ទីក្រុងរ៉ូម ៖ រូបភាពគួរឲ្យញញើត ត្រូវបានបង្ហាញនៅក្នុងដំណឹងសុខភាពប្រចាំថ្ងៃទី១១ កុម្ភៈ ២០២១នេះ ស្តីពីការវះកាត់ម្រាមដៃ របស់ស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ ជាជនជាតិអ៊ីតាលី វ័យ៨៦ឆ្នាំ ត្រូវកាត់អស់ចំនួន ០៣ម្រាមដៃ បន្ទាប់ពីរូបគាត់បានឆ្លងមេរោគកូវីដ-១៩ ហើយជំងឺនេះបានបំផ្លាញដល់សសៃឈាមធ្ងន់ធ្ងរ រហូតប្រែជាខ្មៅ ។
ស្ត្រីវ័យចំណាស់រូបនេះ ត្រូវដាក់បញ្ចូលថ្នាំព្យាបាលឈាម បន្ទាប់ពីក្រុមគ្រូពេទ្យបានកត់សម្គាល់ឃើញថា នាងខ្វះឈាមហូរចូលក្នុងបេះដូង ដែលជាទូទៅអ្នកជំងឺកូវីដ-១៩ ដែលប្រឈមខ្លាំងដោយសារជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ។
ក្រុមគ្រូពេទ្យ នៅប្រទេសអ៊ីតាលី ដែលចូលរួមវះកាត់ម្រាមដៃកាចសាហាវរបស់នាង បានហៅថា “ជាករណីធ្ងន់ធ្ងរ នៃជំងឺសរសៃឈាម” ។
វីរុសកូវីដ ត្រូវបានគេរកឃើញ នៅក្នុងខ្លួនអ្នកជំងឺភាគច្រើន គឺបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់សរសៃឈាម ដូចជាមានការស្ទះដ៏គ្រោះថ្នាក់ ដែលគេស្គាល់ថា ជាកំណកឈាម ។
ខណៈពេលដែលអ្នកជំនាញមិនប្រាកដទេថា ហេតុអ្វីបានជាវីរុស វាបណ្តាលឲ្យមានការរាំងស្ទះឈាមនោះ ? បើតាមទ្រឹស្តីទូទៅគឺថា វាជាលទ្ធផល នៃប្រតិកម្មភាពស៊ាំ ដែលភាសាបច្ចេកទេសហៅថា “cytokine storm” ។ គេជឿជាក់ថា ស្ត្រីអ្នកជំងឺកូវីដរូបនេះ បានទទួលរងនូវការកកឈាម ដែលផ្តាច់ការផ្គត់ផ្គង់ដល់ម្រាមដៃរបស់នាង ។ វីរុសវាអាចបំផ្លាញជាលិកា ដែលមានសុខភាពល្អ ប្រសិនបើសរសៃឈាមត្រូវបានប៉ះពាល់ វាអាចលេចធ្លាយ ដែលបណ្តាលឲ្យសម្ពាធឈាមធ្លាក់ចុះ និងជំរុញឱកាស នៃការកកឈាមកើតឡើងខ្ពស់ ។
នេះមិនមែនជាលើកទី១ ទេ ដែលអ្នកជំងឺកូវីដ ត្រូវការកាត់ម្រាមដៃរបស់ពួកគេ ។ តួយ៉ាង ធ្លាប់មានបុរស វ័យ៥៤ឆ្នាំម្នាក់ រស់នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានកាត់ម្រាមដៃអស់២ ដោយសារតែលទ្ធផល នៃការខូចខាតជាលិកា និងសាច់ដុំយ៉ាងខ្លាំង បន្ទាប់ពីឆ្លងវីរុសកូវីដ-១៩ ក្នុងពេលដំណើរកម្សាន្ត ជិះស្គីជាមួយមិត្តភក្តិមួយក្រុម នៅភាគខាងជើង ប្រទេសអ៊ីតាលី ។
ទន្ទឹមនឹងនេះ ឪពុកដែលមានកូន២នាក់ មកពីទីក្រុង Cardiff ប្រទេសវែល របស់ចក្រភពអង់គ្លេស បានបាត់បង់មេដៃឆ្វេងរបស់គាត់មុនចង្អុលដៃដែលនៅសល់ត្រឹមពាក់កណ្តាលម្រាម កាលពីឆ្នាំមុន បន្ទាប់ពីរូបគាត់បានឆ្លងជំងឺកូវីដ ហើយបានចំណាយពេល ៦១ថ្ងៃ ទៅលើម៉ាស៊ីនជំនួយការដកដង្ហើម និងថ្នាំការពារកុំឲ្យកោសិកាឈាមកក ៕
ចែករំលែកព័តមាននេះ