ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថភាព​យោធិន ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញភារកិច្ច​ស្នូល និង​ភារកិច្ច​ផ្សេង​ៗ​ទៀត​របស់​អង្គភាព

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ឯក​ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ប្រចាំឆ្នាំ​២០២០ របស់​កងពលតូច​អន្តរាគមន៍​លេខ​១ នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ…

ខេត្តកំពង់ឆ្នាំង ៖ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ឧត្តមសេនីយ៍ឯក​ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក​ថ្លែង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ប្រចាំឆ្នាំ​២០២០ របស់​កងពលតូច​អន្តរាគមន៍​លេខ​១ នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០២១ ។

លោក​ហ៊ុន ម៉ា​ណែ​ត សូម​វាយតម្លៃ​ខ្ពស់ និង​អបអរសាទរ​ចំពោះ​លទ្ធផល​នៃ​វគ្គ​ហ្វឹកហ្វឺន​ប្រចាំឆ្នាំ​២០២០ របស់​កងពលតូច​អន្តរាគមន៍​លេខ​១ ដែល​បាន​ដំណើរការ​ពេញ​មួយ​ឆ្នាំ​កន្លង​មក​ប្រកបដោយ​ភាព​ដោយ​ជោគជ័យ ហើយ​វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ ពិតជា​បាន​ឆ្លើយ​តប​ចំពោះ​សេចក្តី​ត្រូវការ​ក្នុង​ការ​ពង្រឹង និង​ពង្រីក​សមត្ថភាព​ជំនាញ​របស់​យោធិន ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញភារកិច្ច​ស្នូល រួម​ទាំង​ភារកិច្ច​ផ្សេង​ៗ​ទៀត​របស់​អង្គភាព​។

កត្តា​នាំមុខ​មួយ​នៅ​ក្នុង​ការ​ធ្វើ​កំណែទម្រង់​កង​យោធពលខេមរភូមិន្ទ គឺ​ការ​វាយតម្លៃ​ទៅ​លើ​ទស្សនវិស័យ តម្រូវការ​ខ្វះខាត​និង​ការ​គម្រាមកំហែង​នានា​ចំពោះ​មុខ​ដូច​ជា អំពើ​ភេរវកម្ម គ្រោះ​មហន្តរាយ​បង្ករ​ទ្បើ​ង​ដោយ​ធម្មជាតិ ឬ​មនុស្ស ជាដើម ព្រោះ​ការ​រៀបចំ​ផែនការ គឺជា​ការ​ជួយ​ឲ្យ​មានការ​ប្រុងប្រៀប​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​មុន​ស្ថានការណ៍​ណាមួយ​កើត​ទ្បើ​ង ហើយ​ទាមទារ​អោយ​យើង​ធ្វើការ​រៀបចំ​កម្លាំង ការ​ហ្វឹកហ្វឺន ការ​បំពាក់​សម្ភារៈ ឆ្លើយ​តប​ទាន់​ពេលវេលា​ក្នុង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​ហានិភ័យ​នានា​ដែល​នឹង​កើត​ទ្បើ​ង​។

ក្នុង​នោះ​ការងារ​ហ្វឹកហ្វឺន​បាន​ដើរតួរ​នាទី​ចម្បង ហើយ​ទាមទារ​នូវ​ភាព​ម្ចាស់​ការ​ខ្ពស់​ក្នុង​ការ​ពង្រឹង​នូវ​គុណភាព ប្រសិទ្ធភាព និង​ភាព​ទាន់សភាពការណ៍​ពិត​ជាក់ស្តែង ដើម្បី​ធានា​ដល់​ការ​ដឹកនាំ​បញ្ជារ​, ការ​ផ្ទេរ​នូវ​បទ​ពិសោធន៍ និង​ចំណេះដឹង​របស់​យោធិន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ទៀត​, ការ​ចងក្រង ប្រមូល​នូវ​បទ​ពិសោធន៍​បន្សល់​ទុក​ឲ្យ​ជំនាន់​ក្រោយ​ៗ, និង​ជា​ការ​ត្រៀមលក្ខណៈ​ដើម្បី​អនុវត្ត​បទបញ្ជា និង​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​, ក្រសួងការពារជាតិ​, និង​អគ្គ​បញ្ជាការដ្ឋាន​ប្រគល់​ជូន​។

លោក​សូម​អបអរសាទរ និង​កោតសរសើរ​ចំពោះ​សិក្ខាកាម​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ហ្វឹកហ្វឺន​រៀនសូត្រ រហូត​ទទួល​បាន​ជោគជ័យ​បញ្ចប់​វគ្គ​ក្នុង​ពេល​នេះ ។ ជោគជ័យ​នេះ គឺ​កើត​ចេញពី​ការ ហាត់ពត់លត់ដំ​កាយសម្បទា ស្មារតី​សតិអារម្មណ៍ និង​ការ​តស៊ូ​អំណត់​ព្យាយាម​ជម្នះ​នូវ​ឧបសគ្គ និង​ការ​លំបាក​គ្រប់​បែប​យ៉ាង ហើយ​ដែល​នេះ គឺជា​មោទនភាព​សម្រាប់​សិក្ខាកាម​បញ្ចប់​វគ្គ​គ្រប់​ៗ​រូប ។ បន្ទាប់​ទៅ​នេះ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា សិក្ខាកាម​ទាំងអស់​នឹង​ប្រើប្រាស់​ចំណេះដឹង និង​ចំណេះធ្វើ​ទទួល​បាន​ពី​វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ សម្រាប់​យក​ទៅ​អនុវត្ត​បំពេញ​រាល់​ភារកិច្ច​ឱ្យ​ទទួល​បាន​ជោគជ័យ និង​កាន់តែ​មាន​ប្រសិទ្ធភាព​ប្រសើរ​ឡើង​ថែម​ទៀត ក្នុង​បុព្វហេតុ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​របស់​យើង​។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត​សម្តែង​នូវ​ការ​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ទាំងអស់​នៃ​កងពលតូច​អន្តរាគមន៍​លេខ​១ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​ការពារ​បូរណភាព​ទឹកដី​, ថែរក្សា​សន្តិភាព សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​បាន​ល្អ​ប្រសើរ ក៏​ដូច​ជា​ការ​ដឹកនាំ​គ្រប់គ្រង​កម្លាំង​ប្រមូលផ្តុំ​មាន​របៀបរៀបរយ ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការងារ​ហ្វឹកហ្វឺន និង​ការ​ត្រៀម​អន្តរាគមន៍​តាម​បទបញ្ជា ជា​ពិសេស​ការ​ចូលរួម​ចំណែក​របស់​អង្គភាព​ក្នុង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​អាយុជីវិត ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ ក្នុង​គ្រោះ​មហន្តរាយ​ទឹកជំនន់​នៅ​ភាគ​ខាងលិច​ប្រទេស កាលពី​ចុងឆ្នាំ​២០២០ កន្លង​ទៅ​នេះ​។

លោក​បាន​កោតសរសើរ​ចំពោះ​កងពលតូច​អន្តរាគមន៍​លេខ​១ ក៏​ដូច​ជា​គ្រប់​បណ្តា​ស្ថាប័ន​-​កងឯកភាព​ទូ​ទាំង​កង​យោធពលខេមរភូមិន្ទ ដែល​កន្លង​មក​បាន​ចាត់វិធានការ​ប្រុង​ប្រយ័ត្ន​រឹង​មាំ និង​បាន​អនុវត្ត​នូវ​រាល់​វិធានការ​សុខាភិបាល​បាន​យ៉ាង​ខ្ជាប់ខ្ជួន​។ មក​ដល់​បច្ចុប្បន្ន​នេះ កម្ពុជា​យើង​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​ល្អ​ប្រសើរ ដោយ​មិន​ទាន់​មាន​ករណី​ឆ្លង​ជម្ងឺ​កូ​វី​ដ​-១៩​ច្រើន ហើយ​ករណី​ស្លាប់​នៅ​ក្នុង​ប្រទេស​ក៏​មិន​ទាន់​មាន ខណៈ​ដែល​ប្រទេស​មួយ​ចំនួន​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​កំពុង​បន្ត​រង​គ្រោះ​ខ្លាំង​។

លទ្ធផល​ដែល​ទទួល​បាន​ទាំងនេះ គឺ​ដោយសារ​ការ​ចាត់វិធានការ​ម៉ឹង​ម៉ាត់​របស់​រាជរដ្ឋាភិបាល ជា​ពិសេស​ការ​ដឹកនាំ​ផ្ទាល់​របស់ សម្តេច​តេ​ជោ ក្នុង​ការ​អនុវត្ត​វិធាន​តឹង​រឹង​នានា និង​ដោយ​មានការ​ចូលរួម​ជ្រោមជ្រែង​របស់​មន្ត្រី​គ្រប់​ជំនាញ​នៃ​ក្រសួងសុខាភិបាល និង​បណ្តា​ស្ថាប័ន​-​អង្គភាព​ស៊ី​វិល និង​គ្រប់​ប្រភេទ​ទ័ព ហើយ​ជា​ពិសេស​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ដែល​បាន​រួម​គ្នា​ក្នុង​ការ​គោរព​ការ​ណែនាំ និង​ចូលរួម​អនុវត្ត​វិធាន​សុខាភិបាល​នានា​។ លោក​បាន​បញ្ចា​ក់​ផង​ដែរ​ថា​ជំហាន​បន្ទាប់ គឺ​ការ​ចាក់​ថ្នាំ​ការពារ ដើម្បី​បង្កើន​នូវ​សមត្ថភាព​នៃ​ប្រព័ន្ធ​ការពារ​ក្នុង​សារពាង្គកាយ​របស់​យើង ដើម្បី​ជួយ​ទប់ស្កាត់​នូវ​ការ​ឆ្លង​ជម្ងឺ​នេះ ប្រយោជន៍​គឺ​ជួយ​កាត់​បន្ថយ​ការ​រីក​រាលដាល​ទៅ​ដល់​ក្រុម​គ្រួសារ និង​សហគមន៍​របស់​យើង​។

ចំពោះ​មុខ​ត្រូវ​បន្ត​ចូលរួម​អនុវត្ត​វិធានការ​សុខាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ការពារ​ខ្លួន ក្រុម​គ្រួសារ អង្គភាព និង​សហគមន៍ ហើយ​ត្រៀមលក្ខណៈ​អនុវត្ត​បទបញ្ជា​របស់​កងទ័ពជើងគោក អគ្គបញ្ជាការ ក្រសួងការពារជាតិ និង​រាជរដ្ឋាភិបាល នៅ​ក្នុង​ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វី​ដ​-១៩ តាម​បទបញ្ជា​ជាក់ស្តែង ព្រមទាំង​ធ្វើការ​ត្រៀមលក្ខណៈ​ដើម្បី​ទទួលយក​នូវ​ការ​ចាក់​វ៉ាក់សាំង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ