«ឆាខ្វៃ» ឬ«ចាខ្វៃ» ជានំជនជាតិខ្មែរយើងដែលពេញនិយមទទួលទានជាមួយបបរគ្រឿង គុយទាវ និងកាហ្វេជាដើម ។ ប៉ុន្តែអ្នកខ្លះមិនទាំងដឹងថាជានំចិនផង ដោយវាមានឈ្មោះពិតប្រាកដ«យ៉ាវឆាខ្វៃ» ។ ដឹងអត់ថា នំនេះមានប្រវត្តិដើមរបស់វា តើបែបណា ?
វចនានុក្រមខ្មែរបាននិទានបង្ហាញពីប្រវត្តិនំ «យ៉ាវឆាខ្វៃ» គឺ «យ៉ាវ» មានន័យថា «ខ្លាញ់», ឆា មានន័យថា «ចម្រាញ់» និង «ខ្វៃ» គឺជាឈ្មោះមនុស្សក្បត់ឈ្មោះ «ខ្វៃ» ។

«យ៉ាវឆាខ្វៃ» ឈ្មោះនំចិនមួយបែប ជានំដែលគេធ្វើទុកឲ្យជាគ្រឿងសម្គាល់នូវរឿងរ៉ាវនៃមនុស្សក្បត់ផែនដីម្នាក់ឈ្មោះ «ខ្វៃ» ដែលរាជការសឹកចិនក្នុងបុរាណសម័យព្រេងនាយ បានចាប់យកមកធ្វើទារុណកម្ម ដោយអារសាច់ទាំងរស់ ចម្រាញ់ធ្វើជានំឲ្យឈ្មោះខ្វៃ ស៊ីសាច់របស់វា ហើយគេឲ្យជាងឆ្លាក់ថ្មធ្វើជារូបវាទុកនៅទីមួយជាសញ្ញាផ្ចាញ់ផ្ចាល កុំឲ្យជនឯទៀតៗយកតម្រាបតាម, គេឲ្យធ្វើនំមួយបែបទុកជាភស្តុតាង ដើម្បីឲ្យបច្ឆាជនទាំងពួងស្គាល់ឈ្មោះជនក្បត់ផែនដីនោះ តៗមក គេឲ្យឈ្មោះនំនោះថា «យ៉ាវឆាខ្វៃ» «នំចម្រាញ់ខ្លាញ់អាខ្វៃ» ។

រូបថ្មអាខ្វៃនោះមាននៅប្រទេសចិនដរាបមកដល់សព្វថ្ងៃនេះ ។
ចិននៅប្រទេសកម្ពុជា ពពាយនាយលក់នំនេះថា យ៉ាវឆាខ្វៃ! ; អ្នកខ្លះហៅនំនេះថា នំឆាខ្វៃ, អ្នកខ្លះហៅ នំ ប្រៃៗ ពីព្រោះនំនេះមានរសប្រៃបន្តិចៗ , អ្នកខ្លះទៀតហៅនំ ប្រៃឡមៗ , គេច្រើនប្រើបរិភោគផ្សំជាមួយនឹងទឹកកាហ្វេ ឬគុយទាវជាដើម តាមទម្លាប់ប្រើ ៕





ចែករំលែកព័តមាននេះ