ពលរដ្ឋជាច្រើនបានលើកឡើងពីការខ្ជះខ្ជាយក្នុងការសែនព្រេននៅកម្ពុជានៅក្នុងឱកាសចូលឆ្នាំចិន និងវៀតណាមដែលកំពុងប្រារព្ធធ្វើនាពេលនេះ។ ថ្ងៃទី១១ ជាពិធីសែនព្រេន តាមទម្លាប់និងព្រៃណីចិន បានធ្វើឡើងនៅគ្រប់តំបន់ក្នុងប្រទេស។ ពលរដ្ឋដែលគិតថាខ្លួនជាប់សែស្រឡាយចិននិងវៀតណាម បានរៀបចំពិធីសែនគេហដ្ឋានរៀងខ្លួន និងមានការជួបជុំគ្នាទទួលទានអាហារ យ៉ាងសប្បាយរីករាយ។

រូបភាពការសែនព្រេនរបស់ពលរដ្ឋមិនថានៅឆ្នាំមុនឬឆ្នាំនេះនោះទេ បានបង្ហាញពីការខ្ជះខ្ជាយ ថវិកាលើការរៀបចំពិធី ពិធីខ្លះហាក់មិនចំណេញនោះ នៅប្រទេសគេ គេមិនបានរៀបចំឡើងនោះទេ។ ការរៀបចំពិធីសែនព្រេន ដែលធ្វើឡើងអធិកអធមពេក មានម្អូបអាហារច្រើន មានសម្ភារៈលើសលប់ ហាក់បានបង្ហាញពីការខ្ជះខ្ជាយ ហើយការគិតមិនសូវចំណេញ របស់ពលរដ្ឋមួយចំនួន ក្នុងការរៀបចំពិធីខ្លះ អាចជាការចំណាយមួយឥតប្រយោជន៍។ មានអ្នកខ្លះលើកឡើងថាជនជាតិចិននៅក្នុងប្រទេសចិនតែម្តង គេមិនបានរៀបចំពិធីសែនព្រេនធំ អស់លុយច្រើន ដូចនៅកម្ពុជានោះទេ។

ការសែននៅតាមផ្ទះនីមួយៗ ត្រូវគេប៉ាន់ស្មានថាបានចំណាយថវិកាមិនតិចរយដុល្លារ។ បើគេទិញជ្រូកខ្វៃមួយ យ៉ាងតិចចំណាយមិនតិជាង២០០ដុល្លារឡើយសម្រាប់ជ្រូកមួយក្បាល។ នេះមិនទាន់រាប់ម្ហូបផ្សេងទៀត និងសម្ភារៈសម្រាប់ដុតសែន មានឡាន ក្រដាសលុយ ដុំមាស ដែលធ្វើពីក្រដាសនោះផង។ ជាការពិតជំនឿនិងការប្រារព្ធពិធីណាមួយជាសិទ្ធិសេរីភាពរបស់ពលរដ្ឋ ប៉ុន្តែការខ្ជះខ្ជាយ និងការប្រារព្ធពិធីមួយមិនចំណេញ គួរពិចារណាផងដែរ។
លោក ពុយ គា អ្នកកាសែតជើង និងជាអ្នកដែលបានសិក្សាច្រើនពីពលរដ្ឋក្នុងអាស៊ានផងនោះ បានលើកឡើងថា “នាំគ្នាទិញឥវ៉ាន់សែន ទោះមិនមែនជាប់សែស្រឡាយចិនក៏ដោយ ។ យកលុយមែនទែនទៅទិញលុយក្លែងក្លាយយកមកដុត យកលុយមែនទែនទៅទិញម៉ាសក្លែងក្លាយយកមកដុត…ព្រោះគិតថា ជឿថា ទាល់តែសែនទើបរកស៊ីធូរនិងមានបានដូចចិន ។ សូមគិតនិងសញ្ជឹងមើលថា “ចិនប្រឹងប្រែងប៉ុណ្ណា? តស៊ូប៉ុណ្ណា ទម្រាំបានលុយ? “ ។

ពលរដ្ឋខ្មែរច្រើនណាស់ដែលមានបានដោយសារការប្រឹងប្រែង ព្យាយាមតស៊ូនិងអំណត់ មិនមែនដោយសារសែននោះទេ ។ អំពីម្ហូបសែនរបស់ចិនវិញ គេធ្វើម្ហូបច្រើនមុខ សែនរួចគេនាំបងប្អូនកូនចៅពិសារជុំគ្នាគ្រប់ម្ហូបទាំងអស់ អត់ខ្ជះខ្ជាយទេ បើនៅសល់គេធ្វើ “សម្លចាប់ឆាយ” ដែលលាយច្របល់ចូលគ្នាដូច “សម្លកកូរខ្មែរ” ទុកបានរាប់ថ្ងៃ ហូបទាល់តែអស់ មិនចាក់ចោលឡើយ ។ អំពីការដុតធូបវិញ ពលរដ្ឋចិននៅទីក្រុងធំៗលែងដុតធូបហុយផ្សែងដូចមុនទៀតហើយ គេដុត២ឬ៣សរសៃឬប្រើធូបអគ្គិសនីជំនួស ៕
ចែករំលែកព័តមាននេះ