រាជធានីភ្នំពេញ ៖ បុរសជនជាតិកាមេរូនម្នាក់ បានត្រូវកងរាជអាវុធហត្ថរាជធានីភ្នំពេញ
ចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ពាក់ព័ន្ធពីបទ«ឆបោកប្រាក់២ម៉ឺនដុល្លារអាមេរិក»ពីអាជីវករខ្មែរទិញលក់រថ យន្ត។ ជនសង្ស័យឈ្មោះ Bangha Calestu Nyodeh ហៅ Joa ភេទប្រុស អាយុ៣២ឆ្នាំ កន្លែងស្នាក់នៅមិនពិតប្រាកដ ។ ការចាប់ឃាត់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ចធ្វើឡើង តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ណាង វណ្ណៈ ជាថៅកែទិញ-លក់រថ យន្តនៅផ្សារដីហុយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះរៀបរាប់ថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០
មានជនជាតិកាមេរូន២នាក់ បានទាក់ទងតាមរយៈតេឡេក្រាម ដើម្បីសហការគ្នានាំរថ យន្តពីសហរដ្ឋអាមេរិកយកមកលក់នៅប្រទេសកម្ពុជា ។ ពេលនោះជនសង្ស័យបាននិយាយបញ្ចុះបញ្ចូលជនរងគ្រោះឲ្យដាក់ប្រាក់ហ៊ុនគ្នាដើម្បីនាំរថយន្តពី សហរដ្ឋ អាមេ រិកក្នុងតម្លៃថោកៗ យកមកលក់បានចំណេញច្រើន ដែលពួកគេមានបងប្អូននៅទីនោះស្រាប់ ចេះមើលរថយន្តគ្រប់ប្រភេទបើសិនជនរងគ្រោះព្រមរកសុីជាមួយ ។

ក្រោយមក ពួកគេក៏បានឯកភាពគ្នារកសុីជាមួយគ្នា ។ លុះមកដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឈ្មោះ Mourice និង Joa បានមកដល់ផ្ទះជនរងគ្រោះដោយប្រាប់ថា ពួកគេបានរៀបចំឯកសាររួចរាល់ហើយដើម្បីនាំរថយន្តចំនួន២កុងតឺន័រចូលមកស្រុកខ្មែរ ។ ដូច្នេះ ពួកគេបានតម្រូវឲ្យជនរងគ្រោះដាក់ប្រាក់កក់ចំនួន៥មុឺនដុល្លារអាមេរិកជាមុន ។
ដោយសារតែការចង់មានចងៀ់បាន ដូចពាក្យថា«គេបបួលកុំឲ្យខាន គេមានបានកុំឲ្យទៅ»ជនរងគ្រោះក៏ធ្លាក់ទៅក្នុងល្បិចកលឆបោកនេះដោយយល់ព្រមប្រគល់ប្រាក់កក់ចំនួន២មុឺនដុល្លារសិន ដោយនិយាយថា ពេលបំពេញ បែបបទរួចអស់ហើយ នឹងបន្ថែមឲ្យគ្រប់៥មុឺនដុល្លារតែម្តង ។

ប៉ុន្តែចាប់តាំងពីពេលប្រគល់ប្រាក់ដល់ដៃហើយ ជនរងគ្រោះពិបាករកទំនាក់ទំនងគ្នាជា
មួយជនសង្ស័យ និងជាចុងក្រោយគឺទាក់ទងលែងបានទាំងស្រុង ពោលគឺជនស្បែកខ្មៅនេះមានគំនិតទុច្ចរិតលេងល្បិចឆបោក ដើម្បីបានប្រាក់រួចហើយគេចខ្លួន ។លុះមកដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ស្រាប់តែជនរងគ្រោះប្រទះឃើញជនសង្ស័យដើរតាមផ្លូវនៅក្នុងរាជធានីភ្នំពេញ ហាក់បីដូចជាគ្មានជំពាក់អ្នកណាមួយរៀល ក៏បានទៅចាប់ឃាត់ ខ្លួននាំចូលបញ្ជាការដ្ឋានមូលដ្ឋានកងរាជអាវុធហត្ថ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ