ខេត្តសៀមរាប ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គ្រោងនឹងពន្លឿនការសាងសង់ឲ្យបាន៦៧% និងបញ្ចប់ការសាងសង់ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាននាពាក់កណ្តាលខែមីនា ឆ្នាំ២០២៣ ខាងមុខ ។

អ្នកជំនាញនៃក្រុមការងារចិន ដែលកំពុងប្រតិបត្តិការនៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាប- អង្គរ បានឲ្យដឹងថា តាមផែនការសម្រាប់ឆ្នាំ២០២១នេះ ការសាងសង់គម្រោងទាំងមូលគ្រោងនឹងសម្រេចឲ្យបានប្រមាណជា៦៧% ដែលនៅក្នុងនោះ ការសាងសង់ស្ថានីយអ្នកដំណើរគ្រោងនឹងសម្រេចឲ្យបាន៧៨% ការកសាងតំបន់ហោះហើរគ្រោងនឹងសម្រេចឲ្យបាន៤៥% និងសំណង់ហេដ្ឋារចនាសម្ព័ន្ធទូទៅរបស់អាកាសយាដ្ឋានគ្រោងនឹងសម្រេចឲ្យបាន៥០% ។

បើតាមការឲ្យដឹងពីអ្នកជំនាញចិនមួយរូប បានឧទ្ទេសនាមជូនប្រតិភូរដ្ឋ បាលខេត្តសៀមរាប ដែលដឹកនាំដោយអភិបាលខេត្តផ្ទាល់គឺ (លោក ទៀ សីហា) នាថ្ងៃ សៅរិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងដំណើរទស្សនកិច្ចស្វែងយល់ អំពីវឌ្ឍនភាពនៃការដ្ឋានសំណង់ទាំងនោះ ។ នៅក្នុងបទបង្ហាញនោះដែរ បានរំលឹកឲ្យដឹងដែរថា ការដ្ឋានសាងសង់ស្ថានីយ៍អ្នកដំណើរដែលចាប់ផ្តើមដំណើរការនាពាក់កណ្តាលខែមិនា មកដល់ចុងឆ្នាំ ២០២០ គឺសម្រេចបាន១៥% ជាមួយនេះសំណង់តំបន់ហោះហើរដែលចាប់ផ្តើមការដ្ឋាន នាពាក់កណ្តាលខែតុលា មក ដល់ចុងឆ្នាំ២០២០ដូចគ្នា សម្រេចបានប្រមាណជា១០%។

ទីតាំងការដ្ឋាននេះ ស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ដែលមានចម្ងាយប្រមាណជា៥១គីឡូមែត្រពីក្រុងសៀមរាប និង ប្រហែល ជា៤០ គីឡូម៉ែត្រពីប្រាសាទអង្គវត្ត ដែលធានាបានថា ការហោះហើរនិងចុះចត មិនមាន ផលអវិជ្ជមាននៃប្រតិបត្តិការរបស់អាកាស យានដ្ឋាន ចំពោះប្រាសាទអង្គវត្ត និងសំណង់ស្ថាបត្យកម្មជុំវិញនោះឡើយ។ម្យ៉ាងទៀត ការសាង សង់អាកាសយានដ្ឋាននេះ ក៏រក្សានូវបរិស្ថានធម្មជាតិទៀត ផង ។

ការសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាបនេះ គ្រោងនឹងបញ្ចប់ ដោយឆ្លងកាត់ការត្រួតពិនិត្យរបស់ក្រុមបច្ចេកទេសនិងអង្គភាពជំនាញ ឈានទៅបំពេញលក្ខខណ្ឌប្រតិបត្តិការរបស់អាកាសយានដ្ឋាន នាពាក់កណ្តាលខែមិនា ឆ្នាំ២០២៣ គឺមានរយៈពេលសារុប៣៦ខែ បើគិតចាប់ពីថ្ងៃបើកការដ្ឋាន ពាក់កណ្តាលខែមិនា ឆ្នាំ២០២០ ។

អាកាសយានដ្ឋានថ្មីនេះ ស្ថិតក្នុងលំដាប់4E មានផ្លូវរត់ប្រវែង ៣ពាន់ ៦០០ម៉ែត្រ ទទឹង ៤៥ម៉ែត្រ មាន៣៨ ចំណតយន្តហោះ និង មានក្រឡាផ្ទៃស្ថានីយ៍អ្នកដំណើរជាង៨ម៉ឺនម៉ែត្រក្រឡា ដែលអាចទទួលអ្នកដំណើរជាប្រចាំឆ្នាំប្រមាណជាង៧លាននាក់ ។ អាកាសយានដ្ឋានអន្តរជាតិខ្នាតដ៏ធំមួយនេះដែរ ត្រូវបានស្ថិតក្រោកកិច្ចព្រមព្រៀង BOT រយៈពេល៥៥ឆ្នាំ ដែលក្រោយពេលប្រតិបត្តិការត្រូវបានបញ្ចប់ គម្រោងនេះនឹងត្រូវប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា ។

ក្នុងនោះអ្នកជំនាញក៏បានសំណូមពរដល់រដ្ឋបាលខេត្ត ក្នុងកិច្ចសហការជា មួយក្រុមហ៊ុន ក្នុងការជួយសម្រួលនូវបណ្តាញចរន្តអគ្គិសនី ដើម្បីបំពេញតម្រូវការក្នុងការប្រើបាស់ឲ្យបានគ្រប់គ្រាន់ នៅ ក្នុងបរិវេណអាកាសយានដ្ឋាននៅពេលបើក ដាក់ឲ្យដំណើរការហោះហើរ និង តភ្ជាប់បណ្តាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ប្រើ ប្រាស់នៅអាកាសយានដ្ឋាននេះ និង តភ្ជាប់ប្រព័ន្ធ អ៊ិនធើណែត ព្រមទាំងសុំជួយធ្វើការសម្របសម្រួលការធ្វើបណ្ណ័កម្មសិទ្ធដីផ្លូវចូលមកព្រលាន ដើម្បីធ្វើរបងការពារសុវត្ថិភាពទៀតផង ។

លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានមាន ប្រសាសន៍ថា ការសាងសង់អាកាសយានដ្ឋាននេះ គឺជាការរួមចំណែកសម្រាប់អនាគតថ្មីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវ៉ៃ និងជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏សំខាន់ រវាងកម្ពុជានិងចិន ហើយក៏ជាសក្ខីភាពមួយដែរ បញ្ជាក់អំពីការខិតខំប្រឹងប្រែងយ៉ាងសកម្មនៃប្រទែសទាំងពីរ ជម្រុញកិច្ចដំណើរការគម្រោងខ្សែក្រវ៉ាត់ំមួយផ្លូវមួយ ជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិ បាលកម្ពុជា។

ក្នុងនោះដែរ លោក អភិបាលខេត្ត ក៏បានលើក ផងដែរថា រដ្ឋបាលខេត្តត្រៀមលក្ខណៈក្នុងការសម្របសម្រួល និង កិច្ចសហប្រតិបត្តិការ ទៅតាមរាល់សំណូមពររបស់ក្រុមហ៊ុន ដែលបានលើកឡើង ។ លោកក៏បានបញ្ជាក់ផងដែរថា រាល់សំណូមពរនេះដែរ ក៏យើងទាមទាឲ្យមន្ទីរ អង្គភាពជំនាញ ចុះមកធ្វើការសិក្សា ជាមុន ដើម្បីក្នុងការធានាឲ្យបានទៅតម្រូវការចាំបាច់ ប្រើប្រាស់នៅក្នុងអាកាសយានដ្ឋាន និង ធ្វើការជម្រុញដល់គណៈកម្មការ និង មន្ទីរជំនាញ ចុះធ្វើការពិនិត្យ និង កំណត់ព្រំដីឲ្យបានច្បាស់ លាស់ជាមុនផងដែរ ៕
ចែករំលែកព័តមាននេះ