ខេត្តមណ្ឌលគិរី ៖ ជ្រូកកណ្ដុរដែលគេស្គាល់ថាជាពូជជ្រូករបស់ជនជាតិដើមភាគតិចចិញ្ចឹម កំពុងទទួលបានការពេញនិយមយកទៅអាំងទទួលទានជាខ្លាំង ខណៈដែលខេត្តមណ្ឌលគិរីបានទាក់ ទាញអ្នកទេសចរមកកម្សាន្តកាន់តែកើនច្រើនឡើងពី១ឆ្នាំទៅ១ឆ្នាំ ហើយពួកគាត់បានភ្លក្សរសជាតិជ្រូកកណ្ដុរ ដែលធ្វើឲ្យជាប់ចិត្តមានការបញ្ជាទិញនាំទៅរាជធានីភ្នំពេញជារៀងរាល់ថ្ងៃ ។

លោក ចាន់ ម៉ារី ជាអាជីវករលក់និងទទួលខ្វៃជ្រូកនៅក្រុងសែនមនោរម្យ បានឲ្យដឹងថា ជ្រូកកណ្ដុរ និងជ្រូកព្រៃកាត់ជ្រូកកណ្ដុរ ដែលលោកចិញ្ចឹមគឺខុសពីជ្រូកស្រុកធម្មតា ព្រោះជ្រូកប្រភេទនេះចិញ្ចឹមមិនងាយធំទេ ៣ខែបានទម្ងន់ខ្ទង់១០ទៅជាង១០គីឡូក្រាមតិចតួច និងអស់ធំត្រឹម៥០គីឡូក្រាមប៉ុណ្ណោះ ។
លោកថា ជ្រូកកណ្ដុរ និងជ្រូកព្រៃកាត់ជ្រូកកណ្ដុរខុសគ្នា ត្រង់ជ្រូកកណ្ដុរមានខ្លាញ់តិចតួច ចំណែកកាត់ជ្រូកព្រៃមិនមានខ្លាញ់ទេ ហើយប្រភេទជ្រូកព្រៃកាត់ជ្រូកកណ្ដុរ គឺមានការពេញនិយម ជាងជ្រូកកណ្ដុរទៅទៀត ដែលបច្ចុប្បន្នលោកនៅសល់ជ្រូកប្រមាណ៧០ក្បាលប៉ុណ្ណោះ ។ ប្រសិនបើមិនមានទុកពូជចិញ្ចឹមបន្តទេ ច្បាស់ជាដាច់ពូជហើយ ព្រោះចិញ្ចឹមមិនទាន់តម្រូវការទីផ្សារ ។

លោក ចាន់ ម៉ារី បន្ថែមថា ជ្រូកពីរប្រភេទដែលលោកចិញ្ចឹមនេះអាចលក់បាន៣ទៅ៤ក្បាលរៀងរាល់ថ្ងៃ ចំណែកថ្ងៃចុងសប្ដាហ៍លក់បានដល់១០ក្បាល ក្នុងតម្លៃចន្លោះពីជាង៥០ម៉ឺនទៅជាង៧០ម៉ឺនរៀល តាមតូចឬធំ និងជាតម្លៃ ដែលខ្វៃរួចហើយ ។ លោកបញ្ជាក់ថា លោកបានចិញ្ចឹមជ្រូកកណ្ដុរប្រហែល៤ឆ្នាំហើយ ប៉ុន្តែលក់ដាច់ខ្លាំងនៅក្នុងឆ្នាំ ២០២០ និងឆ្នាំ២០២១នេះ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមណ្ឌលគិរី លោក សុង ឃាង បានថ្លែងថា ជ្រូកកណ្ដុរ ឬជ្រូកព្រៃកាត់ជ្រូកកណ្ដុរនេះ កំពុងមានការពេញនិយមណាស់ដោយអ្នកទេសចរចូលចិត្តទិញយកទៅពិសា ប៉ុន្តែខេត្តមណ្ឌលគិរី មិនទាន់មានការចិញ្ចឹមខ្នាតជាកសិដ្ឋាននៅឡើយទេ មានត្រឹមលក្ខណៈគ្រួសារប៉ុណ្ណោះ តែបើផ្អែកលើតម្រូវការកាន់តែកើនឡើងនិងទាមទារឱ្យមានការបង្កើតផ្សារកសិដ្ឋាននៅពេលខាងមុខ ៕



 
                        
			         
				
ចែករំលែកព័តមាននេះ