ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ភ្នំពេញ​-​អរិយ​ក្សត្រ​ភ្ញាក់ផ្អើល​ទឹក​ទន្លេ​ប្រែ​ពណ៌​ជា​ល្អក់​ក្រហម ​និង​ខៀវ​បៃតង(វីដេអូ)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បងប្អូន​អ្នក​ធ្វើ​ដំណើរ​តាម​សាឡា​ង​ឆ្លងកាត់​ទៅ​មករ​វាង​រាជធានី​ភ្នំពេញ ​និង​តំបន់​​អរិយ​ក្សត្រ​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ជុំវិញ​បញ្ហា​ទឹកទន្លេ​ចតុមុខ​បាន​ប្រែ​ពណ៌​ម្ខាង​ពណ៌​ល្អក់​រាង​ក្រហម ​និង​ម្ខាង​ទៀត​ប្រែជា​ពណ៌​ខៀវ​បៃតង​ថ្លា​ដូច​ទឹកសមុទ្រ ។ លោក ​លី សីឡា ដែល​ធ្វើ​ដំណើរ​តាម​សាឡា​ង​​ចេញពី​មុខ​ណា​ហ្គា​វើ​ល​ដ៍​ទៅ​កាន់​តំបន់​អរិយ​ក្សត្រ…

រាជធានី​ភ្នំពេញ ៖ បងប្អូន​អ្នក​ធ្វើ​ដំណើរ​តាម​សាឡា​ង​ឆ្លងកាត់​ទៅ​មករ​វាង​រាជធានី​ភ្នំពេញ ​និង​តំបន់​​អរិយ​ក្សត្រ​បាន​សម្តែង​ការ​ភ្ញាក់ផ្អើល​ជុំវិញ​បញ្ហា​ទឹកទន្លេ​ចតុមុខ​បាន​ប្រែ​ពណ៌​ម្ខាង​ពណ៌​ល្អក់​រាង​ក្រហម ​និង​ម្ខាង​ទៀត​ប្រែជា​ពណ៌​ខៀវ​បៃតង​ថ្លា​ដូច​ទឹកសមុទ្រ ។

លោក ​លី សីឡា ដែល​ធ្វើ​ដំណើរ​តាម​សាឡា​ង​​ចេញពី​មុខ​ណា​ហ្គា​វើ​ល​ដ៍​ទៅ​កាន់​តំបន់​អរិយ​ក្សត្រ ​បាន​ថ្លែង​ឲ្យ​ដឹង​ថា ​នៅ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​នេះ​ថា លោក​បានឃើញ​ស្ថានភាព​ទឹកមុខ​វាំង​មាន​ការ​ប្រែ​ពណ៌​ជា​២​ដាច់​ពី​គ្នា គឺ​ម្ខាង​ចាប់ពី​ច្រាំង​ទន្លេ​មុខ​វាំង​ គឺ​មាន​ពណ៌​ល្អក់​ៗ​រាង​ក្រហម​តិច​ៗ​និង​​រហូត​ដល់​ពាក់​កណ្តាលទន្លេ​ទៅ​ត្រើយ​ខាង​អរិយ​ក្សត្រ​ គឺ​មាន​ពណ៌​ខៀវ​បៃតង​ថ្លា​ដូច​ទឹក​សមុទ្រ ដែល​វា​បង្កើត​ជា​ព្រឹត្តិការណ៍​មួយ​មិន​ធ្លាប់​បានឃើញ​ពី​មុន​មក​។

លោក​លី សីឡា បាន​បន្ត​ថា «​ខ្ញុំ​ក៏​មិនដឹង​ហេតុផល​អ្វី​ដែល​បណ្តាល​ឲ្យ​ទឹកទន្លេ​មុខ​វាំង​នេះ​ទៅ​ជា​ប្រែ​ពណ៌​ពីរ​ផ្សេង​គ្នា ​និង​ចែក​ខណ្ឌ​គ្នា​យ៉ាង​នេះនោះ​ទេ ។ ខ្ញុំ​ធ្វើ​ដំណើរ​រវាង​ភ្នំពេញ​ និង​អរិយ​ក្សត្រ​កាលពី​ថ្ងៃអាទិត្យ​ ក៏​ឃើញ​ទឹក​ប្រែ​ពណ៌​ម្ខាង​ល្អក់​រាង​ក្រហម​តិច​ៗ​ និង​ម្ខាង​ពណ៌​បៃតង​បែប​នេះ​ដែរ គឺ​ឃើញ​កើត​មាន​រយៈពេល​២​ ឬ​៣​ថ្ងៃ​ហើយ​» ។

ចំណែក​អ្នក​នាង​ស្រី​ម៉ៅ ដែល​ទើបតែ​ធ្វើ​ដំណើរ​ទៅ​អរិយ​ក្សត្រ​ថ្ងៃ​ទី​១៥ ខែកុម្ភៈ​នេះ​ក៏​បាន​និយាយ​​ឲ្យ​ដឹងផង​ដែរ​ថា «​កាលពី​ថ្ងៃ​សោ​រ៍​ ទី១៣ ខែកុម្ភៈ ខ្ញុំ​ធ្វើ​ដំណើរ​មក​លេង​អរិយ​ក្សត្រ​ដែរ តែ​មិន​បានឃើញ​ទឹកទន្លេ​ប្រែជា​ពីរ​ពណ៌​ចែក​ដាច់​គ្នា​បែប​នេះ​ដែរ ។ ពិតជា​ចម្លែក​ណាស់​» ។

ជុំវិញ​បញ្ហា​នៃ​ការ​ប្រែ​ពណ៌​ទឹកទន្លេ​មេគង្គ​ទៅ​ជា​ពណ៌​បៃតង​នៅ​តាម​តំបន់​ខ្លះ​នេះ​ផង​ដែរ គណៈ​កម្មការ​ទន្លេមេគង្គ (MRC) បាន​ចេញ​របាយការណ៍​នា​ថ្ងៃ​ទី​១២ ខែកុម្ភៈ​ បង្ហាញ​នូវ​ព្រួយបារម្ភ​ជុំ​វិញ​បញ្ហា​ទឹកទន្លេ​មេគង្គ​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​គួរ​ឱ្យ​ព្រួយបារម្ភ​ដែល​បាន​បណ្តាល​ឲ្យ​ផ្នែក​ខ្លះ​ប្រែ​ទៅ​ជា​ពណ៌​ខៀវ​បៃតង ។

លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ (MRC) បាន​និយាយ​ថា​ កំរិត​ទឹកទន្លេ​មេគង្គ​រវាង​ស្ថានីយ៍​វា​រី​អគ្គិសនី ជី​ង​ហុង ( Jinghong ) ក្នុង​ខេត្ត​យូ​ណា​ន ប្រទេស​ចិន ​និង​តំបន់​ដីសណ្ត​ទន្លេមេគង្គ​ ក្នុង​ប្រទេស​វៀតណាម​ បាន​​រាក់​ចុះ​ដល់​កម្រិត​គួរ​ឱ្យ​ព្រួយបារម្ភ​។

កម្រិត​ទឹក​កាន់តែ​រាក់​ចុះ​ខ្លាំង​គួរ​ឱ្យ​កត់សម្គាល់​ចាប់តាំងពី​ដើមឆ្នាំ​ ដោយសារ​ទឹកភ្លៀង​ទាប​ការ​ផ្លាស់​ប្តូរ​លំហូរ​ខ្សែទឹក​ខាងលើ​ ប្រតិបត្តិការ​វា​រី​អគ្គិសនី​នៅ​តាម​ដង​ទន្លេមេគង្គ ​និង​ការ​រឹត​បន្តឹង​លំហូរ​ចេញពី​ទំនប់​វា​រី​អគ្គិសនី​ជី​ង​ហុង​។

បណ្ឌិត Winai Wangpimool ប្រធាន​លេខាធិការដ្ឋាន​បច្ចេកទេស​នៃ​គណៈកម្មការ​ទន្លេមេគង្គ​បាន​​មាន​ប្រសាសន៍​ថា «​កម្រិត​ទឹកបាន​កើនឡើង​ភ្លាម​ៗ ​និង​ធ្លាក់​ចុះ​ភ្លាម​ៗ​នៃ​កម្រិត​ទឹក​នៅ​ខ្សែ​ទឹក​ខាងក្រោម​ទំនប់​វា​រី​អគ្គិសនី​ជី​ង​ហុង និង​កម្រិត​ទឹក​កាន់តែ​រាក់​ទៅ​នៅ​ក្រុង​វៀងចន្ទន៍​ ដែល​ជា​បញ្ហា​ប្រឈម​សម្រាប់​អាជ្ញាធរ ​និង​សហគមន៍​ក្នុង​ការ​រៀបចំ ​និង​ឆ្លើយ​តប​ចំពោះ​ផល​ប៉ះពាល់​ដែល​អាច​កើត​មាន​» ។ លោក​បណ្ឌិត​បាន​បន្ត​ថា ប្រសិនបើ​កម្រិត​ទឹក​នៅ​បន្ត​ទាប​បែប​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ការ​បំ​លាស់​ទី​របស់​មច្ឆា ការ​ធ្វើ​កសិកម្ម និង​ការ​ចិញ្ចឹមជីវិត​នៅ​តាម​ដង​ទន្លេ​ជាដើម របស់​ពលរដ្ឋ​។

លោក​បណ្ឌិត Winai មាន​ប្រសាសន៍​បន្ត​ថា «​ដើម្បី​ជួយ​បណ្តា​ប្រទេស​នៅ​តំបន់​មេគង្គ​ក្រោម​គ្រប់​គ្រង​ហានិភ័យ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព​យើង​សូម​អំពាវនាវ​ដល់​ប្រទេស​ចិន ​និង​ប្រទេស​នៅ​​តាម​ដង​ទន្លេមេគង្គ​ក្រោម​ខ្លួនឯង​ឲ្យ​ចូលរួម​ចែករំលែក​ផែនការ​បញ្ចេញ​ទឹក​របស់​ពួក​គេ​ជាមួយ​យើង​» ។

MRC បាន​និយាយ​ថា ការ​អង្កេត​អំពី​ទឹកភ្លៀង​ប្រចាំខែ​របស់​គណៈកម្មការ​ទន្លេមេគង្គ​បង្ហាញ​ថា​ចាប់តាំងពី​ខែវិច្ឆិកា​ឆ្នាំ​មុន ទឹកភ្លៀង​មាន​កម្រិត​ទាប​ជាង​មធ្យម​ដោយ​មានការ​ធ្លាក់​ចុះ ២៥ ភាគរយ​។

សម្រាប់​កម្ពុជា​វិញ MRC និយាយ​ថា ខ្សែទឹក​ខាងក្រោម​នៅ​ប្រទេស​កម្ពុជា​កំរិត​ទឹក​នៅ​តាម​ដង​ទន្លេមេគង្គ​ក្នុង​ខេត្តស្ទឹងត្រែង​ និង​ខេត្តក្រចេះ ​មានការ​ប្រែប្រួល​ពី -០.០២ ម៉ែត្រ​ទៅ ០.០៥ ម៉ែត្រ។ ទោះជា​យ៉ាងណា​ក៏​ដោយ​ កម្រិត​នៅ​តែ​ខ្ពស់​ជាង​មធ្យមភាគ​រយៈពេល​វែង​។

កម្ពស់​ទឹកទន្លេ​ពី​ខេត្តកំពង់ចាម អ្នក​លឿង ទន្លេបាសាក់​នៅ​ភ្នំពេញ ​និង​ព្រែក​ក្តាម​ បាន​និង​កំពុង​ធ្លាក់​ចុះ​ជា​លំដាប់​ ហើយ​នៅ​តែ​ទាប​ជាង​មធ្យមភាគ​រយៈពេល​វែង​ចាប់តាំងពី​ដើមខែ​វិច្ឆិកា​។ ចាប់​តាំងពី​ខែមករា​ទឹកទន្លេ​នៅ​ខ្មែរ​ត្រូវ​បាន​មើលឃើញ​ការ​ធ្លាក់​ចុះ​ជា​មធ្យម​ប្រចាំ​ថ្ងៃ ០,២០ ម៉ែត្រ​។

ទឹក​កាន់តែ​រាក់ គឺ​កាន់តែ​ថ្លា អនុញ្ញាត​ឱ្យ​រុក្ខជាតិ​មីក្រូ​ទស្សន៍​ ឬ​សារាយ​ដុះ​លើ​ដីខ្សាច់​ និង​បាត​ទន្លេ​ដែល​ប្រែ​ទៅ​ជា​គែម​ពណ៌​បៃតង​។ សារាយ​ជា​ធម្មតា​ត្រូវ​បាន​ទឹក​ហូរ​ទៅ​ឆ្ងាយ​ពី​ចរន្តទឹក​ទន្លេ ប៉ុន្តែ​ដោយសារ​តែ​កម្រិត​ទឹក​ទាប​វា​បាន​កកកុញ​នៅ​ផ្នែក​ខ្លះ​នៃ​ទន្លេ​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក Dr So Nam ប្រធាន​ផ្នែក​គ្រប់គ្រង​បរិស្ថាន​របស់​លេខាធិការដ្ឋាន MRC ។

លោក​បណ្ឌិត​សូ​ បាន​បន្ត​ថា «​ដូច​គ្នា​នឹង​ស្ថានភាព​ក្នុង​ឆ្នាំ ២០១៩ ដែរ ​បាតុភូត​ទឹក​បៃតង​ខៀវ​នា​ពេល​បច្ចុប្បន្ន​ទំនងជា​រីក​រាលដាល​ដល់​ទន្លេមេគង្គ​ដទៃ​ទៀត​ដែល​មាន​លំហូរ​ទឹក​ទាប​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ