រាជធានីភ្នំពេញ ៖ ហាងកាត់ដេរសម្លៀកបំពាក់ យីហោ ជាងទុំ បានឆ្លងចរន្តអគ្គិសនីបង្កជាអណ្ដាតភ្លើងឆាបឆេះរាលដាលពេញបន្ទប់ផ្ទះបាយ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ហាងរាយការណ៍ប្រាប់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកជួយអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង2និង30នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី17 ខែកុម្ភៈឆ្នាំ2021 នៅចំនុចហាងយីហោ ជាងទុំ កាត់ដេរសម្លៀកបំពាក់បុរស-នារីទាន់សម័យ មានទីតាំងនៅតាមបណ្ដោយផ្លូវបេតុង ភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
តាមប្រភពពីម្ចាស់ហាងកាត់ដេរខាងលើឈ្មោះជាងទុំ បានប្រាប់អោយដឹងថា នៅយប់ថ្ងៃកើតហេតុ រូបគាត់ និងកូនជាងផ្សេងទៀតបាននាំគ្នាដេរខោអាវភ្ញៀវរហូតដល់ម៉ោង11យប់ ទើបនាំគ្នាសម្រាកហូបបាយ ចូលគេង ហើយមុនចូលគេង រូបគាត់បានដើរទៅចង្ក្រានបាយបិទ ធុងហ្គាសជិតអស់ហើយ ទើបចូលសម្រាក។
តាមប្រភពដដែលបានបន្តទៀតថា ខណៈដែលកំពុងសំរាន្តលង់លក់ រូបគាត់ក៏ភ្ញាក់ដោយសារតែឮសម្លេងផ្ទុះតិចៗ និងធុំក្លិនឈ្ងៀម ក៏បើកទ្វារបន្ទប់គេងចេញទៅមើលបន្ទប់ផ្ទះបាយ ស្រាប់តែឃើញមានផ្សែងហុយខ្មួលខ្មាញ់លាយឡំនឹងអណ្ដាតភ្លើងអស់ទៅហើយ ។ បន្ទាប់ពីឃើញហេតុការណ៍យ៉ាងដូច្នេះ រូបគាត់បានដាស់កូនចៅ និងបុគ្គលិកកាត់ដេរនាំគ្នារើសម្ភារៈមានតម្លៃចេញពីក្នុងហាង និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានសុំរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចុះមកជួយអន្តរាគមន៍បាញ់ពន្លត់។
ក្នុងហេតុការណ៍នេះដែរ សមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន6គ្រឿង ក្នុងនោះមានរថយន្តស្នងការរាជធានីភ្នំពេញមកចំនួន4គ្រឿងប្រើប្រាស់អស់3គ្រឿង រថយន្ដខាងក្រុមហ៊ុនប្រេងឥន្ធនៈសូគីម៉ិចចំនួន២គ្រឿង រថយន្ដខាងក្រុមហ៊ុនប្រេងឥន្ធនៈតេលា មួយគ្រឿង ប្រើរយៈពេលពន្លត់មួយម៉ោង ទើបភ្លើងរលត់ទៅវិញ តែមិនឆ្លងរាលដាលទេ គឺឆេះតែផ្ទះបាយប៉ុណ្ណោះ ។
តាមប្រភពពីម្ចាស់ផ្ទះដដែលបានបន្តទៀតថា ចំពោះមូលហេតុនៃការឆាបឆេះ រូបគាត់ក៏មិនដឹងច្បាស់ដែរ ចំពោះរូបគាត់ជាម្ចាស់ផ្ទះផ្ទាល់បានដាក់ការសង្ស័យថាមកពីឆ្លងចរន្តអគ្គិសនី។ ចំពោះសម្ភារៈខូចខាត មានដូចជា ម៉ាស៊ីនដេរ និងឆ្នាំងអ៊ុត មួយចំនួនតូច និង សម្ភារៈផ្ទះ បាយទាំងស្រុង ក្នុងហេតុការណ៍នោះ មិនបង្កអោយមនុស្សណាម្នាក់រងរបួសឡើយ ៕










ចែករំលែកព័តមាននេះ