ខេត្តស្ទឹងត្រែង ៖ រដូវចូលឆ្នាំប្រពៃណីចិន-វៀតណាម សម្រាប់អ្នកកាន់វប្បធម៌ប្រពៃណីនេះ ភាគច្រើនអ្នកដែលមានធនធាន គឺគេមិនបានខកខានក្នុងការដាក់សែនជ្រូកខ្វៃឡើយ ។

តាមការកត់សម្គាល់ឆ្នាំនេះ តម្លៃជ្រូកខ្វៃហក់ឡើងតម្លៃទ្វេជាងឆ្នាំកន្លងៗទៅ ។ អាជីវករប្រកបរបរខ្វៃជ្រូកលក់ក្នុងឱកាសសែនចូលឆ្នាំចិនឆ្នាំនេះបានដំឡើងតម្លៃចាប់ពីមួយក្បាល៨០ ម៉ឺន ទៅមួយលានរៀល ។ ការដែលតម្លៃហក់ឡើងខ្ពស់បែបនេះ គឺរយៈពេលចូលឆ្នាំចិនប៉ុណ្ណោះ ។

អ្នកប្រកបមុខរបរខ្វៃជ្រូកនៅក្រុងស្ទឹងត្រែងបានប្រាប់ឲ្យដឹងថា តម្លៃជ្រូកខ្វៃក្នុងមួយក្បាល កាលពីប៉ុន្មានឆ្នាំមុន ត្រឹមតែ៤០ម៉ឺនទៅ ៥០ រៀលប៉ុណ្ណោះ ។ តែបច្ចុប្បន្ននេះតម្លៃលក់ចេញជ្រូកខ្វៃ គឺបានកើនរហូតដល់៨០ម៉ឺនទៅមួយលានរៀលខុសពីឆ្នាំមុន ។ នេះ គឺជាតម្លៃជ្រូកដែលខ្វៃ រួចទម្ងន់ចាប់ពី១៥គីឡូក្រាមឡើង ។

អ្នកប្រកបរបរដដែលនេះ បន្តរៀបរាប់ទៀតថា មូលហេតុដែលតម្លៃខ្វៃជ្រូកលក់ចេញកាន់តែកើនឡើងបែបនេះ ដោយសារពួកគេទិញជ្រូកមកពីតាមជនបទក្នុងតម្លៃខ្ពស់រួចទៅហើយ ។
ចំណែកឈ្មួញដើរទិញជ្រូក នៅតាមជនបទក៏បានប្រាប់ផងដែរថា ប្រជាពលរដ្ឋនៅតាមជនបទឥឡូវនេះ ពួកគាត់មិនសូវចិញ្ចឹមជ្រូកកណ្តុរឲ្យចំណីធម្មជាតិដូចពីមុនទៀតទេ ។ ចំពោះការចិញ្ចឹមជ្រូកនៅតាមផ្ទះទៀតក៏មិនសូវមានអ្នកចិញ្ចឹមច្រើនដែរទើបធ្វើឲ្យតម្លៃជ្រូកនៅតាមជនបទកាន់តែកើនឡើងហើយឈ្មួញគេដើរទិញពីជនបទមកលក់បន្តឲ្យអ្នកខ្វៃជ្រូកនៅក្រុងស្ទឹងត្រែងក៏កាន់តែខ្ពស់ ។
អាជីវករខ្វៃជ្រូកនៅក្រុងស្ទឹងត្រែងបានប្រាប់ថា ពួកគេទិញជ្រូកពីឈ្មួញកណ្តាលដឹកជញ្ជូនតាមម៉ូតូមកពីជនបទក្នុងតម្លៃថ្លៃ ហើយប្រើសេវាកម្មករសម្រាប់រៀបចំខ្វៃជ្រូកផងនោះទើបធ្វើឲ្យពួកគេដំឡើងតម្លៃកាន់តែខ្ពស់តាមនឹងដែរ ៕
ចែករំលែកព័តមាននេះ