ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី ឱ​ វណ្ណឌីនប្រកាសថាលោកស្រីនឹងចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឆ្លើយតបទៅនឹងសំណួររបស់មហាជនថាតើលោកស្រី ឱ វណ្ណឌីន ថានឹងចាក់វ៉ាក់សាំងកូវីដ ១៩ ដែលជាជំនួយរបស់មិត្តចិនឬយ៉ាងណានោះ លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ៗនារសៀលថ្ងៃទី ៨…


រាជធានីភ្នំពេញ ៖ ឆ្លើយតបទៅនឹងសំណួររបស់មហាជនថាតើលោកស្រី ឱ វណ្ណឌីន ថានឹងចាក់វ៉ាក់សាំងកូវីដ ១៩ ដែលជាជំនួយរបស់មិត្តចិនឬយ៉ាងណានោះ លោកស្រីបានបញ្ជាក់យ៉ាងច្បាស់ៗនារសៀលថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២១ នេះថា​រូបលោកស្រីនឹងចាក់វ៉ាក់សាំង ហើយស្នើឲ្យអ្នកសារព័ត៌មានចូលរួមយកព័ត៌មានផ្សព្វផ្សាយ​ដើម្បីបង្កើនទំនុកចិត្តដល់ពលរដ្ឋខ្មែរ ។

ថ្លែងនៅក្នុងសន្និសីទកាសែត នៅល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសុខាភិបាលថា វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន ចំនួន ៣០ម៉ឺនដូស ដែលជាចំណែករបស់ក្រសួងសុខាភិបាល នោះ លោកស្រី ឱ វណ្ណឌីន​ បានមានប្រសាសន៍បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានសាកសួរលោកស្រីផងដែរថា​តើលោកស្រីស្ថិតនៅក្នុងចន្លោះអាយុត្រូវចាក់វ៉ាក់សាំងឬអត់ ។ លោកស្រីបានបន្តថាជាការឆ្លើយតបនឹងសំណួររបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលនោះ គឺលោកស្រីស្ថិតក្នុងក្រុមអាយុដែលអាចចាក់វ៉ាក់សាំងបាន ដូច្នេះសម្តេចតេជោ បានជម្រុញនិងលើកទឹកចិត្តលោកស្រីឲ្យចាក់វ៉ាក់សាំងកូវីដ​១៩ ដែលជាជំនួយរបស់ប្រទេសចិន ។


លោកស្រី ឱ វណ្ណឌីន​បានប្រកាសថា «ខ្ញុំស្ថិតក្នុងក្រុមដែលត្រូវចាក់វ៉ាក់សាំង ហើយរូបខ្ញុំផ្ទាល់មានសំណួរសួរ ថាខ្ញុំស្ម័គ្រចិត្តចាក់ឬទេ» ។ លោកស្រីបានបន្តថា «ខ្ញុំសុំឆ្លើយពេលនេះ ខ្ញុំស័្មគ្រចិត្តចាក់វ៉ាក់សាំង Sinopharm» ជំនួយដ៏ថ្លៃថ្លារបស់ចិន ដើម្បីជាការជួយជម្រុញនឹងផ្តល់ទំនុកចិត្តបន្ថែមទៀតដល់ពលរដ្ឋខ្មែរ ព្រោះថាវ៉ាក់សាំងនេះជាឧបករណ៍ជួយសង្រ្គោះជីវិតមនុស្ស មិនមែនជាឧបករណ៍លេងសើចទេ ។


សូមបញ្ជាក់ថា យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ០៨ ខែកុម្ភៈនិងចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានបញ្ជាក់ថា យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅឯសន្និសិទ្ធកាសែតកាលពីល្ងាចថ្ងៃទី ០៧ កុម្ភៈនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៃពិធីប្រគល់-ទទួលវ៉ាក់សាំង Sinopharm ពីរដ្ឋាភិបាលចិននោះ គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នឹងរៀបចំកម្មវិធីចាក់វ៉ាក់សាំង Sinopharm សម្រាប់បង្ការជំងឺកូវីដ ១០ សម្រាប់បងប្អូនឥស្សរជនជាន់ខ្ពស់និងអ្នកសារព័ត៌មានអាយុចាប់ពី ១៨ ឆ្នាំដល់ ៥៩ ឆ្នាំនៅទីតាំងសំខាន់ចំនួន ៤ កន្លែងនាថ្ងៃទី ១០ ខែកុម្ភៈ តាមរយៈយន្តការ «ការស្ម័គ្រចិត្ត» ។


ទីតាំងទាំង ៤ សម្រាប់ចាក់វ៉ាក់សាំង Sinopharm របស់ចិនគឺ៖ ១- មន្ទីរពេទ្យកាល់ម៉ែត ៖ សម្រាប់ឥស្សរជនជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិកាឆរ ឬមានឋានៈស្មើ ២ – មន្ទីរពេទ្យព្រះអង្គឌួង ៖ សម្រាប់ឥស្សរជនជាអនុរដ្ឋលេខធិការ ឬមានឋានៈស្មើ ៣- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ៖ សម្រាប់ឥស្សរជនជាអភិបាលនៃគណៈអភិបាលរាជាធានី-ខេត្ត ៤- មន្ទីរពេទ្យកុមារជាតិ ៖ សម្រាប់អ្នកសារព័ត៌មាន សូមរម្លឹកថា សម្តេចតេជោ ហ៊ុន សែន បានប្រកាស យល់ព្រមឲ្យកូនប្រុសទាំង ៣នាក់ របស់សម្តេច រួមទាំងកូនប្រសារ និងកូនអ្នកធំៗទាំងអស់ ព្រមទាំងរដ្ឋមន្ត្រីអាយុក្រោម ៥៩ឆ្នាំ ត្រូវចាក់វ៉ាក់សាំងកូវីដ១៩ របស់ចិន ស៊ីណូ ហ្វាម មុនគេ។

ការធ្វើដូច្នេះ ដើម្បីបង្កើនទំនុកចិត្តដល់មហាជន ខណៈដែលសម្តេច និងរដ្ឋមន្ត្រីមួយចំនួន អាយុលើសពី ៥៩ឆ្នាំ ដែលមិនអាចចាក់វ៉ាក់សាំងរបស់ចិននេះបាន។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យសម្តេច ទៀ បាញ់ រៀបចំឲ្យឧត្តមសេនីយ៍ អាយុ ក្រោម ៥៩ឆ្នាំ មកចាក់វ៉ាក់សាំងកូវីដ១៩ ផងដែរ ។ សូមបញ្ជាក់ថា វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន៦០ម៉ឺនដូស (នៃជំនួយវ៉ាក់សាំងសរុប១លាដូស) មានឈ្មោះថាស៊ីណូហ្វាម (Sinopharm) ដែលផលិតដោយសាធារណរដ្ឋប្រជាមានិតចិនបានដឹកដាក់យន្តហោះយោធាចិនមកដល់កម្ពុជានៅវេលាម៉ោង៤រសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ បានបង្ហាញកាន់រឹងមាំពីមិត្តភាពដែកថែបបន្ថែមទៀតរវាងមិត្តភាពកម្ពុជា-ចិន៕


អត្ថបទសរសេរ ដោយ

កែសម្រួលដោយ