ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្ត​ល្អ​នាំ​សំណាង មិត្ត​អាក្រក់​នាំ​ស៊យ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភាគ​ទី​ ៣ រាជធានីភ្នំពេញ ​៖ ខ្ញុំ វេជ្ជបណ្ឌិត ងួ​ន ​សេ​រ័​ត្ន ​រៀបរាប់​ហើយ​វគ្គ​ទី​ ១…

ភាគ​ទី​ ៣

រាជធានីភ្នំពេញ ​៖ ខ្ញុំ វេជ្ជបណ្ឌិត ងួ​ន ​សេ​រ័​ត្ន ​រៀបរាប់​ហើយ​វគ្គ​ទី​ ១ ​ស្តី​ពីសារ​សំខាន់​នៃ​ការ​បង្កើត​ក្តី​ស្រមៃ​របស់​ខ្លួន និងមូលហេតុ​ដែល​ឈាន​ដល់​ការ​សម្រេចចិត្ត​ដំណើរការគម្រោង «តើ​លុយ ​១០០​ដុល្លារ​កែប្រែ​ជី​វិត​ខ្ញុំ​របៀប​ណា ?» ដែល​បង្កើត​ចេញ​ជា​វេ​ប​សាយ​សុខភាព health.com.kh សម្រាប់​ផ្តល់​ព័ត៌មានសុខភាពដល់ប្រជាជន​ម្ពុ​ជា​ ។

ក្នុង​ការ​សម្រេចចិត្ត​ធ្វើ​អ្វីមួយ​ការ​លើកទឹកចិត្ត​ពី​មនុស្ស​នៅ​ជិតខាង​ គឺ​មាន​សារសំខាន់​ណាស់​ដែល​នឹង​ជំរុញ​យើង​អាច​សម្រេច​ក្តី​ស្រមៃ​ ។ ខ្ញុំ​សំណាង​មាន​មិត្តភក្តិ​ល្អ​ដែល​រៀន​ពេទ្យ​ជាមួយ​គ្នា​ដូច​ជា ៖ លោក សាស្ត្រាចារ្យ ស៊ី​ក ធី​រះ ជំនាញ​ឯកទេស​ឆ្អឹង​មក​ពី​ប្រទេស​កូរ៉េ​ខាងត្បូង ដែល​បច្ចុប្បន្ន​ជា​ស្ថាបនិកនៃ​គ្លីនិក​ឯកទេស​ឆ្អឹង Dr.Sik សំណង់ ១២ ដ៏​ល្បីល្បាញ​នៅ​កម្ពុជា និងលោក​សាស្ត្រាចារ្យ លឹ​ម វណ្ណ​និ​ត ឯកទេស​ជំងឺ​កុមារ ដែលបច្ចុប្បន្នជា​ស្ថាបនិកគ្លីនិក​កុមារ វណ្ណ​និ​ត លោកវេជ្ជបណ្ឌិត ង៉ូ​វ បូ​រ៉ា និងលោក វេជ្ជបណ្ឌិត ម៉ែ​ន បញ្ញា​រតន៍​ ។ ខ្ញុំ​បាន​ជួប​ពួក​គេ​ពន្យល់​ពី​គម្រោង​នេះ​ ។ ខ្ញុំ​នៅ​តែ​អរគុណ​ពួក​គេ​ដែល​បាន​គាំទ្រ​ដល់​ការ​បង្កើត វេ​ប​សាយ​សុខភាព​ health.com.kh ដើម្បី​ជា​ប្រ​ភព​ព័ត៌មានសុខភាព​បម្រើដល់​ផលប្រយោជន៍ប្រជាជន​កម្ពុជា ​។

ដូច្នេះ​ហើយ​ខ្ញុំ​ចាត់​ទុក​ពួក​គេ​ថា ​ជា​ស្ថាបនិក​នៅ​ក្នុង​ការ​បង្កើត​វេ​ប​សាយ​មួយ​នេះ ​។ ការ​គាំទ្ររបស់ពួក​គេបាន​ក្លាយជា​កម្លាំងចិត្ត​ដ៏​រឹង​មាំ​បន្ថែម​ទៀត​សម្រាប់​រូប​ខ្ញុំ​នៅ​ក្នុង​ការ​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន​ គឺ​ការ​បង្កើត​វេ​ប​សាយ​សុខភាព​ក្នុង​គោលបំណង​ធំ​ពីរ​គឺ​រក​ចំណូល​ចិ​ញ្ជឹ​ម​ខ្លួន​ផង​ និង​ដើម្បី​ជួយ​ដល់​សុខភាព​ប្រជាជន​ផង ​។

បន្ទាប់​ពី​ពិភាក្សា​ជាមួយ​ពួក​គេ ហើយខ្ញុំ​ក៏​សម្រេចចិត្ត​ថា ​ធ្វើ​វា​អោយទៅ​ជា​គម្រោងដែល​មានផែនការច្បាស់លាស់​ដើម្បី​កំណត់​ផែនទី​បង្ហាញផ្លូវ​ថា ​តើ​គម្រោង​នេះ​នឹង​ធ្វើ​ដំណើរ​ទៅ​ថ្ងៃ​មុខ​របៀប​ណា​ ។ តើគួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​ទាក់ទាញ​អ្នក​អាន តើ​គូរ​រក​ចំណូល​ពី​ណា​ដើម្បី​ទ្រទ្រង់​អោយ​វេ​ប​សាយ​នេះ ដំណើរ​ជាប់​រហូត ?

តើ​លោក​អ្នក​ទទួល​បាន​អ្វី​ពី​បទ​ពិសោធន៍​ជាក់ស្តែង​មួយ​នេះ​របស់ខ្ញុំ ?

ខ្ញុំយល់​ថា​ ការ​មាន​មនុស្ស​ល្អ​នៅ​ជុំវិញ​ខ្លួន​នឹង​នាំ​ភាព​ចម្រុងចម្រើន​ ។ ការ​មាន​មនុស្ស អាក្រក់ និង​អវិជ្ជមានជុំវិញ​ខ្លួន​នឹង​នាំ​អោយ​អ្នក​ង​ងឹ​ត​ងងុល​រក​ព​ន្លឹ​នៃ​ជីវិត​មិនឃើញ​ឡើយ​ ។ និយាយ​អោយ​សាមញ្ញ​ជាង​នេះ មាន​មិត្ត​ល្អ​នឹង​នាំ​លាភ មាន​មិត្ត​អាក្រក់​នឹង​នាំ​ស៊យ ​។

ចូរ​យើង​ទាំងអស់​គ្នា​ចង​ចាំ​ថា មិត្តភាព​ដ៏​ល្អ​ប្រសើរ​នឹង​នាំ​ដល់​ភាព​ជា​ដៃគូ​រកស៊ី​ដ៏​អស្ចារ្យ​ ។ យោង​តាមសៀវភៅ​ដែលមាន​ចំណងជើង​ថា «មិត្ត​របស់​មិត្ត​» ឬ​ជា​ភាសា​អង់គ្លេស​មាន​ចំណងជើង “Friend of a Friend” ដែល​សរសេរ​ដោយ David Burkus នោះ មិត្តភាព​និង​ការ​រកស៊ី​គឺ​មានទំនាក់ទំនងគ្នា​ និងរត់​រកគ្នា​ទៅ​វិញ​ទៅ​មក ​។ ពេល​ខ្លះ​ការ​រកស៊ី​បង្កើត​ចេញ​ជា​មិត្តភាព ហើយ​ពេល​ខ្លះមិត្តភាព​ក៏អាចបង្កើតការ​រកស៊ី ​។

ដូច្នេះ យើង​គួរតែ​បង្កើត​ និង​ថ្នាក់ថ្នម​មិត្តភាព​របស់​យើង​អោយ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ។ ពេល​មាន​មិត្ត​ល្អ ចូរ​កុំអោយ​បាត់បង់​។ ប៉ុន្តែ​បើ​មិន​ទាន់​មាន​មិត្ត​ល្អ​ទេ អ្នក​គួរតែ​រក​វិធី​បង្កើត​មិត្តល្អអោយ​បាន ​។ ចំណែក​មិត្ត​អាក្រក់អ្នក​គួរតែ​ជម្រុះ​ចេញពី​ជីវិត ​។

សូម​រង់ចាំ​តាមដាន​បន្ត​ទៀត​អំពី​ការ​រៀបចំ​ផែនការ​អនុវត​ត្ត​គម្រោង «​លុយ ​១០០​ដុល្លារ​កែប្រែ​ជីវិត​ខ្ញុំរបៀប​ណា ?»

ចំណែក​ប្រិ​យ​មិត្ត​ដែល​ចង់​ចែករំលែក​បទ​ពិសោធន៍​ទាក់ទង​នឹង​ការ​រក​លុយ​ដល់​មហាជន​ក៏​អាច​ទាក់ទង​គម្រោង «លុយ​» របស់​សារព័ត៌មាន ​កោះសន្តិភាព ​ផង​ដែរ​ ។ យើង​រីករាយ​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ជូន ដើម្បី​ជាការ​ចែករំលែក​ចំណេះដឹង​ជាក់ស្តែង​ពិត​ៗ​ទាក់ទង​នឹង​ការ​រក​លុយ ការ​សន្សំ​លុយ និងការ​គ្រប់គ្រង​លុយ ​។ ក្នុង​ករណី​ដែ​លោក​អ្នក​មានការ​លំបាក​នៅ​ក្នុង​ការ​សរសេរ​ចេញ​គំនិត​ទាំង​អស់នោះ ក្រុម​និ​ព​ន្ឋ​គម្រោង លុយ របស់​កោះសន្តិភាព នឹង​ជួយ​ជ្រោមជ្រែង​អោយ​អស់ពី​សមត្ថភាព ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ