម្ពស់បន្ថែមទៀតនូវស្ថានភាពទឹកស្អាត និងអនាម័យដល់សហគមន៍ជនបទនៅកម្ពុជា»។

លោកស្រី គ្វីននេត បានបន្ថែមថា៖ «សសរស្តម្ភមួយនៃយុទ្ធសាស្រ្តប្រទេស ៥ឆ្នាំថ្មីរបស់យើងដែលនឹងចាប់ផ្តើមនៅ ខែកក្កដា ឆ្នាំ២០២១ គឺកម្មវិធី ”ការចាប់ផ្តើមជាមួយសុខភាពល្អ” ដែលកម្មវិធីនេះរួមបញ្ចូលនៃកម្មវិធីទឹកស្អាតនិងអនាម័យ កម្មវិធីអាហារូបត្ថម្ភ និងកម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូច។ ជាមួយនឹងធនធានដែលយើងមាន យើងនឹងគាំទ្រដល់រដ្ឋាភិបាលដើម្បីសម្រេចនូវគោលដៅយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការប្រើប្រាស់ជាសកលនូវទឹកស្អាត និងអនាម័យនៅឆ្នាំ២០៣០»។

គួរបញ្ជាក់ផងដែរថា អង្គការភ្លែនអន្តរជាតិកម្ពុជា គឺជាអង្គការអភិវឌ្ឍន៍ និងមនុស្សធម៌មួយដែលលើកកម្ពស់សិទ្ធិកុមារ និងសមភាពសម្រាប់ក្មេងស្រី។ យើងខិតខំដើម្បី ពិភពលោកដ៏យុត្តិធម៌មួយ ដោយធ្វើការរួមគ្នាជាមួយកុមារ យុវជន អ្នកគាំទ្រ និងដៃគូរបស់យើង។ ដោយមានបទពិសោធជាង ៨០ ឆ្នាំ នៅទូទាំងពិភពលោក កម្មវិធីរបស់អង្គការភ្លែនអន្តរជាតិមានគោលបំណងគាំទ្រក្មេងស្រី និងក្មេងប្រុសឱ្យរៀន ដឹកនាំ សម្រេចចិត្ត និងលូតលាស់។ យើងបានចាប់ផ្តើមប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ ២០០២៕
ចែករំលែកព័តមាននេះ