ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​សត្វ​រំពេ​ទន្លេដ៏កម្រ​ បង្ហាញវត្ត​មាន​តាម​តំបន់​ទន្លេមេគង្គ រវាង​ខេត្ត២

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​ប្រទះ​ឃើញ​សត្វ​រំពេ ទន្លេ​សរុប​ចំនួន៦៨​ក្បាល ក្នុងអំឡុងពេល​ចាប់ផ្តើម​សិក្សា​ចំនួន​សត្វ​បក្សី នៅ​តាម​តំបន់​ទន្លេមេគង្គ​រវាង​ខេត្តក្រចេះ ស្ទឹង​ត្រែង និង​ព្រំប្រទល់​ប្រទេស​ឡាវ ក្នុង​ដើមខែ​កុម្ភៈ…

រាជធានី​ភ្នំពេញ ​៖ ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​ប្រទះ​ឃើញ​សត្វ​រំពេ ទន្លេ​សរុប​ចំនួន៦៨​ក្បាល ក្នុងអំឡុងពេល​ចាប់ផ្តើម​សិក្សា​ចំនួន​សត្វ​បក្សី នៅ​តាម​តំបន់​ទន្លេមេគង្គ​រវាង​ខេត្តក្រចេះ ស្ទឹង​ត្រែង និង​ព្រំប្រទល់​ប្រទេស​ឡាវ ក្នុង​ដើមខែ​កុម្ភៈ ឆ្នាំ​២០២១​។

យោង​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ​នេះ បាន​ឲ្យ​ដឹង​ថា អ្នក​វិទ្យាសាស្ត្រ​បានឃើញ​វត្តមាន របស់​សត្វ​រំពេ​ទន្លេ​ដ៏​អស្ចារ្យ​ទាំងនេះ កំពុង​ប្រើប្រាស់​ថ្ម​ប៉ប្រះ​ទឹកជា​ទ្រនំ​ដើម្បី​ចាប់​ត្រី ខណៈ​ដែល​សត្វ​រំពេ​ខ្លះ​ទៀត កំពុង​តែ​ហើរ​ក្រឡឹង​ចុះឡើង តាម​ឆ្នេរ​ខ្សាច់​ដែល​ជាទី​ជម្រក ធម្មជាតិ​របស់​ពួក​វា ដើម្បី​បន្ត​ពូជ​។ ខណៈ​ពេល​នេះ រដូវ​បន្ត​ពូជ​របស់​សត្វ​រំពេ​ទន្លេ បាន​ចាប់ផ្តើម​ហើយ​។

បើ​តាម​លោក អៀម សំ​អ៊​ន់ អ្នក​ទទួល​បន្ទុក​ផ្នែក​ស្រាវជ្រាវ​និង​តាមដាន​ជីវៈចម្រុះ ប្រចាំ​តំបន់​ទន្លេមេគង្គ​នៃ​អង្គការ WWF បាន​ថ្លែង​ថា «​សត្វ​រំពេ​ទន្លេ​ជា​ប្រភេទ​បក្សី​មាន​មាឌ​មធ្យម មាន​កន្ទុយ​ចំពាម ក្បាល​ខ្មៅ ពោះ​ស ហើយ​ភាគច្រើន​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​រដូវ​កាល​បន្ត​ពូជ​របស់​ពួក​វា ដែល​ចាប់ផ្តើម​ពី​ខែមករា​ដល់​ខែឧសភា​»។​

លោក​បាន​បន្ថែម​ទៀត​ថា «ចំនួន​សត្វ​រំពេ​ទន្លេ​ដែល​បាន​ប្រទះ​ឃើញ ពេល​នេះ​មាន​ចំនួន​ច្រើន​ជាង​ចំនួន ដែល​បាន​ប្រទះ​ឃើញ​កាលពី​ឆ្នាំ​មុន ដែល​ពេល​នោះ​ឃើញ​សត្វ​រំពេ​ទន្លេ​មាន​តែ ៦៤​ក្បាល ប៉ុណ្ណោះ​»។

ចំនួន​បក្សី​នេះ​មាន​កំណើន​ទ្វេ​ដង ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ ដែល​កើន​ពី ៣១​ក្បាល ក្នុង​ឆ្នាំ​២០១៦ ដល់ ៦៨ ក្បាល ក្នុង​ដើមឆ្នាំ​២០២១​។ សត្វ​រំពេ​ទន្លេ​ជា​ប្រភេទ​បក្សី​មួយ ដ៏​កម្រ​បំផុត​ក្នុង​ចំណោម​ប្រភេទ​បក្សី កម្រ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ ក្នុង​ប្រទេស​កម្ពុជា សត្វ​រំពេ ទន្លេ​បាន​ធ្លាក់​ចុះ ៨០% ក្នុង​រយៈពេល ២០ ឆ្នាំ​កន្លង​ទៅ ដែល​មាន​ចំនួន​ប៉ាន់​ប្រមាណ សរុប​ទូ​ទាំង​ប្រទេស​ចន្លោះ​ពី ៥៤ ដល់ ៦២ ក្បាល ប៉ុណ្ណោះ ក្នុង​ឆ្នាំ​២០១៨​។ បក្សី​នេះ​ស្ថិត​ក្នុង​បញ្ជី​ក្រហម​នៃ​ប្រភេទ​សត្វ «ងាយ​រង​គ្រោះ​»៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ