រាជធានីភ្នំពេញ ៖ ជនជាតិកាមេរ៉ូនម្នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួន នឹងបញ្ជូនទៅតុលាការ ពាក់ព័ន្ធពីបទ.ឆបោកប្រាក់២ម៉ឺនដុល្លារអាមេរិកពីអាជីវករខ្មែរទិញ-លក់រថយន្ត ។
ជនសង្ស័យរូបនេះឈ្មោះ Bangha calestu nyodeh ហៅ Joa ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិកាមេរ៉ូន ស្នាក់នៅមិនពិតប្រាកដ ។ ការចាប់ឃាត់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ចបានធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ណាង វណ្ណៈ មុខរបរថៅកែទិញ-លក់រថយន្តនៅផ្សារដីហុយ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះបានបញ្ជាក់ថា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២០ មានជនជាតិកាមេរ៉ូន២នាក់ បានមកទំនាក់ទំនងជាមួយដើមបណ្តឹងតាមរយៈតេឡេក្រាម ដើម្បីសហការគ្នានាំរថយន្តពីសហរដ្ឋអាមេរិកយកមកលក់នៅក្នុងប្រទេសកម្ពុជា ។ ក្នុងនោះ ជនសង្ស័យបាននិយាយបញ្ចុះបញ្ចូលជនរងគ្រោះឲ្យដាក់ប្រាក់ហ៊ុនគ្នា ដើម្បីនាំរថយន្តពីអាមេរិកក្នុងតម្លៃថោកៗ យកមកលក់បានចំណេញច្រើន ដែលពួកគេមានបងប្អូននៅទីនោះស្រាប់ ចេះមើលរថយន្តគ្រប់ប្រភេទ នោះបើជនរងគ្រោះព្រមរកស៊ីជាមួយ ។

ក្រោយមកពួកគេក៏បានឯកភាពគ្នារកស៊ីជាមួយគ្នា ។ លុះដល់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ឈ្មោះ mourice និង joa បានមកដល់ផ្ទះជនរងគ្រោះ ដោយប្រាប់ថា ពួកគេបានរៀបចំឯកសាររួចរាល់ហើយ ដើម្បីនាំរថយន្តចំនួន២កុងទីន័រចូលមកស្រុកខ្មែរ ដូច្នេះពួកគេបានតម្រូវឲ្យជនរងគ្រោះដាក់ប្រាក់កក់ចំនួន៥ម៉ឺនដុល្លារអាមេរិកជាមុន ។ ដោយសារការងាររកស៊ីចង់មានបាន ដូចពាក្យថា (គេបបួលកុំឲ្យខាន គេមានបានកុំឲ្យ…) ជនរងគ្រោះក៏បានយល់ព្រមប្រគល់ប្រាក់កក់ចំនួន២ម៉ឺនដុល្លារសិន ដោយនិយាយថា ពេលបំពេញបែបបទរួចអស់ហើយ នឹងបន្ថែមឲ្យគ្រប់៥ម៉ឺនដុល្លារតែម្តង ។

ចាប់តាំងពីពេលប្រគល់ប្រាក់ដល់ដៃរួចហើយ ជនរងគ្រោះពិបាករកការទំនាក់ទំនងគ្នាជាមួយនឹងជនសង្ស័យ រហូតទាក់ទងលែងបានទាំងស្រុងទៀតផង ពោលគឺជនជាតិស្បែកខ្មៅនេះ មានគំនិតទុច្ចរិតលេងល្បិចឆបោក ដើម្បីបានប្រាក់ ហើយគេចខ្លួនតែម្ដង ។

លុះដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ ស្រាប់តែជនរងគ្រោះបានប្រទះឃើញជនសង្ស័យដើរឆ្លងកាត់តាមផ្លូវក្នុងរាជធានីភ្នំពេញ ហាក់បីដូចជាគ្មានជំពាក់អ្នកណាមួយរៀល ដោយឃើញដូច្នោះ ជនរងគ្រោះក៏បានទៅចាប់ដឹកដៃនាំចូលទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ដើម្បីចាត់តាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ