ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ាក់សាំងក្នុងយុទ្ធសាស្ត្រទំនាក់ទំនង​​កម្ពុជា ជាមួយមហាយក្ស

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ដើម្បីបង្កើនទំនុកចិត្ត​កាន់តែ​ខ្លាំងឡើងលើវ៉ាក់សាំង​កូវីដ១៩ របស់ចិន ដែលទើបមកដល់​កម្ពុជា ៦០ម៉ឺនដូស កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ គឺ​នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល…

ភ្នំពេញ៖ ដើម្បីបង្កើនទំនុកចិត្ត​កាន់តែ​ខ្លាំងឡើងលើវ៉ាក់សាំង​កូវីដ១៩ របស់ចិន ដែលទើបមកដល់​កម្ពុជា ៦០ម៉ឺនដូស កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ គឺ​នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល បាន​សម្រេចចាប់ផ្តើម​​ចាក់វ៉ាក់សាំង​នេះ លើកដំបូង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១​។

បន្ថែម​លើអ្វីដែលបានប្រកាស ​នៅក្នុងសន្និសីទកាសែត សម្តេចតេជោ ហ៊ុន សែន​ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញសារជាសំឡេង​បន្ថែម ណែនាំ​ឲ្យ​ក្រសួងសុខាភិបាល រៀបចំ​កម្មវិធីចាក់វ៉ាក់សាំង​កូវីដ លើកដំបូង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

សម្តេច ក៏​បានប្រកាសថា កូនប្រុសរបស់​សម្តេចទាំង ៣ រួមទាំងកូន​ប្រសារ បាន​ស្ម័គ្រចិត្ត​ទៅចាក់វ៉ាក់សាំងកូវីដ ជាមួយនឹង​កូន​របស់ថ្នាក់ដឹកនាំកំពូលៗ​ផ្សេងទៀត។ ក្នុងនោះ មន្ត្រីរាជរដ្ឋាភិបាល រដ្ឋមន្ត្រី​ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ព្រមទាំងឧត្តមសេនីយ៍ ជាដើម ដែលមានអាយុក្រោម ៥៩ឆ្នាំ ក៏​ត្រូវទៅចាក់វ៉ាក់សាំងកូវីដ ដែលជាជំនួយរបស់ចិន​នេះដែរ​​។

នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាស​ពីការរៀបចំកម្មវិធី​ចាក់វ៉ាក់សាំង Sinopharm សម្រាប់បង្ការ​ជំងឺកូវីដ​-១៩ ជូនឥស្សរជនជាន់ខ្ពស់​ ដែលមាន អាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយការស្ម័គ្រចិត្ត និងដោយឥតគិតថ្លៃ​​ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅមន្ទីរពេទ្យ​ចំនួន ៤​ រួមមាន៖ ១-មន្ទីរពេទ្យ​កាល់ម៉ែត្រ​ សម្រាប់​ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ​ ២-នៅមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន​ជា អនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ ៣-មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជន ជា អភិបាលរាជធានីខេត្ត និង៤-នៅមន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន​។

ក្រសួងការពារជាតិ ក៏បាន​កំណត់យកថ្ងៃទី១០ ខែកុម្ភៈ វេលាម៉ោង ២រសៀល ជាថ្ងៃចាក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន ជូនដល់​កងកម្លាំងប្រដាប់អាវុធ​ផងដែរ​។​

​ក្នុង​ពិធីប្រគល់ និងទទួលវ៉ាក់សាំង​របស់​ចិន ៦០ម៉ឺនដូស កាលពី​ល្ងាចថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ​នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា វ៉ាក់សាំង ស៊ីណូ ហ្វាម របស់​មិត្តចិន ដែលបានផ្តល់​ឲ្យកម្ពុជា នាពេលនេះ គឺជាប្រភេទវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់​ថា ជាវ៉ាក់សាំង ដែលមានប្រសិទ្ធភាព និងសុវត្ថិភាព​។

​សម្តេច​បាន​គូសបញ្ជាក់​ជាថ្មីម្តងទៀតថា វ៉ាក់សាំង​ស៊ីណូហ្វាម របស់មិត្តចិន ដែលត្រូវបានផ្តល់មកកម្ពុជានេះ គឺជាប្រភេទវ៉ាក់សាំង ដែលត្រូវបានទទួលស្គាល់ថា ជាប្រភេទវ៉ាក់សាំង​មួយ ដែលមានសុវត្ថិភាព និងមានប្រសិទ្ធភាព​ សម្រាប់ស្រទាប់​មនុស្សអាយុពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ហើយត្រូវបានបញ្ជាទិញ និងអនុម័ត​ឲ្យប្រើប្រាស់​ដោយប្រទេសជាច្រើននៅក្នុងតំបន់ និងនៅលើសកល​លោក​។

សម្តេចតេជោ ហ៊ុន សែន បន្ថែមថា «​សុភាសិត​ខ្មែរ​ ពោលថា មិត្ត​ល្អ ជួយគ្នា ក្នុងគ្រាក្រ​។ ក្នុងន័យនេះ ជំនួយវ៉ាក់សាំងនេះ គឺជាសក្ខីភាព​ថ្មីដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំង​អំពី​ចំណង​មិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេស និងប្រជាជនយើងទាំងពីរ កម្ពុជា-ចិន នៅក្នុងក្របខណ្ឌ​កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ និងការកសាង ​សហគមន៍ វាសនារួមគ្នា»។

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តថា កម្ពុជាទទួលបានវ៉ាក់សាំងកូវីដ​១៩ នៅពេលនេះ ដោយសារតែ​កម្ពុជា និងចិន​មានកិច្ចសហប្រតិបត្តិការមិត្តភាព​​រឹងមាំ​​នឹងគ្នា។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «​បើគ្មាន​ចំណង​មិត្តភាពរឹងមាំ​រវាង​កម្ពុជា និងចិនទេ ថ្ងៃនេះ យើងគ្មានបានទទួ​លវ៉ាក់សាំង​ សម្រាប់​ប្រជាជន​យើង​ទេ​! នោះហើយ ដែលជាមោទកភាពរបស់​កម្ពុជា ក្នុងការធ្វើជាដៃគូរបស់មិត្តចិន»។

ក្រសួងសុខាភិបាល​កម្ពុជា បានបញ្ជា​ក់​ថា  មនុស្សអាយុ ៦០ឆ្នាំឡើ​ង  មិនអាចចាក់វ៉ាក់សាំង  Sinopharm ​ដែល​ចិនផ្តល់ឲ្យនេះទេ។ អាយុពី ១៨ឆ្នាំ  ដល់​ ៥៩ឆ្នាំ  គឺអាច​ចាក់​បាន តាមការស្ម័គ្រចិត្ត  ហើយរយ:ពេលចន្លោះ ១៤ថ្ងៃ ទៅ ២៨ថ្ងៃ  សម្រាប់វ៉ាក់សាំង  Sinopharm ចាក់ដូសទីពីរ​។ ក្នុងម្នាក់ ត្រូវចាក់ពីរដូស​។

ឯកសារបង្ហាញថា សព្វថ្ងៃ ចិន មានវ៉ាក់សាំងកូវី​ដ១៩ ចំនួន ២ គឺ​វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm និងរបស់ក្រុមហ៊ុន Sinovac។ មកទល់ខែកុម្ភៈនេះ​ មានប្រទេស យ៉ាងហោចចំនួន១៦​ ដែលបានសម្រេចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 ទាំង២​ របស់ក្រុមហ៊ុនចិន​។

ក្នុងនោះ វ៉ាក់សាំង​ Sinopharm ត្រូវបានអនុញ្ញាតឲ្យប្រើនៅ​អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន ហុងគ្រី ស៊ែរប៊ី ប៉េរូ អ៊ីរ៉ាក់ ម៉ារ៉ុក អេហ្ស៉ីប ប៉ាគីស្ថាន និងកម្ពុជា។ រីឯវ៉ាក់សាំង Sinovac ត្រូវបានអនុញ្ញាតឲ្យប្រើនៅ​ប្រេស៊ីល ឥណ្ឌូណេស៊ី តួកគី ឈីលី កូឡុំប៊ី និង​អាស៊ែបៃហ្សង់។

យ៉ាងណាក៏ដោយ សម្រាប់​ប្រជាជនកម្ពុជាមួយចំនួន នៅពេលនេះ នៅតែមានការសង្ស័យ​ និងព្រួយបារម្ភ​ពីប្រសិទ្ធភាព​នៃវ៉ាក់សាំងកូវីដ ស៊ីណូហ្វាម របស់ចិន​ តាមរយៈការនិយាយ លេង​សើច​​តៗគ្នា​។

ប៉ុន្តែ​ការព្រួយបារម្ភ​ ខ្លាចរអារដោយសារតែ​ពាក្យចចាមអារ៉ាម​នោះ មិនមែនជាពិត​ឡើយ​។ ធម្មតាទេ ឪពុកម្តាយណា ថាមិនស្រឡាញ់កូន គឺស្រឡាញ់លើសពីអាយុជីវិត​របស់​លោកទៅទៀត​។ ដូច្នេះ​ពេលនេះ ទោះបីជា​លោកអាយុលើស មិនអាចចាក់វ៉ាក់សាំង​កូវីដរបស់ចិននេះបានមែន តែដើម្បី​បញ្ជាក់ពីប្រសិទ្ធភាព​ និងបង្កើនជំនឿចិត្ត គឺ​​សម្តេចតេជោ សុខចិត្ត​ឲ្យកូន​ប្រុស​បង្កើត​របស់សម្តេចទាំង ៣នាក់ រួមទាំងកូនប្រសារ ព្រមទាំង​កូនៗរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់​ទាំងអស់ ក៏ដូចជា​ឥស្សរជនក្នុងជួរ​រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ អភិបាលខេត្ត និងអ្នកកាសែត​ ចាក់វ៉ាក់សាំង​​នេះ មុន​គេ​ នៅ​មន្ទីរពេទ្យ​រដ្ឋ​​ទាំង ៥កន្លែង នៅរាជធានីភ្នំពេញ នាថ្ងៃទី១០កុម្ភៈ​។​

បើគិត​ឲ្យគ្រប់ជ្រុងជ្រោយទៅ គឺ​មិនមានអ្វីជាការសង្ស័យ​លើប្រសិទ្ធភាព និងគុណភាព​របស់វ៉ាក់​សាំងកូវីដ១៩ របស់ចិនឡើយ​។ ចិន ដែលបាន​ផ្តល់ឲ្យកម្ពុជាដោយឥតគិតថ្លៃ ហើយដឹកជញ្ជូន​តាមយន្តហោះយោធាពិសេស មកដល់ភ្នំពេញថែមទៀត​។

ថ្នាក់ដឹកនាំចិនកំពូលៗ ពិសេស​រដ្ឋមន្ត្រីការបរទេស វ៉ាង យី និងប្រជាជនចិនជាច្រើន​ទៀត បានចាក់វ៉ាក់សាំង កូវីដ១៩នេះ រួចរាល់តាំងពីខែតុលា ឆ្នាំ២០២០ ហើយ​អ្នកទាំង​នោះ មកដល់ពេលនេះ បន្ត​មានសុខភាព​ល្អជាធម្មតា​៕