រាជធានីភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់វិធានការទប់ស្កាត់សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ។
យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ដើម្បីបន្តពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រប់គ្រឹះស្ថានសិក្សាសាធាណៈ និងចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំនូវវិធានការទប់ស្កាត់ សកម្មភាពមិនប្រក្រតីក្នុងទិវានៃក្តីស្រឡាញ់ (១៤ កុម្ភៈ) នៅតាមគ្រឹះស្ថានសិក្សាសាធាណៈ និងឯកជនក្នុងឆ្នាំ ២០២១ ។

ក្រសួងបន្តថា វិធានការទាំងនោះមាន ៖ ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្សតាមគ្រប់មធ្យោបាយ តាមរយៈការប្រជុំនៅពេលគោរពទង់ជាតិ កុំឱ្យមានការយល់ខុសអំពីអត្ថន័យទិវានៃក្តីស្រឡាញ់ ។ ត្រូវពង្រឹងការអនុវត្តវិន័យឱ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយតាមដានវត្តមានរបស់សិស្សានុសិស្សឱ្យបានជាប់លាប់ ។ ត្រូវជំរុញដំណើរការរបស់ក្រុមប្រឹក្សាកុមារ ក្រុមប្រឹក្សាយុវជន ប្រចាំសាលារៀនតាមរយៈសកម្មភាព « មិត្តអប់រំមិត្ត »។
ជាមួយគ្នានោះដែរ ក្រសួងក៏បានឲ្យអ្នកពាក់ព័ន្ធត្រូវអប់រំណែនាំដល់សិស្សានុសិស្ស អំពីសារៈសំខាន់នៃវិធានការសុវត្ថិភាពសុខភាពសិក្សា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងកូវីដ-១៩ ។ ជាងនេះត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីផ្តល់ និងទទួលព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតីនានា ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការទប់ស្កាត់ និងអប់រំណែនាំកែលម្អឱ្យបានទាន់ពេលវេលា ។

ក្រសួងឲ្យគ្រប់ភាគីត្រូវបន្តពង្រឹងការអនុវត្តប្រកាសលេខ១២៥៨ អយក .ប្រក ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សា និងប្រកាសលេខ២៧៨៦ អយក .ប្រក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០០៩ ស្តីពីបទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ។
ក្រសួងក៏បានឲ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និង កីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕
ចែករំលែកព័តមាននេះ