រាជធានីភ្នំពេញ ៖ នាយប់ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ មន្ដ្រីសមត្ថកិច្ចកាំកុងត្រូល សហការជាមួយ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូល បង្គាមានចាក់បញ្ជូលចាហ៊ួយបន្ថែម សរុបជាង៦តោន ដឹកតាមរថយន្ដ២គ្រឿង ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការចង្អុលបង្ហាញពីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ និងដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. សហការជាមួយកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការផងដែរ ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តមួយគ្រឿង ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន នៅតាមបណ្តោយផ្លូវជាតិលេខ៣ ម្តុំទំនប់៧មករា និងរថយន្តមួយគ្រឿងទៀត ត្រូវបានស្ទាក់ចាប់ នៅម្តុំទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក តែម្តង ។
ភ្លាមៗ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើតេស្តបឋម លើបង្គាក្លាស្សេដែលមានផ្ទុកក្នុងរថយន្តទាំង២គ្រឿងខាងលើ នឹងបានរកឃើញមានការចាក់បញ្ជូលបន្ថែមចាហ៊ួយ ពិតប្រាកដមែន ។
តាមការអះអាងបឋមពីអ្នកបើកបររថយន្តដឹកទំនិញទាំង២គ្រឿងនេះ បានប្រាប់ថា បង្គាក្លាស្សេ សរុប៣០៧កេស បរិមាណប្រហែលជាង៦តោន មានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាក ព្រំដែនកម្ពុជា-វៀតណាម និងពុំមានឯកសារភ្ជាប់មកជាមួយទេ ។
ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រថយន្ត និងវត្ថុតាង ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់ ។
អគ្គនាយកដ្ឋាន ក.ប.ប. បានអះអាងថា មន្ដ្រីជំនាញ នឹងបន្តស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តតួនាទីភារកិច្ច ដែលច្បាប់បានផ្តល់អាណត្តិឲ្យពាក់ព័ន្ធ នឹងគុណភាព សុវត្ថិភាព ទំនិញ និងសេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ និងសូមអំពាវនាដល់ប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មានក្នុងករណីមានការសង្ស័យពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវា ។
បើតាមការចុះផ្សាយរពីផេកអគ្គនាយកដ្ឋាន ក.ប.ប.នៃក្រសួងពាណិជ្ជកម្ម ក៏ដូចផេកហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនបានបង្ហាញពីចំណាត់របស់សមត្ថកិច្ច លើអ្នកនាំចូល និងអ្នកពាក់ព័ន្ធ នោះឡើយ ៕




ចែករំលែកព័តមាននេះ