ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្នាំចិន ឆ្នាំនេះ គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង ៤៩លើក បាត់បង់ជីវិត ២១នាក់ និងរបួស ៧៦នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ បុណ្យចូលឆ្នាំចិន នៅឆ្នាំនេះ គិតចាប់ពីថ្ងៃសែន ថ្ងៃទី១១កុម្ភៈ រហូតដល់ថ្ងៃចូលឆ្នាំ ៣ថ្ងៃ នាថ្ងៃទី១២-១៤ ខែកុម្ភៈ នៅទូទាំងប្រទេស…

ភ្នំពេញ៖ បុណ្យចូលឆ្នាំចិន នៅឆ្នាំនេះ គិតចាប់ពីថ្ងៃសែន ថ្ងៃទី១១កុម្ភៈ រហូតដល់ថ្ងៃចូលឆ្នាំ ៣ថ្ងៃ នាថ្ងៃទី១២-១៤ ខែកុម្ភៈ នៅទូទាំងប្រទេស កើតមានគ្រោះថ្នាក់ចរាចរណ៍ ៤៩លើក បណ្តាល​ឲ្យបាត់ប​ង់ជីវិតសរុប ២១នាក់ និងរបួស ៧៦នាក់។ ក្នុងចំណោម​អ្នកបាត់បង់ជីវិត ២១នាក់ គឺមាន ១៣នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ​។ នេះបើតាមរបាយការណ៍របស់នគរបាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់​នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

បើធៀបនឹងពិធីបុណ្យចូលឆ្នាំចិន កាលពីឆ្នាំមុន គឺ​នៅឆ្នាំនេះ ទាំង​ចំនួនគ្រោះថ្នាក់​ចរាចរណ៍ ទាំងចំនួនអ្នកបាត់បង់ជីវិត និងអ្នករងរបួស បានថយចុះ។​

របាយការណ៍របស់ប៉ូលិសចរាចរណ៍ បង្ហាញថា នៅ​ថ្ងៃទី១១ ខែកុម្ភៈ ដែលជាថ្ងៃសែន​ចូលឆ្នាំចិន នៅទូទាំងប្រទេស កើតមានគ្រោះថ្នាក់ចរាចរណ៍ ១០លើក បណ្តាល​ឲ្យស្លាប់ ២នាក់ និងរ​បួស ១២នាក់​។ ក្នុងចំណោមអ្នកស្លាប់ ២នាក់នោះ គឺមានម្នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ។ រីឯមូលហេតុ កើតឡើងច្រើនជាងគេ ដោយសារ​មិនគោរពសិទ្ធិ ៥លើក ល្បឿន ២លើក ស្រវឹង ២លើក និងកត្តាយាន ១លើក​។

ថ្ងៃទី១២ ខែកុម្ភៈ ជាថ្ងៃចូលឆ្នាំចិន ថ្ងៃទី១ នៅទូទាំងប្រទេស មានគ្រោះថ្នាក់ចរាចរណ៍ ១៤លើក បណ្តាលឲ្យស្លាប់ ៥នាក់ និងរបួស ១៨នាក់​។ អ្នកស្លាប់ទាំង ៥នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ។ រីឯមូលហេតុ កើតឡើងច្រើនជាងគេ ដោយសារល្បឿន ៩លើក មិនគោរពសិទ្ធិ ២លើក បត់គ្រោះថ្នាក់ ២លើក និងប្រជែង ១លើក។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ជាថ្ងៃចូលឆ្នាំចិន ថ្ងៃទី២ គឺ​មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស ចំនួន ១១លើក បណ្តាល​ឲ្យស្លាប់ ៧នាក់ និងរបួស ២២នាក់​។ ក្នុងចំណោម​អ្នកស្លាប់ទាំង ៧នាក់ គឺមាន ៣នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ។​ រីឯមូលហេតុ ច្រើនជាងគេ ដោយសារល្បឿន ៣លើក មិនគោរពសិទ្ធិ ២លើក មិនប្រកាន់ស្តាំង ៤លើក ប្រជែង ១លើក និងស្រវឹង ១លើក​។

ថ្ងៃទី១៤កុម្ភៈ ជាថ្ងៃចូលឆ្នាំចិន ថ្ងៃទី៣ ថ្ងៃបញ្ចប់ នៅទូទាំងប្រទេស កើតមាន​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅទូទាំងប្រទេស សរុប ១៤លើក បណ្តាល​ឲ្យស្លាប់ ៧នាក់ និងរបួស ២៤​នាក់​។ ក្នុងចំណោម​អ្នកស្លាប់ ៧នាក់ គឺមាន ៤នាក់ ជាអ្នកធ្វើ​ដំណើរតាមម៉ូតូ។ រីឯមូលហេតុ កើតឡើងច្រើនជាងគេ ដោយសារល្បឿន ៦លើក មិនគោរពសិទ្ធិ ៣លើក មិនប្រកាន់ស្តាំ ៣លើក និង​ប្រជែង ២លើក​។

សូមរម្លឹកថា ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំ​ចិន កាលពី​​ឆ្នាំ២០២០​ គិត​ចាប់​ពីថ្ងៃ​សែន ថ្ងៃទី​២៤ ដល់​ថ្ងៃចូលឆ្នាំ ៣ថ្ងៃ គឺថ្ងៃទី២៥-២៦-២៧ ខែមករា ឆ្នាំ​២០២០ គ្រោះថ្នាក់​ចរាចរណ៍​​ផ្លូវគោក នៅ​ទូទាំងប្រទេស បាន​កើតឡើង សរុប​ចំនួន ៥៩​លើក បណ្តាល​ឲ្យ​ស្លាប់ ៤០​នាក់ និង​របួស ៨០​នាក់​។ ក្នុងចំណោម​អ្នកស្លាប់ទាំង ៤០នាក់ គឺមាន ៣៥នាក់ ជាអ្នកធ្វើដំណើរតាមម៉ូតូ​៕ ​