ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពពុះសណ្តែក​និង​ងៀត​បបែល ដាក់​គីមី​បូ​រ៉ា​ក់ ជាង​៣៤​គីឡូក្រាម នៅ​ផ្សារ​សំបូរ​និង​ផ្សារ​សាមគ្គី ខេត្តក្រចេះ

4 ឆ្នាំ មុន

ខេត្តក្រចេះ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែកុម្ភៈ…

ខេត្តក្រចេះ ៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ៧​រោច ខែមាឃ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ទី​០៤ ខែកុម្ភៈ ឆ្នាំ​២០២១ មន្ត្រី​សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ក​.​ប​.​ប​. ខេត្តក្រចេះ ដោយ​មានការ​សហការ​ពី​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត អាជ្ញាធរ​ដែនដី និង​គណៈកម្មការ​ផ្សារ បាន​នាំ​យក​រថយន្ត​មន្ទីរពិសោធន៍​ចល័ត ផ្នែក​ម្ហូបអាហារ របស់​អគ្គនាយកដ្ឋាន ចុះ​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ និង​ត្រួតពិនិត្យ​ផលិតផល​ម្ហូបអាហារ និង​ទំនិញ​វេច​ខ្ចប់​ស្រាប់ នៅ​ផ្សារ​សំបូរ និង​ផ្សារ​សាមគ្គី ក្នុង​ក្រុង​ក្រចេះ ។

ក្នុង​សកម្មភាព​នេះ មន្ត្រី​ជំនាញ​បានការ​ធ្វើ​វិភាគ​បឋម ទៅ​លើ​គំរូ​ម្ហូបអាហារ​ចំនួន ៤៤​គំរូ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។

ជាមួយ​គ្នា​នោះ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ត្រួតពិនិត្យ​រក​ភាព​មិន​អនុលោម​របស់​ទំនិញ​នៅ​លើ​សម្បក​វេច​ខ្ចប់​ផង​ដែរ ។ គោលដៅ​សំខាន់ នៃ​ការ​ត្រួតពិនិត្យ​គឺ​ដើម្បី​ស្រាវជ្រាវ​ទប់ស្កាត់​ការ​ចរាចរណ៍​ទំនិញ​ខូចគុណភាព ក្លែងបន្លំ​ស្លាក​សញ្ញា ផុតកំណត់​កាលបរិច្ឆេទ​ប្រើប្រាស់ និង​មាន​សារធាតុ​គីមី​ហាមឃាត់ ។

ជា​លទ្ធផល​មន្ត្រី​ជំនាញ បាន​រក​ឃើញ​ទំនិញ​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ បូ​រ៉ា​ក់ (Borax) ចំនួន ៣៤.៤​គីឡូក្រាម រួម​មាន ៖

  • ពពុះសណ្តែក ចំនួន ២៥.៩​គីឡូក្រាម
  • ងៀត​បបែល ចំនួន ៥.៥​គីឡូក្រាម
  • មី​លឿង ចំនួន ១​គីឡូក្រាម
  • លត​អង្ករ ចំនួន ១​គីឡូក្រាម
  • នំស្លឹកស្រស់ ចំនួន ១​គីឡូក្រាម ។

បន្ទាប់​មក មន្ត្រី​សាខា ក​.​ប​.​ប​. បាន​ធ្វើ​កំណត់ហេតុ​ដកហូត ទំនិញ​ទាំងនោះ​យក​ទៅ​រក្សា​ទុក ដើម្បី​ធ្វើការ​ដុត​កម្ទេច​ចោល​នៅ​ពេល​ក្រោយ​។ ទន្ទឹម​នឹង​នោះ​មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​អាជីវករ​ផ្សេង​ទៀត ឱ្យ​យល់​ដឹង និង​អនុវត្ត​ទៅ​តាម​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​គុណភាព សុវត្ថិភាព លើ​ផលិតផល ទំនិញ និង​សេវា ព្រមទាំង​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់ ចៀសវាង​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​អាច​ប្រឈម​ចំពោះ​មុខ​ច្បាប់​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ