ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីរុស​កូ​វី​ដ​-១៩ បំប្លែង​ថ្មី​! ក្រសួងសុខាភិបាល​ប្រាប់​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​កុំ​ឲ្យ​ឆ្លង​ក្នុង​សហគមន៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​វី​ដ​-១៥ ថ្មី ដែល​បាន​បំប្លែង​ខ្លួន​ថ្មី (​ប្រភេទ UK variant 20/501Y.V1, VvoC…

រាជធានី​ភ្នំពេញ ៖ ក្រោយ​កម្ពុជា​បាន​រក​ឃើញ​ករណី​ឆ្លង​វីរុស​កូ​វី​ដ​-១៥ ថ្មី ដែល​បាន​បំប្លែង​ខ្លួន​ថ្មី (​ប្រភេទ UK variant 20/501Y.V1, VvoC 202012/01 និង B.1.1.7) ក្នុង​ចំណោម​អ្នកដំណើរ​ជា​ជនជាតិ​បរទេស​ចូល​មក​កម្ពុជា​ចំនួន​៣ ដែល​ក្នុង​នោះ គឺ​មាន​ជនជាតិ​ឥណ្ឌា​ចំនួន​២ រូប និង​ស្ត្រីជន​ជាតិចិន​មួយ​រូប​នោះ ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល​បាន​ក្រើនរម្លឹក​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ថ្មី​ម្តងទៀត​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​កូ​វី​ដ​១៩ ។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង បាន​មាន​ប្រសាសន៍​ថា «​ក្រសួង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ កម្ពុជា​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ការពារ​ខ្លួន​កុំ​ធ្វេសប្រហែស​ឱ្យ​សោះ និង​មិន​ត្រូវ​មើល​រំលង​ពី​លទ្ធភាព​នៃ​ការ​ចម្លង​វីរុស​កូ​វី​ដ​-១៩ ប្រភេទ​បំប្លែង​ថ្មី​ទាំងនេះ​មក​ក្នុង​សហគមន៍​កម្ពុជា​យើង​នោះ​ឡើយ​» ។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ផង​ដែរ​ថា «​ដោយ​សង្កេត​ឃើញ​ថា បងប្អូន​ប្រជាពលរដ្ឋ​យើង ហាក់​ភ្លេចខ្លួន​អំពី​ហានិភ័យ​ដ៏​ធំធេង​នៃ​ការ​ចម្លង​វីរុស​ក្ខ​វី​ដ​-១៩ ជា​ពិសេស​នៅ​ក្នុង​បរិបទ​នៃ​ការ​បំប្លែង​ខ្លួន​ជា​បន្តបន្ទាប់​របស់​វីរុស​ដ៏​កាច​សាហាវ​នេះ ដោយ​មានការ​ជួបជុំ​គ្នា​ច្រើន កុះករ​នៅ​ក្នុង​ពិធីជប់លៀង ពិធី​អាពាហ៍ពិពាហ៍ ពិធីបុណ្យ​ទាន​ផ្សេង​ៗ និង​ការ​ធ្វើ​ដំណើរ​កំសាន្ត​ទៅ​កាន់​ស្រុក កំណើត ឬ​ទី​រមណីយដ្ឋាន​នានា ដោយ​មិន​បាន​អនុវត្ត​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ដែល​បាន​ធ្វើ​ជា រឿយ​ៗ​ឡើយ​» ។

ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើការ​ក្រើនរំលឹក​សារ​ជា​ថ្មី​ម្តងទៀត ជូន ដល់​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា វីរុស​កូ​វី​ដ​-១៩ ជា​ពិសេស​វីរុស​បាន និង​កំពុង​តែ​បំប្លែង​ខ្លួន​ថ្មី​ជា​ច្រើន ប្រភេទ កំពុង​តែ​ចរាចរ​បន្ត​រាតត្បាត​នៅ​លើ​សកលលោក​យ៉ាង​ខ្លាំងក្លា ។

លោក​ម៉​ម ប៊ុ​ន​ហេង បាន​ថ្លែង​ថា «​ដូច្នេះ យើង​មិន​ត្រូវ​មើល​ស្រាល​លើ​លទ្ធភាព​ចម្លង​រហ័ស និង​ភាព​សាហាវ​ធ្ងន់ធ្ងរ​បណ្តាល​មក​ពី​ការ​វាយលុក​នៃ​ជំងឺ​កូ​វី​ដ​-១៩ លើ​សរីរាង្គ​មនុស្ស​យើង​នោះ​ឡើយ ហើយ​សភាព​ចម្លង​ខ្លាំងក្លា និង​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​នេះ​អាច​កើត​មាន​ឡើង​នៅ​ក្នុង ប្រទេស​យើង គ្រប់ពេលវេលា គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង ប្រសិនបើ​បុគ្គល​មិន​បានការ​ពារ​ខ្លួន​ត្រឹមត្រូវ​នោះ​ទេ​»​។

ក្រសួង​ក៏​សង្កត់ធ្ងន់​ថា​សូម​បុគ្គល​គ្រប់​រូប ចង​ចាំ និង​ចូលរួម​អនុវត្តន៍​ឱ្យ​បាន​ខ្ជាប់​ខ្លួន​ជា​និច្ច នូវ​វិធានការ​ការពារ​ខ្លួន​សាមញ្ញ​ៗ និង​ត្រូវ បន្ដ​ប្រុង​ប្រយ័ត្ន​ផ្ទាល់ខ្លួន​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩ ដោយ​អនុវត្ត​ឱ្យ​ខាង​តែ​បាន​នូវ​វិធាន​ការណ៍ បី​កុំ និង បី​ការពារ ។ ដែល​មាន​ដូច​ខាងក្រោម​៖ ត្រូវ​អនុវត្ត វិធានការ ៣​ការពារ ជាប់​ជា​ប្រចាំ​៖

១. ត្រូវ​លាងដៃ​ឱ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​ស្អាត ឬ​ទឹក​អាកុល ឬ​អាកុល​ដែល​ឱ្យ​បាន​លើស​ពី ២០​ដង ក្នុង​មួយ​ថ្ងៃ​។

២. ត្រូវ​ពាក់​ម៉ាស់ ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ នៅ​ពេល​ក្អក កណ្តាស់ ដោយ​ប្រើ​ម៉ាស់ ប្រើ​កែងដៃ ឬ​ប្រើ​ក្រដាស់​ជូត មាត់ ហើយ​ត្រូវ​បោះចោល​ក្នុង​ធុងសម្រាម​បិទ​ជិត​ត្រឹមត្រូវ​។
៣. ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ឲ្យ​បាន​យ៉ាងតិច ១.៥ ម៉ែត្រ​ឡើង ទៅ​ពី​ម្នាក់​ទៅ​ម្នាក់​។ ត្រូវ​អនុវត្ត វិធានការ ៣​កុំ​៖ ១. កុំទៅ​កន្លែង​ដែល​មាន​មនុស្ស​ម្នា​ច្រើន​កុះករ ឬ​ការ​ជួបជុំ​គ្នា​ច្រើន ឬ​ពិធី​ដែល​មាន​មនុស្ស​ច្រើន​ពេក (Avoid crowded places)​។ ២. កុំទៅ​កន្លែង​ដែល​បិទ​ជិតឈឹង មិន​មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់ ហើយ​ប្រើ​ម៉ាស៊ីនត្រជាក់​ច្រើន​ពេក (Avoid close settings)​។ ៣. កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃ​គ្នា កុំ​ឱប​គ្នា កុំ​កៀក​ស្មា​គ្នា នៅ​ពេល​ជួប​ភ្ញៀវ ជា​ពិសេស​នៅ​កន្លែង​ដែល​មាន​មនុស្ស និយាយ​គ្នា​ច្រើន ហើយ​ស្ថិត​នៅ​ជិត​គ្នា​ពេក ហើយ​ត្រូវ​ប្រើ​វិធី​សំពះ​គ្នា​លើកដៃ​ជា​សញ្ញា ឬ​ងក់ក្បាល​ជាដើម (Avoid close contacts) និង​ត្រូវ​រក្សា​ចម្ងាយ​ពី​គ្នា​មួយ​ម៉ែត្រ​កន្លះ ឡើង​ទៅ (Social and individual distancing)​។

អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ (​រាជធានី ខេត្ត ស្រុក ក្រុង ខ័​ណ្ឌ រដ្ឋបាល​ឃុំ​/​សង្កាត់ ) ត្រូវ​ចាត់តាំង​កម្លាំង​មាន សមត្ថកិច្ច​គ្រប់គ្រង ឃ្លាំមើល និង​ធ្វើការ​ណែនាំ​ការ​អនុវត្ត​វិធានការ​ការពារ​នៅ​តាម​តំបន់​របស់​ខ្លួន ជា​ពិសេស​នៅ តាម​ទីផ្សារ រមណីយដ្ឋាន ភោជនីយដ្ឋាន ទីកន្លែង​សាធារណៈ​នានា ឲ្យ​បាន​ហ្មត់ចត់​ដើម្បី​ជៀស​ផុត​ពី​ការ​ឆ្លង​ជំងឺ កូ​វី​ដ​-១៩ នៅ​ក្នុង​សហគមន៍​យើង និង​ត្រូវ​យកចិត្តទុកដាក់​ពង្រឹង​ការងារ​ធ្វើ​ច​ត្តា​ឡី​ស័ក​កុំឱ្យ​មាន​របូត​ចេញពី សមត្ថកិច្ច​គ្រប់គ្រង​របស់​ខ្លួន ។

រាជរដ្ឋាភិបាល​កម្ពុជា កំពុង​តែ​យកចិត្តទុកដាក់​ខ្ពស់​លើ​កា​រវិ​វត្ត​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ ជា​ពិសេស​លើ​ចរាចរ​នៃ​វីរុស​កូ​វី​ដ​-១៩ ដែល បាន​បំប្លែង​ខ្លួន​ថ្មី (new variant) ដែល​អ្នក​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ បាន​រក​ឃើញ​ជា​បណ្តើរ​ៗ និង​ដែល​បាន​លើក​ឡើង រួម​គ្នា​ជាមួយ​អង្គការ​សុខភាព​ពិភពលោក ពី​ភាព​ឆ្លង​សាហាវ ហើយ​លឿន និង​ធ្ងន់ធ្ងរ​ជាង​វីរុស​កូ​វី​ដ​-១៩ ដែល​កំពុង មានការ​រាតត្បាត​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស នៅ​ក្នុង​តំបន់ និង​នៅ​លើ​សកលលោក​យើង​នេះ​។

យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ចុះ​ថ្ងៃ​ទី ១៥​ខែ កុម្ភៈ​បាន​លើក​ឡើង​ថា តាម​ព័ត៌មាន ទទួល​បាន​ពី​អង្គការ​សុខភាព​ព៌​ភព​លោក​ប្រចាំ​នៅ​កម្ពុជា នា​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២១ មានការ​រាយការណ៍​ពី ករណី​ឆ្លង​វីរុស​ក្ខ​វី​ដ​-១៩ ដែល​បាន​បំប្លែង​ខ្លួន​ថ្មី (​ប្រភេទ B.1.1.7) ប្រមាណ​ជា ៨០​ប្រទេស​ហើយ​នៅ​លើ​សកលលោក នេះ ហើយ​មាន​ប្រមាណ​ជា​ជាង ៣០០​ករណី រក​ឃើញ​នៅ​ក្នុង​បណ្តា​ប្រទេស​ជាង ១០​ប្រទេស​នៅ​ក្នុង​តំបន់​ប៉ា​ស៊ី ហ្វិ​ក​ខាងលិច ត្រូវ​បាន​រក​ឃើញ​មាន​វត្តមាន​វីរុស​ក្ខ​វី​ដ​-១៩ ដែល​បាន​បំប្លែង​ខ្លួន​ថ្មី (​ប្រភេទ B.1.1.7) និង​ចំនួន ៨ ប្រទេស​/​កន្លែង​ដែល​បាន​រាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ដែល​បាន​បំប្លែង​ខ្លួន​ថ្មី​(501Y.V2)​ដែល​នៅ​ក្នុង​ចំណោម​ប្រទេស​ទាំងនេះ​ក៏​មាន​ប្រទេស​ក្នុង​តំបន់​អាស៊ាន នុង​នៅ​ជិតខាង​កម្ពុជា​ដែរ​។

ប្រភព​បន្ថែម​ថា​ប្រមាណ​ជា​លើស​ពី​៤០​ប្រទេស​និង ទីតាំង​នៅ​លើ​ពិភពលោក​បាន​រាយការណ៍​ពី​ការ​ឃើញ​ករណី​ឆ្លង​ប្រភេទ​501Y.V2 variant ដែល​នៅ​ក្នុង​នេះ មាន​ចំនួន​ប្រមាណ​ជា ៨​ប្រទេស នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច បាន​រក​ឃើញ លើស​ពី ៧០​ករណី​ហើយ​។ ដោយឡែក នៅ​លើ​សកលលោក ប្រមាណ​ជា​លើស​ពី ១០​ប្រទេស​/​ទីតាំង​ហើយ​ដែរ ដែល​បាន​រក​ឃើញ​ករណី​ឆ្លង​ប្រភេទ P.1 variant ដែល​ក្នុង​ចំណោម​នេះ នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច មាន​របាយ ការណ៍​លើស​ពី ២​ករណី​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ ពី​ប្រទេស​ចំនួន ២ ផង​ដែរ (​ដែល​គេ​មិន​បាន​បញ្ចេញ​ឈ្មោះ ប្រទេស​ទាំងនេះ​ឡើយ ដោយ​ហេតុផល កំពុង​ស្រាវជ្រាវ​បន្ត​ទៀត​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ