ខេត្តស្វាយរៀង៖ ភ្លើងបានលេបត្របាក់ចំការអំពៅអស់ចំនួន ៨០ហិកតា ខូចខាតស្ទើរទាំងស្រុង។ សមត្ថកិច្ចដាក់ការសង្ស័យថា មានជនខិលខូចលួចដុតបំផ្លាញ។
រសមត្ថកិច្ចនគបាលវរៈការពារព្រំដែនប៉ុស្តិ៍មនោរម្យ បានឲ្យដឹងថា ករណីភ្លើងឆេះចំការអំពៅនេះ បានកើតឡើង នៅវេលាម៉ោងប្រហែល ១២ថ្ងៃត្រង់ ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅភូមិអូតាមោ ឃុំមនោរម្យ ស្រុកស្វាយទាប ឆេះអស់ប្រមាណ ៨០ហិកតា។
សមត្ថកិច្ចបន្តថា ចំការអំពៅស្ករ ដែលឆេះនេះ គឺជារបស់ក្រុមហ៊ុនលោក កុយ សារ៉េន ដែលមានទីលំនៅ ក្នុងភូមិពពែត ឃុំពពែត ស្រុកស្វាយទាប។
ប្រភពបន្តទៀតថា ក្រោយពីប្រជាពលរដ្ឋរាយការណ៍ថា មានភ្លើងឆេះចំការអំពៅ សមត្ថកិច្ចបានដឹកនាំកម្លាំងទៅជួយអន្តរាគមន៍ពន្លត់រយៈពេលជាង ២ម៉ោង ទើបភ្លើងបានរលត់នៅម៉ោង ២ និង ៣០នាទីរសៀល។ ដោយភ្លើងឆេះ មានទ្រង់ទ្រាយធំពេក មិនអាចគ្រប់គ្រង និងជួយពន្លត់បាន។ ម្យ៉ាងមេឃក្តៅខ្លាំង និងមានខ្យល់ផង ទើបឆេះរាលលឿនបែបនេះ។
ក្រោយការពិនិត្យស្ថានភាពរួច សមត្ថកិច្ចដាក់ការសង្ស័យថា ភ្លើងឆេះអំពៅនេះ គឺមានជនខិលខូច លួចដុត។ បច្ចុប្បន្ន កងកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំមនោរម្យ បានសហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនដំណាក់ ព្រំដែនមនោរម្យ និងកងយោធពលខេមរភូមិន្ទវរៈការពារព្រំដែន ចុះអង្កេតស្រាវជ្រោវ រកមុខសញ្ញា ដើម្បីចាប់មកផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ វ៉ាន់ ប៊ុនធឿន





ចែករំលែកព័តមាននេះ