រាជធានីភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសក្នុងសន្និសីទកាសែត នៅល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសុខាភិបាលថា ការចាក់វ៉ាក់សាំង គឺធ្វើឡើងតាមការស្ម័គ្រចិត្ត ហើយមានការពិនិត្យសុខភាពត្រឹមត្រូវដោយក្រុមគ្រូពេទ្យនៅពេលលោកអ្នកបានចុះឈ្មោះ និងបានទៅចាក់វ៉ាក់សាំងដែលនឹងចាប់ផ្តើមពីថ្ងៃទី ១០ ខែកុម្ភៈនេះតទៅ ។
លោកស្រី ឱ វណ្ណឌីន បានថ្លែងបញ្ជាក់ថា ក្រោយការពិនិត្យសុខភាពដិតដល់និងត្រូវបានអនុញ្ញាតិឲ្យចាក់វ៉ាក់សាំងហើយនោះ គឺក្រោយចាក់វ៉ាក់សាំងកូវីដ១៩ហើយភ្លាម លោកអ្នកនឹងត្រូវតម្រូវឲ្យអង្គុយចាំ៣០នាទីសិន ដើម្បីពេទ្យតាមដានមើលថា បងប្អូនមានប្រតិកម្ម ឬមានអ្វីដែរឬអត់ ក្រោយចាក់វ៉ាក់សាំងបានកន្លះម៉ោង» ។

ជាមួយគ្នានោះផងដែរ លោកស្រីបានបញ្ជាក់ថា ថ្ងៃទី ១៤ ក្រោយការចាក់វ៉ាក់សាំងលើកទី១ ហើយនោះ អ្នកនឹងត្រូវមកចាក់លើកទី២ គឺគ្រប់ ២ ដូស ដែលធ្វើឲ្យសរីរាង្គអាចបង្កើតបានអង្គបដិបក្ស អង្គការពាររបស់គាត់ នឹងអាចវាយបំបាក់កូវីដ ១៩ ។
យ៉ាងណាមិញ លោកស្រីអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាស វ៉ាក់សាំងកូវីដ១៩ ឈ្មោះថា Sinopharm ដែលជាជំនួយរបស់មហាមិត្តចិន ចំនួន ៣០ម៉ឺនដូស ដែលជាចំណែករបស់ក្រសួងសុខាភិបាល គឺអាចនឹងមានការខាតបង់កម្រិត ១៥ ទៅ ២០% នៅពេលចាក់ ដូចជាការជួបនៅយថាហេតុណាមួយនោះ ដូចជាការដឹកជញ្ជូនមក វ៉ាក់សាំងមានការបែកបាក់ ឬពេលបូមវ៉ាក់សាំងអាចនឹងធ្លាក់បែកសេរ៉ាំង ជាដើម។ ដូច្នេះនៅពេលចាក់លើកទី១ យើងនៅសល់តែ ១៤៩៥០០នាក់ប៉ុណ្ណោះ មិនមែន ១៥ម៉ឺននាក់នោះទេ ហើយការចាក់នឹងមានចម្លោះចន្លោះពី ១៤ ទៅ ២៨ថ្ងៃ នឹងត្រូវចាក់លើកទី២ ៕
ចែករំលែកព័តមាននេះ