ខេត្តបាត់ដំបង ៖ ពលករខ្មែរចំនួន០៧នាក់ ដែលលួចឆ្លងដែនពីប្រទេសថៃ ចូលស្រុកខ្មែរតាមច្រករបៀងដោយខុសច្បាប់ ត្រូវបានកម្លាំងនគរបាលចរាចរណ៍ស្រុកសំពៅលូន ស្ទាក់ចាប់បាន កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៥ កុម្ភៈ ពេលកំពុងធ្វើដំណើរតាមផ្លូវ តាមរយៈរថយន្តតាក់ស៊ី ហើយត្រូវបានបញ្ជូនទៅកាន់កន្លែងចត្តាឡីស័កភ្លាមៗដែរ។

ប្រភពព័ត៌មានបានឲ្យដឹងថា ពលករខ្មែរចំនួន០៧នោះ បានឆ្លងដែនពីប្រទេសថៃ ចូលស្រុកកំណើតវិញ តាមច្រករបៀងមួយកន្លែងម្ដុំគីឡូ១២ ស្ថិតក្នុងស្រុកសំពៅលូន។ ក្រោយពីឆ្លងផុតព្រំដែន ក្រុមពលករទាំងនោះ បានហៅរថយន្តតាក់ស៊ីជិះបំរុងទៅស្រុកកំណើត តែត្រូវបានកម្លាំងនគរបាលចរាចរណ៍ស្រុកសំពៅលូន ដែលកំពុងត្រូតពិនិត្យចរាចរណ៏លើដងផ្លូវ កាក់សួរនាំទើបដឹងថា អ្នកជិះក្នុងរថយន្តសុទ្ធតែជាពលករទើបឆ្លងដែនពីប្រទេសថៃ។

ប្រភពដដែលបានបញ្ជាក់ថា ក្រុមពលករទាំង០៧នាក់នោះ បានព្យាយាមលួចឆ្លងដែនតាមច្រករបៀង ដើម្បីគេចពីការ«ចត្តាឡីស័ក»។ បើតាមព័ត៌មានបឋមបានឲ្យដឹងថា មិនត្រិមតែឃាត់ខ្លួនក្រុមពលករទាំង០៧នាក់នោះទេ សូម្បីអ្នកបើករថយន្តតាក់ស៊ី និង មន្ត្រីចរាចរណ៍ម្នាក់ ដែលឈរថតជាមួយក្រុមពលករ ក៏ត្រូវបានបញ្ជូនទៅកាន់កន្លែង
«ចត្តាឡីស័ក»ដែរ ព្រោះឈរថតជាមួយក្រុមពលករមិនពាក់ម៉ាស់ការពារ៕
ចែករំលែកព័តមាននេះ