ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកក្រ​ពឹង​ខួរក្បាល មិន​ដូច​អ្នកមាន​ពឹង​លុយ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភាគ​ទី​ ៥ ៖ ជា​រៀង​រាល់​ល្ងាច កុមារ​តូច​ម្នាក់​តែងតែ​អង្គុយ​ចាំ​ម្តាយ​វិល​ត្រឡប់​មក​ពី​លក់ដូរ​នៅ​ផ្សារ​ដោយសង្ឃឹមថា ម្តាយ​ជាទី​ស្រឡាញ់​របស់​ខ្លួន​អាច​ទិញ​ចំណី​ផ្ញើ​ដូច​ជា នំអន្សម ឬ​ផ្លៃ​សា​ម៉ា​វ ឬ​ផ្លែ​ចេក​ជាដើម​ ។…

ភាគ​ទី​ ៥ ៖

ជា​រៀង​រាល់​ល្ងាច កុមារ​តូច​ម្នាក់​តែងតែ​អង្គុយ​ចាំ​ម្តាយ​វិល​ត្រឡប់​មក​ពី​លក់ដូរ​នៅ​ផ្សារ​ដោយសង្ឃឹមថា ម្តាយ​ជាទី​ស្រឡាញ់​របស់​ខ្លួន​អាច​ទិញ​ចំណី​ផ្ញើ​ដូច​ជា នំអន្សម ឬ​ផ្លៃ​សា​ម៉ា​វ ឬ​ផ្លែ​ចេក​ជាដើម​ ។ កុមារ​តូចម្នាក់​នោះ គឺជា​រូប​ខ្ញុំដែល​ធំ​ពេញវ័យចេញពី​គ្រួសារ​ដ៏​ក្រីក្រ​មួយ​ក្នុង​ប​ន្តុ​ក​ម្តាយម៉េ​ម៉ា​យ ដែល​ត្រូវ​ចិញ្ចឹម​កូន​បី​នាក់​​យ៉ាង​លំបាក​ជា​រៀងរាល់ថ្ងៃ ​។

ខ្ញុំ​ស្ញប់ស្ញែង​ចំពោះ​ម្តាយ​ខ្ញុំ​ខ្លាំង​ណាស់​ចំពោះ​ការ​ប្រឹងប្រែង​មិន​ចេះ​នឿយហត់​ដើម្បី​កូន​មាន​អាហារ​ហូប​ និង​បាន​រៀនសូត្រ​ដូច​គេ​ដូច​ឯង ​។

ដោយ​ឆ្លងកាត់​ជីវិត​ក្រីក្រ​ និង​បានឮ​ពី​ការ​ប្រៀនប្រដៅ​អោយ​ខំរៀន​ដើម្បី​អនាគត​នោះ ខ្ញុំ​​តែងតែខិតខំរៀន​សូត្រ​ដោយ​មិន​ខ្លាច​នឿយហត់​ឡើយ​តាំងពី​ថ្នាក់បឋមសិក្សា​មក ​។ មក​ដល់​ពេល​នេះ ខ្ញុំ​យល់​ថា វា​ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​ដែល​កូន​អ្នក​ក្រីក្រ​ទាំងអស់​សម​នឹង​ទទួល​ការ​អប់រំ​ដ៏​ត្រឹមត្រូវ ពីព្រោះវា​គឺជា​ដើមទុន​ជីវិត​តែ​មួយ​គត់​ដែល​អាច​អោយ​រូប​ខ្ញុំ​ក៏​ដូច​ជា​កូន​អ្នក​ក្រី​ដទៃ​ទៀត​មាន​អនាគត​ដ៏​សមរម្យ​មួយ ​។

ខ្ញុំ​ពិបាក​នឹង​ស្រមៃ​ឃើញ​ណាស់​ថា​ តើ​រូប​ខ្ញុំ​នឹង​អាច​មាន​អនាគត​ដូច​សម​ថ្ងៃនេះ​យ៉ាងដូចម្តេច បើសិនជា​ខ្ញុំ មិន​បាន​ប្រឡង​ជាប់​ចូល​រៀន​មហាវិទ្យាល័យ​វិ​ទ្សា​សាស្ត្រ​សុខាភិបាល ព្រមទាំង​បាន​រៀនសូត្រយកអនុ​បណ្ឌិត​ផ្នែក​សារព័ត៌​មាននៅ​ហ្វី​លី​ពី​ន និងបន្ត​ការ​សិក្សា​វគ្គ​ខ្លី​ៗ​មួ​យ​ចំនួន​នៅបណ្តា​ប្រទេសជា​ច្រើនទៀត​ដូច​ជា​ អា​មេ​រិ​ក ជប៉ុន អា​ល្លឺ​ម៉​ង់ និង បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​ពិភពលោក​ជាដើម ​។

ចំណេះដឹង​ចេញពី​សាលារៀន​ និង​ចំណេះដឹង​ចេញពី​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​បាន​ជួយ​រូប​ខ្ញុំ​អោយ​បើក​គំនិត​កាន់តែ​ទូលំទូលាយ​ និង​មានការ​ស្រមើស្រមៃ​ទៅ​មុខ​កាន់ តែ​វែង​ឆ្ងាយ​ព្រមទាំង​មាន​ជំនឿ​ជឿជាក់​ខ្លួនឯង​យ៉ាង​មុតមាំ​ថា ​ចំណេះ​គឺជា​ដើមទុន​ជីវិត​ដ៏​ខ្លាំងក្លា​គ្មាន​គូប្រៀប​ឡើយ ​។

ហេតុ​ដូច្នេះហើយ​បានជា​ខ្ញុំ​បាន​ចាប់ផ្តើម​ចេញ​រកស៊ី​បង្កើត​វេ​ប​សាយ​ព័ត៌មាន​សុខភាព​health.com.kh នេះ​ឡើង​ដោយ​គ្រាន់តែ​មាន​ដើមទុន​តែ​ ១០០​ដុល្លារ​ប៉ុណ្ណោះ ព្រមទាំង​អាច​ធ្វើ​ការងារ​អោយ​គេបាន​ច្រើនកន្លែង​ថែម​ទៀត ​។

ខ្ញុំ​គិត​ថា​ មានកូន​អ្នកក្រ​ជា​ច្រើ​ណាស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូច​ជា​នៅ​ក្នុង​ពិភពលោក​បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ភាព​ក្រីក្រ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ដ៏​ធំធេង​របស់​ពួក​គេ​ជាមួយនឹង​ចំណេះដឹង​ដែល​ពួក​គេ​បាន​រៀនសូត្រ​ ។ អ្នកក្រ​ទាំងអស់​ពិតជា​អាច​ធ្វើ​បាន បើសិនជា​ពួក​គេ​បាន​រៀនសូត្រ​ ។

តើ​អ្នក​ទាំងអស់​គ្នា​ទទួល​បាន​អ្វី​ពី​បទ​ពិសោធន៍​នេះ ?

បើ​យើង​ជា​អ្នកក្រ ចំណេះវិជ្ជា​គឺជា​ដើមទុន​តែ​មួយ​គត់​របស់​យើង ​។ យើង​មិន​អាច​មាន​លុយ​ដូច​កូន​អ្នកមាន​ដើម្បី​រកស៊ី​នោះ​ឡើយ ​។ ចំណេះ​ដែល​នៅ​ក្នុង​ខួរក្បាល​យើង គឺជា ​អ​ណ្តុ​ង​មាស​ដែល​មិន​ចេះ​រីងស្ងួត ​។ ដូច្នេះបើ​យើង​ក្រ យើង​ត្រូវ​រែ​ប្រឹងរៀន ប្រឹង​ធ្វើការ ប្រឹង​អភិវឌ្ឍន៍ខួរក្បាល ​។ ពេល​នោះ ខ្ញុំ​ហ៊ាន​និយាយ​ថា គ្មាន​អ្នកមាន​ចំណេះវិជ្ជាណា​ម្នាក់​នៅ​ក្នុង​ភាព​ក្រីក្រ​ឡើយ​ ។

ចំណែក ឪពុក​ម្តាយ​ត្រូវ​តែ​យកចិត្តទុកដាក់ ការ​វិនិយោគ​ការ​អប់រំ​ចំពោះ​កូន ​។ ពេល​ដែល​ពួក​គេមានចំណេះដឹង​ហើយ​នោះ ពួក​គេ​ពិតជា​អាចរ​ស់បាន​យ៉ាង​សមរម្យ​នៅ​ក្នុង​សង្គម ហើយ​ភាព​ក្រីក្រ នឹង​មិនហ៊ាន​មក​ជិត​ពួក​គេ​ទេ ​។

រីឯ​រដ្ឋាភិបាល​ត្រូវ​តែ​ពង្រឹង​វិស័យ​អប់រំ​សាធារណ​:​អោយ​បាន​ខ្លាំងក្លា​ដើម្បី​អោយ​កូន​អ្នកក្រ​អាច​ទ​ទួ​ល​បានការ​អប់រំ​ប្រកបដោយ​គុណភាព​ហើយ​ដើម្បី​អោយ​ពួក​គេ​​អាច​ចាក​ចេញពី​ភាព​ក្រីក្រ​បាន​ ។ នយោបាយកាត់​បន្ត​យ​ក្រីក្រ​នឹង​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មុខ​បាន​លឿនដោយ​មិន​មានការ​វិនិយោគទៅ​លើ​វិស័យ​អប់រំសា​ធារ​ណះ​ឡើយ ​។

សូម​រង់ចាំ​តាមដាន​បន្ត​ទៀត​អំពី​ការ​រៀបចំ​ផែនការ​អនុវត​ត្ត​គម្រោង «​លុយ​ ១០០​ដុល្លារ​កែប្រែ​ជីវិត​ខ្ញុំរបៀប​ណា ?»

ចំណែក​ប្រិ​យ​មិត្ត​ដែល​ចង់​ចែករំលែក​បទ​ពិសោធន៍​ទាក់ទង​នឹង​ការ​រក​លុយ​ដល់​មហាជន​ក៏​អាច​ទាក់ទង​គម្រោង «​លុយ​» របស់​សារព័ត៌មាន ​កោះសន្តិភាព ​ផង​ដែរ​ ។ យើង​រីករាយ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ជូន ដើម្បី​ជាការ​ចែករំលែក​ចំណេះដឹង​ជាក់ស្តែង​ពិត​ៗ​ទាក់ទង​នឹង​ការ​រក​លុយ ការ​សន្សំ​លុយ និងការ​គ្រប់គ្រង​លុយ ​។ ក្នុង​ករណី​ដែល​លោក​អ្នក​មានការ​លំបាក​នៅ​ក្នុង​ការ​សរសេរ​ចេញ​គំនិត​ទាំង​អស់នោះ ក្រុម​និ​ព​ន្ឋ​គម្រោង លុយ របស់​កោះសន្តិភាព នឹង​ជួយ​ជ្រោមជ្រែង​អោយ​អស់ពី​សមត្ថភាព​ ៕ ដោយ ៖ ងួ​ន សេ​រ័​ត្ន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ