ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យចូលឆ្នាំ​! ការ​លក់​ចេកពងមាន់​ឡើង​ថ្លៃ​បន្តិច ចាប់ពី​៤​ពាន់​ទៅ​ជាង​៤​ពាន់​​រៀល

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ គេ​សង្កេត​ឃើញ​ប្រជា​កសិករ​ម្នាក់ ឈ្មោះ ហ៊ឹ​ម នេត្រា ហៅ​ពេទ្យ…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២១ គេ​សង្កេត​ឃើញ​ប្រជា​កសិករ​ម្នាក់ ឈ្មោះ ហ៊ឹ​ម នេត្រា ហៅ​ពេទ្យ អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន បាន​ប្រកប​មុខរបរ​ដាំ​ដើម​ចេកពងមាន់​ចំនួន​១៣​ហិ​កតា តាំងពី​ឆ្នាំ​២០១៨ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គាត់​បាន​ទទួលផល​កាត់​លក់​ជា​រៀង​រាល់​១​អាទិត្យ​ម្តង ហើយ​បាន​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​ផង​ដែរ ។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់​ចម្ការ​ខាងលើ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ ការ​ដាំចេក​ពងមាន់​នៅ​ក្នុង​ចំការ​របស់​ខ្លួន​ដែល​មាន​ទំហំ​ប្រមាណ​១៣​ហិ​កតា​នេះ គឺ​មាន​គម្លាត​ពី​គ្នា​ប្រវែង​៣​ម៉ែត្រ​បួន​ជ្រុង ដាំ​ចំនួន​៨​គុម្ព ហើយ​ផ្ទៃដី​ចំនួន​១៣​ហិ​កតា ហើយ​គាត់​ដាំ​បាន​សរុប​ចំនួន​២៩០០០​គុម្ព ។

លោក​បន្ត​ទៀត​ថា ការ​ដាំចេក​ពងមាន់​នេះ គឺ​សុំ​ពូជ​ពី​គេ ដោយ​ដំបូង​មាន​ត្រឹមតែ​៤​គុម្ព​ប៉ុណ្ណោះ លុះ​ក្រោយមក​ក៏​ចេះ​តែ​ពង្រីក​បន្ថែម រហូត​ដល់​អាច​ដាំ​បាន​ច្រើន​គុម្ព​តែ​ម្តង ។ ចំពោះ​ការ​ប្រមូល​ផល​ផ្លែ​ចេក​នេះ​វិញ គឺ​គាត់​លក់​១​គីឡូក្រាម​តម្លៃ​ចាប់​៣០០០​រៀល ទៅ​៣៥០០​រៀល តែបើ​នៅ​រដូវ​បុណ្យ​ទាន​វិញ ដូច​ជា​ចូល​ឆ្នាំ​ចិន​ជាដើម ការ​លក់ដូរ​របស់​គាត់​ឡើងថ្លៃ​បន្តិច ដោយ​១​គីឡូ​ក្រាម ចាប់ពី​៤០០០​រៀល​ទៅ​៤៥០០​រៀល ។

ម្យ៉ាងវិញទៀត ការ​ប្រមូល​ផល​ចេកពងមាន់​នេះ សរុប​ក្នុង​១​ខែ គឺ​អាច​កាត់​យក​ទៅ​លក់ដូរ​ប្រហែល​៨​ទៅ​៩​តោន ដោយ​គាត់​ដឹក​ទៅ​ខ្លួនឯង យក​ទៅ​លក់ដូរ​នៅ​តូប ដែល​ជួល​នៅ​ក្នុង​ផ្សារ​ប៉ុ​ម​ពុ​យ ខេត្តបាត់ដំបង ។

ចំណែក​ការ​លក់ដូរ​ចេក​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​វិញ អត់​សូវ​មាន​ទីផ្សារ​នោះ​ទេ ព្រោះ​ប្រជាពលរដ្ឋ​ទទួល​ទិញ​ត្រឹមតែ​២០០ ទៅ​៣០០​គីឡូក្រាម​ប៉ុណ្ណោះ ក្នុង​១​ខែ​ប៉ុណ្ណោះ ។ ដូច្នេះ ដោយសារ​តែ​ចេក​របស់​ខ្លួន​មាន​ច្រើន ទើប​សុខចិត្ត​កាត់​ដឹក​យក​ទៅ​លក់ដូរ​នៅ​ខេត្តបាត់ដំបង​វិញ​។

លោក​បញ្ជាក់​ទៀត​ថា មិន​ត្រឹមតែ​ប៉ុណ្ណោះ ចេក​របស់​គាត់​ក៏​មាន​ជនជាតិ​ថៃ ចូល​មក​កុម្ម​ង់​ទិញ វេច​ខ្ចប់ ដោយ​យក​ទៅ​លក់​បន្ត​នៅ​ប្រទេស​ចិន លុះ​ជាប់​គាំង​នឹង​បញ្ហា​វិបត្តិ​កូ​វី​ដ​១៩ ក៏​ផ្អាក ដោយ​មាន​តែ​ទីផ្សារ​ខ្មែរ​ប៉ុណ្ណោះ ។ ចេក​របស់​គាត់ មានការ​ខ្ចប់​ច្រក​ថង់​ទាំង​ស្ទង​តាំងពី​ចេក​នៅ​ខ្ចី ដើម្បី​ឱ្យ​ពណ៌​សម្បុរ​ថ្លា​ល្អ ងាយស្រួល​ក្នុង​ការ​លក់ដូរ ។ លោក​ក៏​សូម​ថ្លែងអំណរគុណ​ដល់​មន្ទីរ​កសិ​កម្ម​ខេត្ត​ប៉ៃលិន ដែល​បាន​ចំណាយ​ពេលវេលា​ចុះ​ទៅ​ដល់​ចំការ​ផ្ទាល់ ដើម្បី​ជួយ​ពន្យល់​ពី​របៀប​ដាំ របៀប​ថែទាំ​ចេកពងមាន់​របស់​ខ្លួន​ឱ្យ​បាន​ល្អ​ប្រសើរ​ផង​ដែរ ។

ចំណែក​លោក សាយ សុ​ផាត ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន បាន​បញ្ជាក់​បន្ថែម​ដែរ​ថា ៖ នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន មានការ​ដាំ​ដំណាំ​ជា​រួម​ជាង​៧០០០០​ហិ​កតា ក្នុង​នោះ​មាន​ដំណាំ​ពោតក្រហម ដំឡូង​មី តា​ង៉ែ​ន ហៅ​មៀន​ប៉ៃលិន ស្វាយកែវ​រមៀត និង​ដំណាំ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។ តែ​ក៏​មាន​ប្រជា​កសិករ​ដាំចេក​ពងមាន់​ចំនួន​៣​កន្លែង​ប៉ុណ្ណោះ​នៅ​ទូ​ទាំង​ខេត្ត​ប៉ៃលិន​នេះ ។

លោក​បន្ត​ទៀត​ថា ខាង​មន្ទីរ​កសិកម្ម​ខេត្ត ក៏​មានការ​បង្ហាត់​ប​ង្រ​ន ដល់​កសិករ​ឱ្យ​យល់​ដឹង​ពី​របៀប​ថែទាំ និង​នាំ​ក្រុមហ៊ុន​ពី​ខាងក្រៅ​ឱ្យ​ចូល​មក​ទាក់ទង ដើម្បី​ទិញ​ចេក​យក​ទៅ​លក់ដូរ​នៅ​ប្រទេស​ថៃ​ផង​ដែរ ។

ជាក់ស្តែង​នៅ​ក្នុង​ចំការ​របស់​កសិករ​ម្នាក់​ឈ្មោះ ហ៊ឹ​ម នេត្រា ហៅ​ពេទ្យ ដែល​បាន​ផលិត​ចេក​ពងមាន់​លក់​ក្នុង​១​អាទិត្យ ទទួលផល​បាន​ចាប់ពី​១​តោន​ទៅ​១.៥​តោន ដំបូង​ចំណាយ​ដើមទុន​ដាំ​ក្នុង​១​ហិ​កតា ប្រហែល​៤០០០​ដុល្លារ ដោយ​រហូត​មក​ដល់​ពេល​នេះ គាត់​អាច​ទទួល​បាន​ផល​ជា​ប្រាក់​ចំណេញ​គួរ​ឱ្យ​កត់សម្គាល់ ដោយ​គាត់​អាច​ផលិត​លក់​នៅ​ក្នុង​ខេត្ត​ប៉ៃលិន និង​លក់ដូរ​រហូត​ដល់​ខេត្តបាត់ដំបង​ផង​ដែរ ។

លោក​បន្ត​ទៀត​ថា ខាង​មន្ទីរ​ក៏​បាន​នាំ​យក​នូវ​ថ្នាំ​កសិកម្ម​មួយ​ចំនួន ដើម្បី​ឱ្យ​ម្ចាស់​ចំការ​បាញ់ ស្រោច ទៅ​លើ​ដំណាំ​ចេក សម្រាប់​ការពារ និង​កំចាត់​សត្វល្អិត កុំឱ្យ​ស៊ី​បំផ្លាញ​ផ្លែ​ចេក ហើយ​គោលបំណង​របស់​មន្ទីរ​កសិកម្ម គឺ​ចង់ឱ្យ​ម្ចាស់​ចំការ​ខាងលើ និង ប្រជាពលរដ្ឋ​ពង្រីក​ការ​ដាំ​ដុះ​ដំណាំ​ចេក​ឱ្យ​កាន់តែ​ច្រើន តាម​ស្តង់ដា ដើម្បី​នាំ​ចេញ​ទៅ​លក់ដូរ​នៅ​ក្រៅប្រទេស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ