ខេត្តកំពង់ចាម ៖ លោកគ្រូបង្រៀនមុខវិជ្ជាគីមីមួយរូបត្រូវរងទណ្ឌកម្មផ្អាកការបង្រៀនសិស្សពេញ១ឆ្នាំ បន្ទាប់ពីរកឃើញកំហុសទារប្រាក់ពីសិស្សដោយបង្ខំឱ្យរៀនគួរ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា លោកគ្រូមួយរូបខាងលើឈ្មោះប៉ូច កវី ជាគ្រូបង្រៀនមុខវិជ្ជាគីមីនៃវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ស្ទឹងត្រង់ ត្រូវបានអាជ្ញាធរខេត្តកំពង់ចាមសម្រេចឱ្យបន្តបំពេញការងារនៅទីចាត់ការ ដោយមិនអនុញ្ញាតឱ្យបង្រៀនសិស្សមានរយៈពេញ១ឆ្នាំ ដោយសារតែលោកគ្រូរូបនេះមានកំហុសទារប្រាក់ពីសិស្សបង្ខំឱ្យរៀនគួរ ។
យោងតាមលិខិតរដ្ឋបាលខេត្តកំពង់ចាមកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា ស្នើសុំឱ្យលោកប៉ូច កវី បន្តបំពេញការងារនៅទីចាត់ការរយៈពេល១ឆ្នាំ ។ មន្ទីរអប់រំត្រូវរៀបចំបែបបទឱ្យបានត្រឹមត្រូវតាមនីតិវិធីរដ្ឋបាល ។ ក្នុងករណីអនុញ្ញាតឱ្យលោកប៉ូច កវី ចូលបង្រៀនសារជាថ្មី ក្រោយទទួលទណ្ឌកម្មរួច គឺត្រូវចម្លងជូនរដ្ឋបាលស្រុកស្ទឹងត្រង់ ។ នាយកវិទ្យាល័យត្រូវប្រជុំផ្ទៃក្នុងអំពីការអនុវត្តទណ្ឌកម្មខាងវិន័យ មុនអនុញ្ញាតឱ្យចូលបង្រៀនឡើងវិញ ហើយមិនអនុញ្ញាតឱ្យបង្រៀននៅថ្នាក់ដដែលនោះទេ ។
គួរបញ្ជាក់ថា លោកគ្រូ ប៉ូច កវី ត្រូវបានប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ចាម ដកមកឱ្យបំរើការងារជាបុគ្គលិករដ្ឋបាលនៅទីចាត់ការ ចាប់តាំងពីថ្ងៃទី៣១ មីនា ឆ្នាំ២០២០ ដោយសារតែកំហុសឆ្គងជំរិតទារប្រាក់ពីសិស្សជាថ្នូរទៅនឹងការបង្ខំឱ្យរៀនគួរបន្ថែម ។ ក្រោយការបង្ខិតបង្ខំបែបនេះ ក៏មានពាក្យបណ្តឹងពីអាណាព្យាបាលសិស្សឱ្យចាត់ការដាក់ពិន័យរដ្ឋបាលលើលោកគ្រូរូបនេះជាក់ស្តែងតែម្តង ៕



ចែករំលែកព័តមាននេះ