ខេត្តបន្ទាយមានជ័យ៖ ស្ត្រីម្នាក់ជាមេខ្យល់ ធ្លាប់នាំមនុស្សឆ្លងដែនដោយខុសច្បាប់យ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចាប់បញ្ជូនខ្លួន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខន សុឃឿត ភេទស្រី អាយុ ៣៦ឆ្នាំ នៅភូមិសិលាខ្មែរ ឃុំ អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ជននេះ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ចុះល្បាតតាមបន្ទាត់ព្រំដែន ហើយបានចាប់ឃាត់ខ្លួន នៅវេលាម៉ោង ០៤ និង ០៤នាទីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ចំណុចភូមិសាស្ត្រភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខណៈពេលកំពុងនាំមនុស្សឆ្លងដែន ចេញពីប្រទេសថៃ ចូលមកកម្ពុជា តាមច្រករបៀងខុសច្បាប់ គេចពីការធ្វើចត្តាឡីស័ក។
ក្រោយឃាត់ខ្លួន ស្ត្រីមេខ្យល់នេះ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ ដើម្បីសាកសួរ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ ជនសង្ស័យ ត្រូវបានឃាត់ខ្លួន និងរៀបចំសំណុំរឿង តាមនីតិវិធីច្បាប់។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា ខ្លួនបានលួចនាំមនុស្សចេញ ចូលឆ្លងដែន ចំនួន ០៥លើករួចមកហើយ ចាប់ពីខែមករា ឆ្នាំ២០២១មក។ ខ្លួនបានជូនគេទៅធ្វើការ ដកដំឡូង និងកាប់អំពៅ ក្នុងរយៈពេល ០១អាទិត្យ ឬ១០ថ្ងៃ ទើបវិលមកខ្មែរវិញ ដោយយកគេក្នុង ម្នាក់ ឬ ២នាក់ តម្លៃ ៣០០បាត។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការងារយ៉េនឌ័រ និងប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ដោយផ្អែកតាមចម្លើយសារភាព ជនសង្ស័យឈ្មោះ ខន សុឃឿត ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រៀបចំសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ ណុប រក្សា
ចែករំលែកព័តមាននេះ