រាជធានីភ្នំពេញ ៖ យោងតាមលទ្ធផលនៃរបាយការណ៍អង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ ដែលនឹងធ្វើការផ្សព្វផ្សាយជាផ្លូវការនៅថ្ងៃស្អែកនេះបានបង្ហាញឲ្យឃើញថា ៣១ភាគរយ នៃការកាន់កាប់កសិកម្មគ្រួសារបានរាយការណ៍ថា ប្រាក់ចំណូលពីវិស័យកសិកម្មគឺទាបជាងឆ្នាំមុន។
សេចក្តីប្រកាសព័ត៌មានរួមស្តីពីការផ្សព្វផ្សាយលទ្ធផលនៃរបាយការណ៍អង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ ចុះថ្ងៃទី ៥ ខែកុម្ភៈបានឲ្យដឹងថា នៅថ្ងៃទី0៩ ខែកុម្ភៈ ឆ្នាំ២០២១ វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការសហការណ៍ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានការគាំទ្រពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) នឹងរៀបចំសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍អង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ (CIAS 2019)។

ការធ្វើអង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ នេះ គឺជាការអង្កេតទ្រង់ទ្រាយធំលើកទីមួយនៅកម្ពុជា បន្ទាប់ពីការធ្វើជំរឿនកសិកម្មនៅឆ្នាំ២០១៣។ អង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ ធ្វើឡើងក្រោមការជួយឧបត្ថមពីរាជរដ្ឋាភិបាល ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) អង្គការ FAO និង មូលនិធិបៀល និងមីលីនដាហ្គេត (Bill and Melinda Gates)។
អង្កេតចន្លោះជំរឿនកសិកម្មឆ្នាំ២០១៩ បានប្រមូលព័ត៌មានស្តីពីការដាំដុះដំណាំ ការចិញ្ចឹមបសុសត្វ បសុបក្សី វារីវប្បកម្ម និងនេសាទ។ ការអង្កេតនេះបានប្រើវិធីសាស្ត្រស្ថិតិ ដើម្បីជ្រើសរើសសំណាកគំរូតំណាងមណ្ឌលអង្កេតនៅទូទាំងប្រទេសកម្ពុជា ពីក្របខ័ណ្ឌបញ្ជីនៃជំរឿនកសិកម្មឆ្នាំ២០១៣ ។ ការប្រមូលទិន្នន័យត្រូវបានធ្វើឡើងនៅចន្លោះខែកក្កដា និងខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមន្ត្រីរដ្ឋាភិបាលជាង ៤០០នាក់ មកពីវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការសម្ភាសន៍ ជាង ១៦,០០០គ្រួសារ ត្រូវបានធ្វើឡើងជាមួយនឹងការកាន់កាប់កសិកម្មលក្ខណៈគ្រួសារ និងសហគ្រាសកសិកម្មខ្នាតធំ (មិនមែនគ្រួសារ) ។
ប្រភពដដែលបានឲ្យដឹងទៀតថា អង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩ បានប៉ាន់ប្រមាណថា មានផ្ទៃដីកសិកម្មសរុបចំនួន ១.៧២៦.០០០ គ្រួសារ នៅក្នុងប្រទេសកម្ពុជា ឬស្មើនឹង ៥០ភាគរយ នៃគ្រួសារទាំងអស់នៅក្នុងប្រទេស (៣,៤៣៨,០០០ គ្រួសារតាមការអង្កេតសេដ្ឋកិច្ចសង្គមកម្ពុជា ២០១៧) ។ សកម្មភាពដំណាំត្រូវបានរាយការណ៍ថាមានចំនួន ៨៨ភាគរយនៃការកាន់កាប់កសិកម្មគ្រួសារទាំងអស់នៅក្នុងប្រទេសកម្ពុជានិង ៧៥ភាគរយ នៃការកាន់កាប់កសិកម្មលក្ខណៈគ្រួសារបានរាយការណ៍ពីការចិញ្ចឹមបសុសត្វបសុបក្សី ឬសត្វល្អិត។
ប្រកាសព័ត៌មានរួមដដែលបានបន្តថា «គ្រួសារកាន់កាប់កសិកម្មចំនួន ២៣៤.០០០ គ្រួសារ បានចូលរួមក្នុងសកម្មភាពនេសាទ ដោយមាន ៦៣ភាគរយ នៃអ្នកកាន់កាប់បានរាយការណ៍ពីផលនេសាទរបស់ពួកគេ គឺទាបជាងឆ្នាំមុន ហើយមានតែ ៩ភាគរយ ប៉ុណ្ណោះដែលរាយការណ៍ថា បានផលច្រើនជាងឆ្នាំមុន។ ការអង្កេតនេះបានវាយតម្លៃថា ៣១ភាគរយ នៃការកាន់កាប់កសិកម្មគ្រួសារបានរាយការណ៍ថាប្រាក់ចំណូលពីវិស័យកសិកម្មគឺទាបជាងឆ្នាំមុន» ។

អ្នកកាន់កាប់កសិកម្មគ្រួសារ ក៏ត្រូវបានស្នើ ឲ្យធ្វើការប៉ាន់ស្មានពីចំណែកនៃប្រាក់ចំណូលដែលបានមកពីសកម្មភាពកសិកម្ម នៅក្នុងប្រាក់ចំណូលសរុបរបស់គ្រួសារពួកគេផងដែរ។
ប្រមាណ ៣២ភាគរយ នៃអ្នកកាន់កាប់កសិកម្មគ្រួសារ បានរាយការណ៍ថា ចំណូលពាក់កណ្តាលរបស់ពួកគាត់បានមកពីសកម្មភាពកសិកម្ម ហើយប្រមាណ ១៧ភាគរយ មានចំណូលស្ទើរតែទាំងអស់ក្នុងគ្រួសារបានមកពីសកម្មភាពកសិកម្ម និងប្រមាណ ៤ភាគរយ បានរាយការណ៍ ថាប្រាក់ចំណូលគ្រួសារសរុបទាំងអស់របស់ពួកគេគឺទទួលបានពីសកម្មភាពកសិកម្ម។
ប្រភពដដែលបានបន្ថែមថា ប្រមាណ ៣២ភាគរយ នៃអ្នកកាន់កាប់កសិកម្មគ្រូសារ បានរាយការណ៍ថា ចំណូលពាក់កណ្តាលរបស់ពួកគាត់បានមកពីសកម្មភាពកសិកម្ម ហើយប្រមាណ ១៧ភាគរយ មានចំណូលស្ទើរតែទាំងអស់ក្នុងគ្រួសារបានមកពីសកម្មភាពកសិកម្ម និងប្រមាណ ៤ភាគរយ បានរាយការណ៍ ថាប្រាក់ចំណូលគ្រួសារសរុបទាំងអស់របស់ពួកគេគឺទទួលបានពីសកម្មភាពកសិកម្ម។
លោក Alexandre Huyn តំណាងអង្គការ FAO ប្រចាំនៅកម្ពុជាបានសង្កត់ធ្ងន់ថា «អង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ២០១៩ ជួយបញ្ចប់នូវគំលាតទិន្នន័យកសិកម្ម ព្រមទាំងរួមចំណែកដល់ការធ្វើផែនការ ការរៀបចំហិរញ្ញប្បទាន និងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍កសិកម្មនានាប្រកបដោយប្រសិទ្ធភាពផងដែរ។ ការដែលមានទិន្នន័យទាន់ពេលវេលា និងមានគុណភាព នឹងគាំទ្រដល់រដ្ឋាភិបាលកម្ពុជាក្នុងការធានានូវសន្តិសុខស្បៀង និងកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចពីជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតពេញពិភពលោក» ។
ដោយសារតែទិន្នន័យរបស់អង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ ២០១៩ ត្រូវបានប្រមូលមុនពេលមានការផ្ធុះឡើងនូវ ជំងឺរាតត្បាតកូវីដ១៩ ដូច្នេះវាអាចចាត់ទុកថា ជាទិន្នន័យមូលដ្ឋាន (baseline) ដែលមានសក្តានុពលក្នុងការប្រៀបធៀបជាមួយការអង្កេតកសិកម្មប្រចាំឆ្នាំនៅតំណាក់កាលបន្តបន្ទាប់ទៀត និងបង្កើតបាននូវការវាយតម្លៃលម្អិតអំពីផលប៉ះពាល់ជំងឺកូវីដ១៩ លើវិស័យកសិកម្មនៅកម្ពុជា។
លោកស្រី Veena Reddy នាយិកាបេសកកម្មនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID ប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា «ទិន្នន័យថ្នាក់ជាតិដ៏ចាំបាច់នេះនឹងផ្តល់នូវព័ត៌មានសំខាន់ៗដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំគោលនយោបាយប្រកបដោយតម្លាភាព» ។
លោកស្រីបានបន្ថែមថា «ទិន្នន័យទាំងនេះ នឹងផ្តល់នូវព័ត៌មានគន្លឹះសំដៅដល់ការអភិវឌ្ឍវិស័យកសិកម្ម ការកាត់បន្ថយភាពក្រីក្រ ជំរុញកំណើនសេដ្ឋកិច្ចជាតិ និងធ្វើឱ្យកម្ពុជាមានភាពរុងរឿងប្រកបដោយនិរន្តរភាព» ៕
ចែករំលែកព័តមាននេះ