ខេត្តព្រះសីហនុ ៖ មន្ត្រីអ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានឲ្យឲ្យដឹងថា ការដាក់សម្ពោធផ្លូវស្ថាបនាថ្មីគ្រោងនឹងធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ មុនពិធីបុណ្យចូលឆ្នាំខ្មែរ ឆ្នាំឆ្លូវ ២០២១នេះ ។

មន្ត្រីអ្នកនាំពាក្យដដែលបញ្ជាក់បន្ថែមថា ផ្លូវដែលបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនេះមានចំនួនសរុប៣៧ខ្សែ ក្នុងនោះមានមហាវិថី ផ្លូវ តូចធំ ចំនួន៣៤ខ្សែ ដែលជាគម្រោងថ្នាក់ជាតិ និងផ្លូវក្នុងក្រុងព្រះសីហនុ អនុវត្តន៍គម្រោងដោយមន្ទីរសាធារណការខេត្ត ចំនួន០៣ខ្សែផ្សេងទៀត ។

ជាមួយនឹងការបើកសម្ពោធផ្លូវថ្មីនេះក៏នឹងរៀបចំសម្ពោធរួមគ្នានូវហេដ្ឋារចនាសម្ពន្ធ័រណបផ្សេងៗទៀត តាមសងខាងផ្លូវផងដែរ ។

សូមបញ្ជាក់ថា ផ្លូវដែលធ្វើថ្មីក្នុងខេត្តព្រះសីហនុជាផ្លូវក្រាលគ្រឹះបេតុងពីក្រោម និងចាក់អ៊ុតកៅស៊ូបន្ថែមពីលើទំហំធំទូលាយ មានលក្ខណៈបច្ចេកទេសប្រើប្រាស់យូរអង្វែងដែលរាជរដ្ឋាភិបាលដឹកនាំដោយសម្តេច អគ្គមហាសេនាបតីតេជោហ៊ុន សែន សាងសង់ក្នុងខេត្តព្រះសីហនុ មានចំនួន៣៤ខ្សែ និងផ្លូវជាង១០ខ្សែទៀត ក្នុងក្រុងព្រះសីហនុ ក្នុងនោះផ្លូវខ្លះសាងសង់រួចហើយ និងផ្លូវខ្លះទៀត កំពុងស្ថាបនាជិតរួចរាល់ជាបន្តបន្ទាប់ ៕
ចែករំលែកព័តមាននេះ