រាជធានីភ្នំពេញ ៖ មានករណីនារីជាជនជាតិចិនម្នាក់ត្រូវបានគេប្រទះឃើញធ្លា.ក់ពីលើសណ្ឋាគារ ដោយមិនដឹងមូលហេតុបណ្តាលឲ្យរងរបួសក្បាល និងបាក់ជើងម្ខាងយ៉ាងធ្ងន់ធ្ងរ ត្រូវបានរថយន្តឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចសណ្ឋាគារមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងភូមិក្បាលដំរីទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពត៌មានពីសន្តិសុខដែលធ្វើការនៅក្រុមហ៊ុនមួយកន្លែងស្ថិតនៅជាប់នឹងសណ្ឋាគារកើតហេតុខាងលើបានអោយដឹងថា មុនពេលកើតហេតុ គេឃើញនារីរងគ្រោះមិនស្គាល់អត្តសញ្ញាណជាជនជាតិចិនម្នាក់ខាងលើ បានធ្លា.ក់មកលើរបងព្រំប្រទល់ សណ្ឋាគារ និងក្រុមហ៊ុនដែលគាត់កំពុងយាម ដោយធ្លាក់លើរបងនិងបាក់មែកឈើដែលគេដាំលំអ បណ្តាលឱ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈពេលភ្លាមៗនោះដែរ ជនរងគ្រោះត្រូវបានជនជាតិចិនដែលរស់នៅជាមួយគ្នាអោយជនជាតិខ្មែរដែលជាអ្នកបកភាសាចិនហៅរថយន្តសង្គ្រោះមកជួយដឹកយកទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ។
តាមប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ពេលសាកសួរនៅសណ្ឋាគារបានបញ្ជាក់ថា ជនរងគ្រោះធ្លាក់ពីជាន់ទី២ ហើយនៅពេលសមត្ថកិច្ចសួរនាំនារីជនជាតិចិនម្នាក់ដែលស្គាល់និងស្នាក់នៅសណ្ឋាគារខាងលើជាមួយនារីរងគ្រោះបានបញ្ជាក់ថា គាត់ទើបតែមកសំរាកនៅសណ្ឋាគារខាងលើ ហើយនារីជនជាតិចិនដែលរងគ្រោះមានសតិមិនប្រក្រតីម្តងៗ ។ ចំណែកក្រុមគ្រួសាររបស់នារីរងគ្រោះខាងលើបាននិយាយតាមទូរសព្ទប្រាប់ថា ឪពុករបស់នាង ហៅនាងឱ្យត្រឡប់មកស្រុករបស់ខ្លួនវិញយូរហើយ តែជនរងគ្រោះប្រាប់ថា នឹងជិតបានទៅហើយ តែឥឡូវបែរជាមានបញ្ហាបែបនេះកើតឡើងទៅវិញ ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានបញ្ជាក់ប្រាប់ថា នារីជនជាតិចិនរងគ្រោះខាងលើរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយសមត្ថកិច្ចបានចុះទៅសាកសួរដែរ ប៉ុន្តែជនរងគ្រោះរងរបួសធ្ងន់ពេកមិនអាចបំភ្លឺរឿងហេតុដែលបានកើតឡើងប្រាប់សមត្ថកិច្ចនៅឡើយទេ ៕

ចែករំលែកព័តមាននេះ