រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១១ កុម្ភៈនេះ គឺជាថ្ងៃសែនចូលឆ្នាំចិន-វៀតណាម ក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរ ដែលជាប់សែស្រឡាយចិនបានរៀបចំសែនដូចតាមទម្លាប់ជារៀងរាល់ឆ្នាំនោះ លោក ពុយ គា ដែលតែងតែសរសេររឿងរ៉ាវគួរឲ្យចាប់អារម្មណ៍នៅលើគណនីហ្វេសប៊ុករបស់លោក បានលើកឡើងថា «នាំគ្នាទិញឥវ៉ាន់សែន ទោះមិនមែនជាប់សែស្រឡាយចិនក៏ដោយ ។ យកលុយមែនទែន ទៅទិញលុយក្លែងក្លាយ យកមកដុត យកលុយមែនទែន ទៅទិញម៉ាសក្លែងក្លាយយកមកដុត… ព្រោះគិតថា ជឿថា ទាល់តែសែន ទើបរកស៊ីធូរ និងមានបានដូចចិន ។ សូមគិត និងសញ្ជឹងមើលថា “ចិនប្រឹងប្រែងប៉ុណ្ណា ? តស៊ូប៉ុណ្ណា ទម្រាំបានលុយ ?» ។
លោក ពុយ គា ដែលគេស្គាល់ថា ជាអ្នកកាសែតជើងចាស់ និងជាអ្នកឆ្លើយឆ្លងព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មាន Kyodo របស់ជប៉ុន បានបន្តថា «ពលរដ្ឋខ្មែរច្រើនណាស់ ដែលមានបានដោយសារការប្រឹងប្រែង ព្យាយាមតស៊ូ និងអំណត់ មិនមែនដោយសារសែននោះទេ ។
អំពីម្ហូបសែនរបស់ចិនវិញ គេធ្វើម្ហូបច្រើនមុខ សែន រួចគេនាំបងប្អូនកូនចៅពិសារ ជុំគ្នាគ្រប់ម្ហូបទាំងអស់ អត់ខ្ជះខ្ជាយទេ បើនៅសល់គេធ្វើ “សម្លចាប់ឆាយ” ដែលលាយច្របល់ចូលគ្នាដូច “សម្លកកូរខ្មែរ” ទុកបានរាប់ថ្ងៃ ហូបទាល់តែអស់ មិនចាក់ចោលឡើយ ។
អំពីការដុតធូបវិញ ពលរដ្ឋចិននៅទីក្រុងធំៗ លែងដុតធូបហុយផ្សែងដូចមុនទៀតហើយ គេដុត២ ឬ៣សរសៃ ឬប្រើធូបអគ្គិសនីជំនួស» ៕


ចែករំលែកព័តមាននេះ