ខេត្តបាត់ដំបង ៖ លំនៅឋានយ៉ាងតិចចំនួន០៨ខ្នង ត្រូវបានអគ្គីភ័យលេបត្របាក់អស់ទាំងស្រុង ខណ:ចំនូន០៥ខ្នងទៀតរងផលប៉ះពាល់ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៨និង១៥នាទីព្រឹកថ្ងៃទី១៦ កុម្ភ: នៅក្នុងប្លុកស្ថានីយរថភ្លើង ស្ថិតក្នុងភូមិទូលតាឯក សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ដែលគេសង្ស័យបង្កឡើងដោយពួកប្រើប្រាស់ថ្នាំញៀន តែមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។
យោងតាមរបាយការណ៍បឋមរបស់លោកឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបង បានឲ្យដឹងថា លំនៅឋានដែលភាគច្រើនធ្វើពីឈើចំនួន០៨ខ្នង ត្រូវអគ្គិភ័យឆេះអស់ទាំងស្រុង រីឯចំនួន០៥ខ្នងទៀតបានរងផលប៉ះពាល់ តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។ លោកអធិការក្រុងបានប្រាប់ថា សមត្ថកិច្ចបានប្រើប្រាសរថយន្តពន្លត់អគ្គីភ័យចំនួន០៨គ្រឿង ដែលមានការជួយអន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យតាមបណ្ដាស្រុកជុំវិញក្រុងបាត់ដំបងផងដែរ។
ក្នុងនោះ មានរថយន្តមកពីស្រុកសង្កែ ស្រុកថ្មគោល ស្រុកបាណន់ និង ស្រុករតនមណ្ឌល ដែលដឹកនាំអន្តរាគមន៏ផ្ទាល់ដោយលោកស្នងការខេត្ត។ ប៉ុន្តែលោកឆាង វណ្ណឆៃ ហាក់មិនទាន់និយាយពីមូលហេតុ ដែលឲ្យមានអគ្គីភ័យឆេះផ្អើលក្រុងបាត់ដំបងទាំងព្រឹកនេះទេ ហើយក៏មិនទាន់ដឹងពីតុល្យភាព នៃការខូចខាតនេះដែរ ព្រោះមន្ត្រីជំនាញកំពុងចុះសួរនាំម្ចាស់ផ្ទះនិងស្រាវជ្រាវរកមូលហេតុនៅឡើយ។
ជុំវិញករណីអគ្គិភ័យលេបត្របាក់លំនៅឋានយ៉ាងសាហាវអស់ជាង១០ខ្នងត្រឹមមួយប៉ប្រិចភ្នែកនេះ បើតាមប្រភពព័ត៌មានដែលដឹងព្រាលៗបាននិយាយថា អគ្គីភ័យនោះបានផ្ដើមចេញពីបន្ទប់ជួលមួយនៅទីនោះ ដែលអ្នកជួលស្នាក់នៅក្នុងបន្ទប់នោះ ត្រូវគេស្គាល់ថា ជាជនប្រើប្រាសថ្នាំញៀន។
ប្រភពបាននិយាយទៀតថា ពេលភ្លើងចាប់ផ្ដើមឆេះ គេឃើញជននោះបានដើរចេញពីបន្ទប់ ហើយភ្លើងក៏ចាប់ផ្ដើមបង្កើនឥទ្ធិពលឆេះរាលដាលកាន់តែខ្លាំង រហូតឆ្លងពីផ្ទះមួយទៅផ្ទះមួយនៅក្បែរគ្នា បណ្ដាលឱ្យផ្អើលពេលក្រុងបាត់ដំបងតែម្ដង។ ពេលនេះសមត្ថកិច្ចកំពុងរកជនសង្ស័យម្នាក់នោះហើយ។ ជាមួយគ្នានោះ ម្ចាស់ផ្ទះនីមួយៗទំនងរំដោះទ្រព្យសម្បត្តិបានតិចទូចណាស់។ ព្រោះអគ្គីភ័យឆេះខ្លាំងហើយលឿនបំផុត។
អនុប្រធានការិយាល័យ បង្ការ ពន្លត់អគ្គីភ័យ និង សង្គ្រោះ លោករៀម សារ៉េត បានឲ្យដឹងថា រថយន្តពន្លត់អគ្គីភ័យចំនួន០៨គ្រឿងបានជួយអន្តរាគមន៏។ ប៉ុន្តែលោកថា កម្លាំងអន្តរាគមន៏បានជួបការលំបាកនៅពេលចូលជួយសង្គ្រោះ ដោយសារផ្លូវចូលតូចចង្អៀត។
ទោះយ៉ាងណា រថយន្តទឹកបានបង្ខំចិត្តបើកឆ្លងកាត់ផ្លូវរថភ្លើង ចូលទៅបាញ់ទឹកពន្លត់ និងបាញ់ទប់ស្កាត់មិនឲ្យអគ្គីភ័យឆេះរាលដាលបន្តបានទាន់ពេល បើមិនដូច្នេះទេប្រហែលលំនៅឋានរាប់សិបខ្នងទៀតដែលនៅក្បែរគ្នានោះ នឹង អាចក្លាយជាផេះតែម្ដង។ លោក រៀម សារ៉េត បានបញ្ជាក់ថា ពេលនេះលោកមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយទេ ព្រោះកំពុងសួរនាំជនរងគ្រោះនៅឡើយ៕