ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាងកងទ័ព នឹងចាប់ផ្តើមចាក់​វ៉ាក់សាំង​កូវីដ នៅរសៀលថ្ងៃទី១០​កុម្ភៈ នៅពេទ្យទាហាន ព្រះកេតុមាលា

4 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ​​កងទ័ពនឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៤៖០០នាទី នៅមន្ទីរពេទ្យព្រះកេតុមាលា​ ឬមន្ទីរពេទ្យទាហាន…

ភ្នំពេញ៖ ​​កងទ័ពនឹងចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៤៖០០នាទី នៅមន្ទីរពេទ្យព្រះកេតុមាលា​ ឬមន្ទីរពេទ្យទាហាន ជិតវត្តភ្នំ។ នេះបើតាមការបញ្ជាក់របស់​លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ​។

លោក​នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ប្រាប់សារព័ត៌មាន​ Fresh News នៅយប់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ ថា បើតាមអនុសាសន៍របស់​សម្តេចពិជ័យសេនា ជាជំហានដំបូង ត្រូវចាប់ផ្តើមចាក់វ៉ាក់សាំង ដល់នាយទាហានជាន់ខ្ពស់ ថ្នាក់ដឹកនាំ ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ដើម្បីបង្ហាញ​ពីប្រសិទ្ធភាពវ៉ាក់សាំង «ស៊ីណូហ្វាម» ដែលឧបត្ថម្ភដោយក្រសួងការពារ​ប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន អាចប្រើប្រាស់ចាក់​ជូនយោធិន ប្រកបដោយប្រសិទ្ធភាព។

សូមរម្លឹកថា វ៉ាក់សាំងបង្ការជំងឺ​កូវីដ១៩ SINOPHARM របស់ចិន ចំនួន ៦០ម៉ឺនដូស ក្នុងចំណោម​ ១លានដូស ត្រូវបានដឹកជញ្ជូន​តាមយន្តហោះយោធាពិសេសរបស់ចិន មកដល់​ភ្នំពេញ កាលពីល្ងាចថ្ងៃអាទិត្យ ទី៧ ខែកុម្ភៈ ឆ្នាំ២០២១​។ ក្នុង ៣០លានដូស សម្រាប់​ក្រសួងសុខាភិបាល និង ៣០លានដូស សម្រាប់ក្រសួងការពារជាតិ​។

​នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ចេញបទបញ្ជាបន្ថែមតាមសារជាសំឡេង ឲ្យ​ក្រសួងសុខាភិបាល រៀបចំ​ចាក់វ៉ាក់សាំងស៊ីណូហ្វាម​ ដែលកម្ពុជាទទួលបាននេះ ដល់​ឥស្សរជន​ក្នុងជួររាជរដ្ឋាភិបាល និងអភិបាលខេត្តរាជធានី​។ ក្នុងនោះ កូនប្រុស​របស់​សម្តេច ៣រូប រួមទាំងភរិយា ក៏បានស្ម័គ្រចិត្ត ជាមួយនឹងកូនថ្នាក់ដឹកនាំដទៃទៀត ព្រមទាំងរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអភិបាលរាជធានីខេត្ត អាយុក្រោម ៥៩ឆ្នាំ ក៏ត្រូវចាក់​វ៉ាក់សាំងនេះ ជាលើកដំបូង ដើម្បីជាគំរូ​ផងដែរ​។

ភ្លាមៗ នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះ ក្រសួងសុខាភិបាល បានប្រកាសពី​​កម្មវិធី​ចាក់វ៉ាក់សាំង Sinopharm សម្រាប់បង្ការ​ជំងឺកូវីដ​-១៩ ជូនឥស្សរជនជាន់ខ្ពស់ និងអ្នកសារព័ត៌មាន​ ដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ដោយការស្ម័គ្រចិត្ត នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ​២០២១ នៅមន្ទីរពេទ្យ​ចំនួន ៤​ រួមមាន៖ ១-មន្ទីរពេទ្យ​កាល់ម៉ែត្រ​ សម្រាប់​ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ ឬមានឋានៈស្មើ​ ២-នៅមន្ទីរពេទ្យព្រះអង្គឌួង សម្រាប់ឥស្សរជន​ជាអនុរដ្ឋលេខាធិការ ឬមានឋានៈស្មើ ៣-មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សម្រាប់ឥស្សរជន ជាអភិបាលរាជធានីខេត្ត និង៤-នៅមន្ទីរពេទ្យកុមារជាតិ សម្រាប់អ្នកសារព័ត៌មាន។

ការចាក់វ៉ាក់សាំងនេះ ត្រូវធ្វើដោយឥតគិតថ្លៃ ដោយស្ម័គ្រចិត្ត និងត្រូវ​ចុះឈ្មោះជាមុន តាមប្រព័ន្ធទូរស័ព្ទ នៅតាមមន្ទីរពេទ្យនីមួយៗ ដែលក្រសួងបានបង្ហាញ​ ​ក្នុងសេចក្តីប្រកាសព័ត៌មាន​៕